ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​បុណ្យសព​​…​ភ្ញៀវ​ពុល​ពេញ​​ភូមិ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង​ប្រុស​-ស្រី​ប្រមាណ​១៦០​នាក់ មាន​ក្មេង​មាន​ចាស់ បាន​ពុល​អាហារ​ដោយ​ការក្អូ​ត​ចង្អោរ​ពេញ​ភូមិ ខណៈ​ដែល​ពួក​គាត់​កំពុង​ទទួលទាន​ចំណីអាហារ ក្នុង​ពិធី​បុណ្យសព​របស់អ្នក​ភូមិ ។ ករណី​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​០៥…

ខេត្តរតនគិរី ៖ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង​ប្រុស​-ស្រី​ប្រមាណ​១៦០​នាក់ មាន​ក្មេង​មាន​ចាស់ បាន​ពុល​អាហារ​ដោយ​ការក្អូ​ត​ចង្អោរ​ពេញ​ភូមិ ខណៈ​ដែល​ពួក​គាត់​កំពុង​ទទួលទាន​ចំណីអាហារ ក្នុង​ពិធី​បុណ្យសព​របស់អ្នក​ភូមិ ។ ករណី​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ វិច្ឆិកា ក្នុងភូមិ​ល្អើ​ន​ក្រែ​ន ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ។ ក្រោយ​ពី​មាន​បាតុភាព​នេះ​ កើតឡើង​សមត្ថកិច្ច​ប៉ូលិស​ស្រុក និង​ខេត្ត​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​ចុះ​ពិនិត្យ និង​ដឹក​ជញ្ជូន​ជន​រង​គ្រោះ​ដែល​ពុល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត អ៊ុ​ង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម លោក​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​កាន់​ភូមិ​កើតហេតុ​ខាងលើ​ ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់ ។ លោក​បន្ត​ថា នៅ​ក្នុង​កម្មវិធី​បុណ្យសព​នោះ​ម្ចាស់​ដើម​បុណ្យ​​​បាន​ធ្វើ​ម្ហូបអាហារ​ទទួលភ្ញៀវ​ដោយ​មាន​បាយ សម្លរ បបរគ្រឿង ក្នុង​ម្ហូបអាហារ​ទាំង​ប៉ុន្មាន​មុខ​ខាង​លើ​គ្រូពេទ្យ​ជំនាញ​បាន​យក​មក​ធ្វើ​កោសល្យវិច័យ​យ៉ាង​ល្អិតល្អន់​រួចរាល់​អស់ហើយ លទ្ធផល​គ្មាន​ជាតិពុល​ក្នុង​ម្ហូប​នោះ​ទេ តែ​មូលហេតុ​នៃ​ការ​ក្អួតចង្អោ​នេះ​គឺ​បណ្តាល​មក​ពី​ពួក​គាត់​បរិភោគ​ចំណីអាហារ​មិន​មាន​អនា​ម័យ​ល្អ ។ ទោះជា​យ៉ាងណា ករណី​នេះ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។

លោក​ថា គិត​មក​ដល់​ថ្ងៃ​ទី​៩ វិច្ឆិកា ស្ថានភាព​របស់​ពួក​គាត់​ទាំង​១៦០​នាក់​នេះ បាន​ធូរស្រាល​ហើយ ។ ទាក់​ទិន​នឹង​ករណី​ខាងលើ​ សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ បងប្អូន​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង​បាន​ធ្វើ​បុណ្យសព​ស្ត្រី វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់​ដែល​បាន​ស្លាប់​ ដោយ​ជំងឺ​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ ដែល​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង​គឺ​បាន​ធ្វើបុណ្យ​ក្នុង​១​ឆ្នាំ​១​ដង ។ ខណៈ​ភ្ញៀវ​ដែល​ចូលរួម ពេល​កំពុង​ទទួលទាន​អាហារ​បាន​កន្លះ​ម៉ោង ស្រាប់តែ​កើតហេតុ​នេះ​ ឡើង​ដោយ​ភ្ញៀវ​ប្រមាណ​៧០%​បាន​ក្អួត និង​សន្លប់ ក្រោយ​ពី​ទទួលទាន​អាហារ​រួច ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​កម្មវិធី​តែ​ម្តង ។

បច្ចុប្បន្ន​ អ្នកជំងឺ​ទាំង​១៦០​នាក់​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​បាន​ថ្លែងអំណរគុណ​ដល់​សមត្ថកិច្ច​ប៉ូលិស និង​មន្ទីរ​សុខាភិបាល រួម​ទាំង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​យកចិត្តទុកដាក់​និង​ព្យាបាល​ដោយ​ឥត​គិតថ្លៃ ។  តាម​ប្រភព​ព័ត៌មាន​ពី​គ្រូពេទ្យ​បានឱ្យ​ដឹង​ថា​នៅ ​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា អ្នកជំងឺ​ជាង​១៦០​នាក់ គ្រូពេទ្យ​បាន​អនុញ្ញាត​ទៅ​ផ្ទះ​វិញ​ជាង​ពាក់កណ្តាល​ហើយ នៅ​សល់​ប៉ុន្មាន​គ្រូពេទ្យ​កំពុង​តាមដាន​ពី​អាកា​រៈ​ដោយ​យកចិត្តទុកដាក់​ព្យាបាល​បន្ត​ទៀត​ព្រោះ​ធ្ងន់​ជាងគេ ៕​

អត្ថបទសរសេរ ដោយ