ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមាញ់​បាន​ចោរឆក់​…​តាម​វី​ដេ​អូ​ឃ្លី​ប​ដែល​បង្ហោះ​ក្នុង​បណ្តាញ​សង្គម

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា បាន​ចេញផ្សាយ​នូវ​ឃ្លី​ប​វី​ដេ​អូ​មួយ​ឈុត ​ស្តី​ពីសកម្មភាព​ក្រុម​ចោរ​ដែល​បាន​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ ដែល​កំពុង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​លើ​ដងផ្លូវ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរឆក់​នោះ…

រាជធានី​ភ្នំពេញ ៖ ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា បាន​ចេញផ្សាយ​នូវ​ឃ្លី​ប​វី​ដេ​អូ​មួយ​ឈុត ​ស្តី​ពីសកម្មភាព​ក្រុម​ចោរ​ដែល​បាន​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ ដែល​កំពុង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​លើ​ដងផ្លូវ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរឆក់​នោះ ដោយ​មិន​រង់ចាំ​ពាក្យបណ្តឹង ។

ខាងក្រោម​នេះ ​ជា​ខ្លឹមសារ​ទាំងស្រុង របស់​ទីបញ្ជាការ​កង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្សព្វ​ផ្សាយ​ជុំវិញ​ការ​បង្ក្រាប​ជា​បន្តបន្ទាប់ ។ ថ្មី​ៗ​នេះ​ មាន​ករណី​ឆក់​កាបូប​មួយ​កើតឡើង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​បោក​ទៅ​នឹង​ថ្នល់​គួរ​ឲ្យ​រន្ធត់ នា​ថ្ងៃ​ទី​២៧ តុលា ២០១៨ វេលា​ម៉ោង​ប្រមាណ​៦​និង​២០​នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ ក្រោយ​ពេល​កើត​ហេតុ ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង ឬ​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ទេ តែ​៤ ថ្ងៃ​ក្រោយ​មក​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានឃើញ​ព័ត៌មាន​ស្តី​ពី​ករណី​ឆក់​កាបូប​ខាងលើ​នេះ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អាវុធហត្ថ​ក៏​បាន​ចាត់វិធានការ​ណ៍​ស្រាវជ្រាវ​ជា​បន្ទាន់ និង​តាម​ស្វែងរក​មុខ​សញ្ញា​ក្រុម​ចោរឆក់​ទាំងនោះ ។

រហូត​ដល់​ថ្ងៃ​ទី​៣ វិច្ឆិកា សមត្ថកិច្ច​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​បទ ល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ១-ឈ្មោះ សុខ ពន្លឺ ២-​ឈ្មោះ រស់ សែន​វាសនា ហៅ មិត្ត និង​៣-ឈ្មោះ នួន រស្មី ហៅ តុង នៅ​ចំណុច​ភូមិ​បាក់​ខែង និង​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ក្រោម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​អាវុធហត្ថ ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​ថា ពួក​គេ​គឺ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​ខាងលើ​ពិតប្រាកដ​មែន ដែល​នៅ​ថ្ងៃ​កើតហេតុ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​តែ​៤​នាក់​ប៉ុណ្ណោះ តែ​រយៈកាល​កន្លង​មក​ក្រុម​ពួក​គេ​មាន​គ្នា​៦​នាក់ តែង​ចេញ​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ​លើ​ដងផ្លូវ​ គ្រប់​ទីកន្លែង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដូច​ជា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ តំបន់​ព្រែក​លៀប តំបន់​ផ្លូវ​លី​យ៉ុ​ង​ផាត់ តំបន់​វត្ត​ក្តី​ចាស់ ផ្លូវ​សហព័ន្ធ​រុ​ស្សី តំបន់​ស្ពាន​អាកាស​៧​មក​រា តំបន់​ក្រោម​ស្ពាន​ជ្រោយចង្វារ តំបន់​ផ្សារ​កណ្តាល ខណ្ឌដូនពេញ និង​តំបន់​ផ្សេង​ៗ​ទៀត ដែល​ពួក​គេ​បាន​ជិះ​ឆ្លងកាត់​ឃើញ​ស្ថានភាព​ផ្លូវ​ស្ងាត់ និង​ជន​រង​គ្រោះ​ធ្វេសប្រហែស ។

បច្ចុប្បន្ន​ក្រៅពី​ក្រុម​ចោរ​ទាំង​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នេះ គឺ​នៅ​មាន​បក្សពួក​៣​នាក់​ទៀត បាន​និង​កំពុង​រត់គេច​ផង​ដែរ ក្នុង​នោះ​មាន​១-​ឈ្មោះ សោម ពេជ្រ ហៅ ពេជ្រ​ខ្មោច ២-​ឈ្មោះ ពេជ្រ ហៅ ពេជ្រ​តូច និង៣-​ឈ្មោះ រិ​ទ្ធ ហៅ លឹប ។ ដោយឡែក ​ឈ្មោះ សោម ពេជ្រ ហៅ ពេជ្រ​ខ្មោច​ ក៏​ធ្លាប់​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​ផ្តន្ទាទោស​ម្តង​រួច​ហើយ​ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​ជនបរទេស នៅ​ចំណុច​មុខ​ផ្សារ​ឡាក់​គី ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​ស៊ើបអង្កេត និង​ស្តាប់​ចម្លើយ​ជនសង្ស័យ​អស់​ពេល​៤៨​ម៉ោង សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្វែង​ជន​រង​គ្រោះ ដែល​ត្រូវ​បាន​ក្រុម​ចោរ​ទាំងនេះ ឆក់​កាបូប​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ មក​ដាក់​ពាក្យបណ្តឹង​បំពេញ​និ​តិ​វិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​ក្រុម​ចោរ​ទាំងនេះ​តាម​ច្បាប់ ។

ជាមួយ​នេះ​ផង​ដែរ ​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​សូម​អំពាវនាវ​ដល់​មហាជន ប្រ​សិន​បានឃើញ​ឬ​ស្គាល់​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​រត់គេច​ខ្លួន​ខាងលើ ជួយ​ផ្តល់​ដំណឹង​ដល់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​រយៈ​លេខ​ទូរស័ព្ទ ០១៧ ៨១ ៨១ ៧១ ឬ​សមត្ថកិច្ច​ដែល​នៅ​ជិត​លោក​អ្នក ដោយ​មានការ​ធានា​រក្សា​ការ​សម្ងាត់​ជូន​ទៀត​ផង ៕ ​​

https://www.youtube.com/watch?v=YJduFCGUsj4