ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​មិន​យក​ថ្លៃ​ធ្វើ​ទិដ្ឋាការ​សម្រាប់​អ្នកដំណើរ​មក​ពី​២១​ប្រទេស

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​អនុញ្ញាត​ឲ្យ​មានការ​មិន​យក​ថ្លៃ​ធ្វើ​ទិដ្ឋាការ​សម្រាប់​អ្នកដំណើរ​មក​ពី​ប្រទេស​ចំនួន ២១​ក្នុងអំឡុងពេល​២​ខែ​ដើម្បី​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​របស់​ប្រទេស​នេះ ។ លោក Buddhipongse Punnakanta អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល បាន​និយាយ​ថា…

ទីក្រុង​បាងកក ៖ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​អនុញ្ញាត​ឲ្យ​មានការ​មិន​យក​ថ្លៃ​ធ្វើ​ទិដ្ឋាការ​សម្រាប់​អ្នកដំណើរ​មក​ពី​ប្រទេស​ចំនួន ២១​ក្នុងអំឡុងពេល​២​ខែ​ដើម្បី​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​របស់​ប្រទេស​នេះ ។

លោក Buddhipongse Punnakanta អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល បាន​និយាយ​ថា ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​បាន​អនុញ្ញាត​សំណើ​ក្នុង​ការ​មិន​យក​ថ្លៃ​ធ្វើ​ទិដ្ឋាការ​ប្រមាណ​៦១​ដុល្លារ​ចាប់ពី​ថ្ងៃ​ទី​១​ខែធ្នូ​ដល់​ថ្ងៃ​ទី​៣១​ខែមករា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ សម្រាប់​អ្នកដំណើរ​ដែល​មក​លេង​ប្រទេស​ថៃ​មិនយូរ​ជាង​១៥​ថ្ងៃ ។  ប្រទេស​ទាំង​២១ រួម​មាន​ប្រទេស​ចិន ឥណ្ឌា កា​ហ្សា​ក់​ស្ថាន ម៉ា​ល់​ឌី​វ ម៉ា​ល់ត៍ អា​រ៉ា​ប៊ី​សា​អូឌីត តៃវ៉ាន់ និង​អ៊ុយ​ក្រែ​ន ជាដើម ។

លោក Buddhipongse បាន​ឲ្យ​ដឹង​ថា ៖«​យោង​តាម​ការិយាល័យ​អន្តោរ​ប្រវេសន៍ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ស្នើ​ទិដ្ឋាការ​ពេល​មក​ដល់​ចាប់ពី​ខែមករា ឆ្នាំ​២០១៦ ដល់​បច្ចុប្បន្ន​បាន​បន្ត​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចេញ​វិធានការ​នេះ »​។

លោក​បាន​បន្ត​ថា ៖« ការ​មិន​យក​ថ្លៃ​ធ្វើ​ទិដ្ឋាការ​នេះ នឹង​ជំរុញ​ដល់​វិស័យ​ទេសចរណ៍ និង​ទាក់ទាញ​ភ្ញៀវ​បរទេស​កាន់តែ​ច្រើន​មក​កាន់​ប្រទេស និង​បង្កើន​ប្រាក់​ចំណូល​បន្ថែម ។ ចំនួន​ភ្ញៀវ​ទេសចរ​នឹង​កើនឡើង​យ៉ាងតិច​៣០% »​។ ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រធាន​ស្តីទី​នៃ​ការិយាល័យ​អន្តោរ​ប្រវេសន៍ លោក Surachate Hakparn បាន​និយាយ​ថា វិធានការ​ខាងលើ នឹង​ជួយ​ដល់​វិស័យ​ទេសចរណ៍ និង​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រទេស​ជាដើម ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ​កិច្ច​ក៏​ធ្លាប់​បាន​លើក​ឡើង​ថា ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ត្រូវ​បាន​បង្ក​ឡើង ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​ជំនឿ​ចិត្ត​លើ​ប្រទេស​ថៃ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រាក់​យន់ និង​ការ​ធ្លាក់​ចុះ​នៃ​អំណាច​ទឹកប្រាក់​ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក ។  កាលពី​ខែកញ្ញា​កន្លង​មក ប្រទេស​ថៃ​ទទួលភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​តែ​៦៤,៨​ម៉ឺន​នាក់​ប៉ុណ្ណោះ ឬ​ទាប​ជាង​ឆ្នាំ​មុន​១៤,៨៩% និង​ទាប​ជាង​ខែសីហា​១១,៧៧% ។

ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​ថៃ លោក Vichit Prakobkosol បាន​និយាយ​កន្លង​មក​ថា លោក​នឹង​បន្ត​ជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​ទិដ្ឋាការ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ជា​ពិសេស​អ្នក​ដែល​មក​ពី​ប្រទេស​ចិន ។

លោក​បាន​បន្ថែម​ថា ៖« បើ​មិន​មានការ​ផ្តល់​អត្ថប្រយោជន៍​ដែល​ទាក់ទាញ​សម្រាប់​ជនជាតិ​ចិន​ទេ ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​នេះ នឹង​បន្ត​ធ្លាក់​ចុះ​ប្រមាណ​១៥%​ក្នុង​មួយ​ខែ​ពី​ខែតុលា​ទៅ​រហូត​ដល់​បុណ្យ​ចូលឆ្នាំ​ចិន​នៅ​ឆ្នាំ​ក្រោយ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ