ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយត្រូវបានភាគីបង្កអូសយកទម្លាក់ចោលក្នុងប្រឡាយចម្ងាយប្រមាណ៨ម៉ែត្រពីកន្លែងកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០និង១៥នាទីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវក្រាលគ្រួសក្រហម ស្ថិតនៅក្នុងភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស។
តាមប្រភពព័ត៌មានសមត្ថកិច្ចនគរបាលមូលដ្ឋានបានដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះសែម សេះ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ។
មុនពេលកើតហេតុ យុវជនខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ក្រុងព្រះសីហនុ ១A-៣០៧១ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ គេមិនបានដឹងថាបុកជាមួយអ្វីនោះទេ ។
ប៉ុន្តែតាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានសង្ស័យថា ជនរងគ្រោះបើកម៉ូតូបានបុកជាមួយនឹងគោយន្តមានដឹកឈើ ហើយក្រោយកើតហេតុ សពជនរងគ្រោះរួមទាំងម៉ូតូត្រូវបានភាគីបង្ក អូសយកទៅទម្លាក់ចោលក្នុងប្រឡាយពីខាងលិចផ្លូវចម្ងាយប្រមាណ៨ម៉ែត្រកន្លះ រួចហើយអ្នកបើកបរបង្ករត់គេចខ្លួនបាត់។
ប្រភពដដែលបានបន្តថា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងបានសន្និដ្ឋានថា ជនរងគ្រោះខាងលើពិតជាបានបុកគ្នាជាមួយភាគីម្ខាងទៀតប្រាកដមែន ហើយត្រូវបានភាគីម្ខាងនោះអូសទាំងសពនិងម៉ូតូយកទៅទម្លាក់ចោលក្នុងប្រឡាយដើម្បីបំបាត់ភស្តុតាង។
ក្រោយពីការពិនិត្យសពរួចហើយ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូត្រូវបានយកទៅរក្សាទុកដើម្បីបន្តការស្រាវជ្រាវរកជនបង្កមកដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ