ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​យក​ធម៌​មក​អប់រំ​ចិត្ត​រម្ងាប់​បាបកម្ម

5 ឆ្នាំ មុន

ធម្មតា​ទេ ចិត្តជា​បុថុជ្ជន ជួន​ល្អ​ខ្លះ ជួន​អាក្រក់​ខ្លះទៅ​តាម​អារម្មណ៍​ដែល​ពើបប្រទះ​រាល់​ៗ​ខណៈ តែបើ​បុគ្គល​ចេះ​យក​ធម៌​មក​អប់រំ​ចិត្ត នោះ​កម្តៅ​ទាំង​ប៉ុន្មាន​នឹង​ត្រជាក់​ទៅ​វិញ តែបើ​ក្នុង​សន្តាន​ខ្វះ​ធម៌​ហើយ នឹង​ធ្វើ​ឱ្យ​ចិត្ត​ដុត​រោល​ពុះកញ្ជ្រោល​កាន់តែ​ក្តៅ​ឡើង រស់នៅ​ទាំង​អារម្មណ៍​ណែន​ទៅ​ដោយ​អំពើ​ទុច្ចរិត​មាន ចិត្ត​ឈ្នានីស…

ធម្មតា​ទេ ចិត្តជា​បុថុជ្ជន ជួន​ល្អ​ខ្លះ ជួន​អាក្រក់​ខ្លះទៅ​តាម​អារម្មណ៍​ដែល​ពើបប្រទះ​រាល់​ៗ​ខណៈ តែបើ​បុគ្គល​ចេះ​យក​ធម៌​មក​អប់រំ​ចិត្ត នោះ​កម្តៅ​ទាំង​ប៉ុន្មាន​នឹង​ត្រជាក់​ទៅ​វិញ តែបើ​ក្នុង​សន្តាន​ខ្វះ​ធម៌​ហើយ នឹង​ធ្វើ​ឱ្យ​ចិត្ត​ដុត​រោល​ពុះកញ្ជ្រោល​កាន់តែ​ក្តៅ​ឡើង រស់នៅ​ទាំង​អារម្មណ៍​ណែន​ទៅ​ដោយ​អំពើ​ទុច្ចរិត​មាន ចិត្ត​ឈ្នានីស ក្តី​ច្រណែន ចិត្ត​ចងអាឃាត ចងគំនុំ ចងពៀរ​ជាដើម ។

ព្រោះហេតុនោះ​បានជា​ព្រះ​បរម​សាស្តា​ទេសនា​ប្រដៅ​ដល់​សព្វ​សត្វ​ថា តាម​ធម្មតា​ពៀរ​មិន​ដែល​រម្ងាប់​ដោយ​ការ​ចងពៀរ​ឡើយ​។ ត្រង់​ចំណុច​នេះ​បង្ហាញ​ថា បើ​យើង​នៅ​តែ​ប្រកាន់​ថា អ្នក​នេះ​វាយ​អញ អ្នក​នោះ​ជេរ​អញ អ្នក​នេះ​តិះដៀល​អញ អ្នក​នោះ​បៀតបៀន​អញ អ្នក​នោះ​និយាយ​អាក្រក់​ពី​អញ អ្នក​នោះ​ឈ្នានីស​អញ ក៏​មានចិត្ត​ចងគំនុំ​គេ​វិញ រក​វិធី​ទុច្ចរិត​ផ្សេង​ៗ​ដើម្បី​ឱ្យ​គេ​អន្តរាយ ឱ្យ​គេ​វិនាស​ដើម្បី​បំពេញ​បំណង​អាក្រក់​របស់​ខ្លួន​។

ការ​ចងអាឃាត​គ្នា​បែប​នេះ​ពៀរ​វេរា​នៅ​តែ​កើត​មាន​រហូត​គ្មាន​ទី​បញ្ចប់​ឡើយ ។ ដើម្បី​បន្សាត់​បង់​ពៀរ​វេរា​ឱ្យ​អស់ពី​ខន្ធ​សន្តាន ទាល់តែ​បុគ្គល​រៀន​អប់រំ​ចិត្ត​ឱ្យ​នឹង​ថ្កល់​ដូច​ភ្នំ​តាន់​ទោះជា​ត្រូវ​ភ្លៀង ព្យុះ​វាយប្រហារ​របើក​អាកាស​យ៉ាងណា​ក៏​មិន​កម្រើក​ញាប់​ញ័រ រៀន​អប់រំ​ចិត្ត​ឱ្យ​ចេះ​អត់ធន់ ចេះ​ឱ្យ​អភ័យ​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន និង​គួរ​រៀន​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លះ​ក៏​មិន​ថ្វី ព្រោះ​ជា​រឿង​ដែល​មិន​បានការ​ ។

រឿង​ណា​ដែល​មាន​ប្រយោជន៍ ការងារ​ណា​ដែល​សំខាន់​គប្បី​ប្រឹងប្រែង​ខំ​សង្វាត់​ឡើង​ទើប​ទទួល​បាន​ផល​ល្អ គឺ​កុំ​ខ្វល់​នឹង​រឿង​ឥត​បានការ​។ អ្នក​ណា​ធ្វើ​កម្ម​ណា​ទុក​ឱ្យ​គេ​ទទួល​កម្ម​ពៀរ​នោះ​ដោយ​ខ្លួនឯង​ចុះ ។

បុគ្គល​ដែល​មានចិត្ត​បដិឃៈ​ប្រកាន់​ថ្នាំងថ្នាក់​ដក់​ជាប់​ក្នុង​អារម្មណ៍ រក​ឱកាស​ប្រទូស្ត​ជាមួយ​អ្នក​ដទៃ ពៀរ​នេះ​នឹង​ធ្លាក់​មក​លើ​បុគ្គល​នោះ​វិញ​ដដែល​ដូច​បាច​អង្កាម​ច្រាសខ្យល់ គឺ​មិន​បាន​សុខ​ឡើយ​ ។

មាន​តែ​អ្នកមាន​ចិត្តជា មិន​បៀតបៀន​ដល់​បុគ្គល​ដទៃ​ទេ​ទើប​ទទួល​បាន​សុខក្សេមក្សាន្ត​ទាំង​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ​តរៀង​ទៅ ។