ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​អចលនទ្រព្យ​បន្ដ​ក្រើនរំលឹក​ឱ្យ​ប្រុង​ប្រយ័ត្ន​រឿង​ទិញ​ដី​ឡូត៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​វិស័យ​ដីធ្លី ពិសេស​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​កំពុង​មាន​សន្ទុះ​កើនឡើង​កាន់តែ​ខ្លាំង អ្នកជំនាញ​ក្នុង​វិស័យ​នេះ បាន​ក្រើនរំលឹក​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ បើ​មិន​ចង់​មាន​បញ្ហា​នៅ​ពេល​ក្រោយ ។ លោក ម៉ឹង…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​វិស័យ​ដីធ្លី ពិសេស​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​កំពុង​មាន​សន្ទុះ​កើនឡើង​កាន់តែ​ខ្លាំង អ្នកជំនាញ​ក្នុង​វិស័យ​នេះ បាន​ក្រើនរំលឹក​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ បើ​មិន​ចង់​មាន​បញ្ហា​នៅ​ពេល​ក្រោយ ។

លោក ម៉ឹង លាង​ហ៊​ន អ្នក​វាយតម្លៃ​ឯករាជ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​នឹង​ជំនួញ​ដី​ឡូត៍ មិន​ថា​តែ​ពេល​នេះ​ឬ​ពេល​អនាគត​នោះ​ទេ អ្នកទិញ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ បើ​មិន​ចង់​មាន​បញ្ហា​នៅ​ពេល​ក្រោយ ព្រោះថា ការ​ផ្សព្វផ្សាយ​លក់​ដី​ឡូត៍​បច្ចុប្បន្ន​នេះ វា​ហាក់ដូចជា​លើស​បន្តិច​ហើយ ។ ជាក់ស្ដែង ទិញ​ដី​មួយ​ឡូត៍​ថែម​ជូន​ទូរទស្សន៍​១ ឬ​ទូរ​ទឹកកក​១​ជាដើម និង​មាន​អ្នក​រកស៊ី​ដី​ឡូត៍​ខ្លះ​ទៀត​ហ៊ាន​ថែម​ជូន​ដល់​ម៉ូតូ​មួយ​គ្រឿង​ផង​ដែរ​។ ទាំងនេះ​ហើយ ដែល​អ្នកទិញ​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ។

លោក​បន្ត​ថា ៖« បើ​អ្នក​ចង់​វិនិយោគ​ដី ត្រូវ​ដើរ​មើល​ដី​ឲ្យ​បាន​ច្រើន ហើយ​ត្រូវ​ស៊ើប​ពី​តម្លៃ​ឲ្យ​បាន​ច្រើន​ដែរ ។ យើង​មិន​គួរ​ទិញ​ដី​ឡូត៍​ដែល​ពុះ​ឡូត៍​ហើយ​នោះ​ទេ ព្រោះ​ដី​ប្រភេទ​នេះ​អ្នក​ពុះ​ឡូត៍​គេ​បាន​ចំណេញ​រួច​ហើយ តែ​បើសិនជា​យើង​ចង់​ចំណេញ​ពី​ការ​វិនិយោគ​ដី គួរតែ​រក​ទិញ​ដី​ពី​អ្នក​ភូមិ ដីស្រែ ឬ​ដី​ដែល​មិន​ទាន់​ពុះ​ជា​ឡូត៍ បើ​ទោះបីជា​តម្លៃ​នោះ​រាង​ខ្ពស់​បន្តិច​ក៏​ដោយ យើង​អាច​ចូល​ជា​ភាគហ៊ុន​ទិញ​ហើយ​ទុក​លក់​ចំណេញ​នៅ​ពេល​ក្រោយ​បាន​ដែរ »​។

លោក​និយាយ​ថា ៖« អ្នកទិញ​ដី​ឡូត៍​ពេល​នេះ តម្លៃ​៥.០០០​ដុល្លារ​ក្នុង​១​ឡូត៍ ក្នុង​ពេល​៣​ឬ​៥​ឆ្នាំ​ខាង​មុខ ចង់​លក់​ឲ្យ​ខ្ញុំ​វិញ ខ្ញុំ​ឲ្យ​តម្លៃ​ត្រឹមតែ​៣.០០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ឡូត៍ ព្រោះ​ដី​ឡូត៍​ច្រើន​បែប​នេះ មិនដឹង​ថា​ទិញ​យក​ទៅ​ធ្វើ​អី​។ អីចឹង​ហើយ ទើប​ខ្ញុំ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ មុន​នឹង​ទៅ​រក​ទិញ​ដី​នៅ​តំបន់​ណាមួយ ដោយ​លឺ​ពី​ការ​ឃោសនា​ផ្ដល់​ជូន​ម៉ូតូ ផ្ដល់​ជូន​គ្រឿង​អេ​ឡិច​ត្រូ​និក​ផ្សេងៗ»។

លោក​បញ្ជាក់​ថា ៖« អ្នក​ជោគជ័យ​ក្នុង​ជំនួញ​ដីធ្លី​ទាំងអស់​សុទ្ធតែ​មាន​យុទ្ធសាស្ត្រ និង​ការ​គិត​ត្រឹមត្រូវ​របស់​ពួក​គេ ។ អ្នកខ្លះ​មាន​ដី​កេរ​ពី​ឪពុក​ម្ដាយ​ចែក​ឲ្យ​បន្តិច​សោះ ឬ​ត្រឹម​២​ម៉ឺន​ដុល្លារ​សោះ តែ​គេ​អាច​យក​ដី​នោះ មក​រកស៊ី​បាន​រហូត​ដល់​មាន​លុយ​ក្នុង​ដៃ រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក​។ អីចឹង បើសិនជា​គេ​នៅ​តែ​ស្រលាញ់​កេរ​របស់​ឪពុក​ម្ដាយ នៅ​តែ​ថែរក្សា​កេរ​របស់​ឪពុក​ម្ដាយ នោះ​ប្រហែលជា​គ្មាន​ឱកាស​កាន់កាប់​លុយរាប់​សិប​លាន​នោះ​ទេ ។ ប៉ុន្តែ​បើសិនជា​យក​ដី​នោះ​ទៅ​លក់ ហើយ​ចាយវាយ​ខុស​ក្បួន ក៏​មិន​អាច​ក្លាយជា​អ្នក​មានបាន​ដែរ » ។

លោក​បន្ថែម​ថា ផ្ទះ​ក៏​ដូច​គ្នា បើ​ទិញ​ក្នុង​តម្លៃ​ថោក ហើយ​គេ​ចង់បាន​ផ្ទះ​យើង​ក្នុង​តម្លៃ​ខ្ពស់​ក៏​លក់​ឲ្យ​គេ ហើយ​ទៅ​រក​ទិញ​ផ្ទះ​នៅ​ទីតាំង​ណាមួយ​ដែល​មាន​តម្លៃ​ថោក​វិញ​ទៅ ធ្វើ​ដូចនេះ​ទើប​អាច​មានឱកាស​កាន់កាប់​លុយ​ច្រើន​បាន ។

លោក​បញ្ជាក់​ថា ក្នុង​វិស័យ​អចលនទ្រព្យ មាន​ពាក្យ​មួយ​គេ​គ្រប់​គ្នា​បាន​ចង់​ចាំ និង​អនុវត្ត គឺ « លក់​នៅ​ពេល​មាន​គេ​រក​ទិញ និង​ទិញ​នៅ​ពេល​មាន​គេ​ត្រូវការ​លក់ » ។ បើ​យើង​ទិញ​នៅ​ពេល​គេ​មិន​លក់ នោះ​តម្លៃនឹង​ឡើង​ខ្ពស់ ហើយ​បើ​លក់​នៅ​ពេល​គ្មាន​អ្នក​ណា​ចង់​ទិញ​នោះ តម្លៃ​ក៏​ទាប​ដែរ ។

កន្លង​មក មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​លើ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង មុន​នឹង​សម្រេច​ទិញ ឬ​លក់​ដីធ្លី បន្ទាប់​ពី​ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា ការ​ពុះ​ដី​ឡូត៍​លក់​បច្ចុប្បន្ន ហាក់​មាន​ភាព​អនាធិបតេយ្យ​យ៉ាង​ខ្លាំង និង​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម បាន​បញ្ជាក់​ថា​បន្ទាប់​ពី​ក្រសួង​រៀបចំ​ដែនដី​បាន​អនុម័ត​ប្រកាស ត្រូវ​អនុវត្ត​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ដី​ទាំងអស់ រួម​ទាំង​ការ​ពុះ​ដី​ឡូត៍ ជា​គម្រោង​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ដី ត្រូវ​តែ​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី ឬ​ពីសា​លា​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ ទៅ​តាម​ទំហំ​សមត្ថកិច្ច ។

លោក​បន្ត​ថា ៖« ប្រកាស និង​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ច្រើន​ទៀត​របស់​ក្រសួង ជា​បទដ្ឋាន​គតិ​យុ​ត្ត​ទាក់ទង​ទាំងអស់ ទាំង​វិស័យ​ឯកជន និង​វិស័យ​វិជ្ជាជីវៈ ហើយ​គ្រប់​សាធារណជន និង​ឯកជន ត្រូវ​តែ​គោរព​តាម​គោលការណ៍​ច្បាប់ និង​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ហើយ​ក្នុង​ករណី​ដែល​មិន​គោរព​តាម​ក្រសួង គឺ​មាន​តែ​ការ​ដាក់​ទណ្ឌកម្ម ដល់​អ្នកលក់​ដី​ឡូត៍​បោកប្រាស់​តែ​ម្តង »​។

លោក​បន្ដ​ទៀត​ថា តាម​គោលការណ៍​ច្បាប់​ភូមិបាល បាន​ផ្តល់​កម្មសិទ្ធិ ហើយ​រាជរដ្ឋាភិបាល​បាន​រៀបចំ​ប្រព័ន្ធ​ចុះបញ្ជី​ជា​ប្រព័ន្ធ និង​ដាច់​ដោយ​ដុំ ដូចនេះ​ប្រជាពលរដ្ឋ​ត្រូវ​តែ​ពិនិត្យ​មើល​មុន​នឹង​ទិញ ថា​ដី​នោះ​ពិតជា​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ជា​ដី​របស់​អ្នក​ដែល​បាន​លក់ ពិតប្រាកដ​ឬ​យ៉ាងណា ។

គួរ​កត់​សម្គាល់ថា តម្លៃ​ដីធ្លី និង​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​កើនឡើង​ខ្ពស់ បន្ទាប់​ពី​វិនិយោគិន​ចិន​ចូល​មក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​។ ជាក់ស្ដែង​ដីធ្លី​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​ឡើងថ្លៃ​ទ្វេ​មួយ​ជា​ពីរ​ជា​បី ហើយ​សកម្មភាព​ទិញ​លក់​ដីធ្លី​នៅ​ក្នុង​ខេត្ត​នេះ​នៅ​តែ​មាន​សកម្មភាព​ផុសផុល​ដដែល ដោយឡែក​នៅ​ភ្នំពេញ​វិញ ការ​ទិញ​លក់​ដី​ឡូត៍​ក៏​មាន​សកម្មភាព​ខ្លាំងក្លា ជា​ពិសេស​នៅ​ជាយក្រុង
ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ