ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័​យ​ទេសចរណ៍ និង​និន្នាការ​ផ្លាស់​ប្តូរ​ទៅ​រក​ប្រព័ន្ធ​ឌី​ជី​ថ​ល

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រសួងទេសចរណ៍​នា​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ បាន​ប្រារព្ធ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​វិស័យ​ទេសចរណ៍ និង​និន្នាការ​ផ្លាស់​ប្តូរ​ទៅ​រក​ប្រព័ន្ធ​ឌី​ជី​ថ​ល Tourism…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រសួងទេសចរណ៍​នា​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ បាន​ប្រារព្ធ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​វិស័យ​ទេសចរណ៍ និង​និន្នាការ​ផ្លាស់​ប្តូរ​ទៅ​រក​ប្រព័ន្ធ​ឌី​ជី​ថ​ល Tourism and the Digital Transformation» នៅ​ខេត្ត​ព្រះ​សីហ​នុ​ក្រោម​អធិបតីភាព​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ ។

លោក​យន្ត មីន បាន​លើក​ឡើង​ថា វិស័យ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ និង​ជំរុញ​វិស័យសេដ្ឋកិច្ច​ផ្សេង​ៗ​ទៀត ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ឈាន​ឡើងជា​លំដាប់ និង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ខេត្ត​ក៏​ដូច​ជា​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ។ ជាមួយ​ភាព​រីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍​នេះ​រដ្ឋបាល​ខេត្ត​ក៏​បាន​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​ពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​សម្អាត​បរិស្ថាន ជា​ពិសេស​បាន​ចូលរួម​អនុវត្ត​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍ «​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​» ចូលរួម​យ៉ាង​សកម្ម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត​រមណីយដ្ឋាន​ស្អាត​សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​» ចូលរួម​ចលនា​ប្រឡងប្រណាំង «​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​» និង​ទស្សនទាន «​ទេសចរណ៍​បៃតង​» ។ លោក​អភិបាលខេត្ត​បាន​បន្ត​ថា ព្រម​ជាមួយ​នេះ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​បង្កើត​រមណីយដ្ឋាន​ថ្មី​ៗ​កែ​លម្អ​ឆ្នេរ​ខ្សាច់​កម្សាន្ត​កែ​លម្អ​សោភ័ណ​ភាព​ទីក្រុង​ដាំ​ដើមឈើ​ក្នុង​ទីក្រុង និង​បង្កើត​សកម្មភាព​ទេសចរណ៍​ដទៃ​ៗ​ទៀត​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​បំពេញតម្រូវការ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​ទស្សនា និង​សម្រាកលំហែ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​ពី​អាន​នូវ​សារលិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​រួច​មក លោក ថោ​ង ខុន បាន​លើក​ឡើង​ថា សារលិខិត​ដ៏​មាន​ខ្លឹមសារ​ស៊ីជម្រៅ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ពិតជា​បាន​ឆ្លុះ​បញ្ចាំង​នូវ​ទស្សនវិស័យ​នៃ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​នេះ ជួយ​បង្កើន​ឱកាស​សម្រាប់​វិស័យ​ទេសចរណ៍​តាម​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​រួម​មាន​៖ Internet of Things, Big Data, Artificial Intelligence and Digital Platform លើ​មាគ៌ា​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន ។ ភាព​ជឿនលឿន​នៃ​ប្រព័ន្ធ​ឌី​ជី​ថ​ល (Digital Advances) និង​នវានុវត្តន៍ (Innovation) ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ទល់​នឹង​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ក្នុង​ដំណើរ​នៃ​កំណើន​វិស័យ​ទេសចរណ៍​កាន់តែ​មាន​និរន្តរភាព និង​ការ​ទទួលខុសត្រូវ ។ ពិភពលោក​ទាំងមូល​បាន និង​កំពុង​យកចិត្តទុកដាក់​ខ្លាំង​លើ​ដំណោះស្រាយ​បច្ចេកវិទ្យា និង​ឌី​ជី​ថ​ល​លើ​គ្រប់​ទិដ្ឋភាព​ទាំង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល (Digital Economy) ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក (E-Commerce) ការ​អភិ​ឌ្ឍ​វិស័យ​ទេសចរណ៍​ឆ្លាត​វៃ (Smart Tourism) ។

ក្នុង​ន័យ​នេះ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ គឺជា​អនាគត​នៃ​ការ​កសាង​ទេសចរណ៍​ទីក្រុង​វ័យឆ្លាត​ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​មានការ​ទំនាក់ទំនង​គ្នា​ជា​សាកល​លើ​គ្រប់​ផ្នែក​មិន​ត្រឹមតែ​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កា​តា​លិ​ករ​វិសាមញ្ញ​មួយ​សម្រាប់​យុគ្គសម័យ​ឌី​ជី​ថ​ល និង​ប្រព័ន្ធ​វ័យឆ្លាត ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ឱកាស និង​ភាព​ប្រកួតប្រជែង ពោល​គឺ​អ្វី​ៗ​គ្រប់យ៉ាង​ផ្អែក​ទៅ​លើ​បច្ចេកវិទ្យា ដែល​ជា​វេទិកា​ថ្មី​មួយ​នៃ​សេវាកម្ម​ទេសចរណ៍ ក្នុង​ការ​ផ្លាស់​ប្តូរ​គំរូ នៃ​ការ​ទំនាក់ទំនង​ពាណិជ្ជកម្ម ឆ្ពោះទៅ​ការ​កាត់​បន្ថយ​នូវ​ភាព​អវិជ្ជមាន​សម្រាប់​ទេសចរ និង​សហគមន៍​ទេសចរណ៍ ។

ការ​ប្រើប្រាស់​ប្រព័ន្ធ​រួម​បញ្ចូល​គ្នា​វ័យឆ្លាត​នៅ​លើ​ទូរស័ព្ទ​ដៃ​កាន់តែ​ពេញ​និយម​សម្រាប់​ទេសចរ ដោយ​ផ្តល់​នូវ​សេវា​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ការ​កក់​សំបុត្រ​មធ្យោបាយ​ធ្វើ​ដំណើរ (​តាម​យន្តហោះ រថយន្តក្រុង រថភ្លើង​) កក់​បន្ទប់​សណ្ឋាគារ ភោជនីយដ្ឋាន ការ​ទូរ​ទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ទិញ​ទំនិញ​តាម​អន​ឡាញ​កាន់តែ​ងាយស្រួល​សម្រាប់​ទេសចរណ៍​ដោយ​ប្រើ​តែ​ទូរស័ព្ទ​ដៃ និង​អ៊ី​ន​ធើ​ណែ​ត គឺ​អាច​ធ្វើ​អ្វី​ៗ​បាន​គ្រប់យ៉ាង ។ ស្រប​ទៅ​នឹង​ក្រប​ខណ្ឌ​តំបន់ និង​ពិភពលោក​នៃ​និន្នាការ​ទេសចរណ៍​ឆ្ពោះទៅ​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​ប្រព័ន្ធ​វ័យឆ្លាត​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ឆ្លើយ​តប​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ លើ​ផ្នែក​បច្ចេកវិទ្យា «​ការ​ប្រើប្រាស់​នវានុវត្តន៍ និង​ភាព​ជឿនលឿន​បច្ចេកវិទ្យា​» សំដៅ​ពង្រឹងសមត្ថភាព​កម្ពុជា​សម្រាប់​សមាហរណកម្ម​នៅ​ក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក ។ ក្នុង​បរិការណ៍​នេះ​ក្រសួងទេសចរណ៍​កម្ពុជា​បាន និង​កំពុង​ផ្សារ​ភ្ជាប់​ចក្ខុវិស័យ​ទេសចរណ៍​ឆ្នាំ​២០៣០ រួម​ជាមួយ​ឧស្សាហកម្ម​៤.០ ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​បរិ​យា​ប័​ន្ធ និង​ការ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​វ័យឆ្លាត​ដោយ​បាន និង​កំពុង​អនុវត្ត​ការ​ចុះបញ្ជី​ប្រព័ន្ធ​អាជ្ញា​បណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ​ប្រព័ន្ធ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​តាម​អន​ឡាញ​ប្រព័ន្ធ​គ្រប់គ្រង​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​តាម​អន​ឡាញ​ប្រព័ន្ធ​វាយតម្លៃ​ចលនា​ប្រលងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» តាម​ប្រព័ន្ធ QR Code និង​ប្រព័ន្ធ​ទូរស័ព្ទ​វ័យឆ្លាត (Mobile App) ព្រម​ជាមួយ​ការ​រីក​ចម្រើន​នៃ​មធ្យោបាយ​ទូទាត់​សម្រាប់​ទេសចរណ៍​តាម​ប្រព័ន្ធ QR Code មធ្យោបាយ​ដឹក​ជញ្ជូន​វ័យឆ្លាត​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ