ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ក្លាយជា​វត្ថុ​អនុស្សាវរីយ៍ ជូន​ដល់​យុវ​សិស្ស​និទ្ទេស​A…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក នា​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយក​រដ្ឋមន្ត្រី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក នា​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយក​រដ្ឋមន្ត្រី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​ដល់​សិស្ស​ដែលបាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​និទ្ទេស A ចំនួន​៤០៨​នាក់ ។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ទៅ​កាន់​យុវ​សិស្ស​ទាំងអស់​ថា ចំណុច​នេះ​គឺជា​ចំណុច​ដែល​យើង​អាច​និយាយ​បាន​ថា សង្គម​របស់​យើង​ចាប់ផ្តើម​ប្រែប្រួល​នៅ​ពេល​ដែល​យើង​ចាប់ផ្តើម​រឹត​បន្តឹង​ការ​ប្រឡង ។ ពី​មុន​ការ​ប្រឡង​មានការ​លួច​ចម្លង បាញ់​ប្រូ​៊​យ៉ុ​ង​ចូល​តាម​បង្អួច​…​ពេញ​ទឹក​ពេញ​ដី ។ សម្តេច​តេ​ជោ​បញ្ជាក់​ថា ឥឡូវនេះ​ទ្រឹស្តី «​ចេះ​ទើប​ជាប់ បើ​មិន​ចេះ​អត់​ជាប់​» ។

ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​បាន​ជូន​សារ​ចំពោះ​ចៅ​ៗ​យុវ​សិស្ស​ដែល​ប្រឡង​មិន​ជាប់​ថា «​សូម​ចៅ​ៗ​បន្ត​ការ​ខិតខំ ដើម្បី​រៀន​បន្ត​ទៀត​ដើម្បី​ប្រឡង​ឆ្នាំ​ក្រោយ​» ។ទាក់ទិន​នឹង​បញ្ហា​យេ​ន​ឌ័​រ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​នេះ ដែល​ប្រឡង​ជាប់​មាន​៧៦.០៣៤​នាក់​ក្នុង​នោះ​មាន​នារី​៣៩.៨៩១​នាក់ គឺ​ច្រើន​ជាង​សិស្ស​ប្រុស​រហូត​ដល់​៣.៧៤៨​នាក់ ។

ដោយឡែក​ និយាយ​ពី​និទ្ទេស​A សិស្ស​ស្រី​តិច​ជាង​សិស្ស​ប្រុស​២០​នាក់ ប៉ុន្តែ​ដល់​និទ្ទេស B វិញ​សិស្ស​ស្រី​ច្រើន​ជាង​សិស្ស​ប្រុស​៣៨​នាក់ ។និទ្ទេស​C សិស្ស​ស្រី​ច្រើន​ជាង​សិស្ស​ប្រុស​៦៣៣​នាក់ និទ្ទេស​D សិស្ស​ស្រី​ច្រើន​ជាង​សិស្ស​ប្រុស​១.៩៩៦​នាក់​។ លុះដល់​និទ្ទេស E បែរជា​សិស្ស​ប្រុស​ច្រើន​ជាង​សិស្ស​ស្រី ។

សម្តេច​តេ​ជោ​បាន​ឲ្យ​គិត​ជា​ភាគរយ ព្រោះ​សម្តេច​ត្រូវ​សិក្សា​អំពី​បញ្ហា​នេះ​ដែរ គឺ​ជំរុញ​ឲ្យ​កុមា​រី យុវនារី បាន​ទទួល​ការ​បណ្តុះបណ្តាល​កាន់តែ​ខ្ពស់​កាន់តែ​ល្អ ។ ដូច្នេះ​គឺជា​ជោគជ័យ​មួយ​នៅ​ក្នុង​នយោបាយ​សមភាព​យេ​ន​ឌ័​រ​នៅ​ក្នុង​វិស័យអប់រំ ។ សម្តេច​តេ​ជោ បាន​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​ទៅ​លើ​ការ​សាងសង់ ដែល​ទន្ទឹម​នឹង​ការ​សាងសង់​អគារសិក្សា​បន្ថែម​គ្រប់​ទីកន្លែង ក៏​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​សាងសង់​អគារ​ស្នាក់​នៅ​របស់​គ្រូ ហើយ​និង​ការ​ស្នាក់​នៅ​របស់​សិស្សដែល​មាន​ទីលំនៅ​ឆ្ងាយ ដើម្បី​កុំ​ឲ្យ​មានការ​បោះបង់​ចោល​ការ​សិក្សា ឬ​ត្រូវ​បង់ថ្លៃ​សម្រាប់​ឈ្នួល​ផ្ទះ នៅ​ពេល​ដែល​ខ្លួន​មក​រៀន កាត់​បន្ថយ​ការ​លំបាក​របស់​មាតាបិតា អាណាព្យាបាល​។

ទាក់ទិន​នឹង​ការ​សាងសង់​អគារសិក្សា សម្តេចតេ​ជោ បាន​សម្រេច​ឲ្យ​សាងសង់​អគារ​ឡើង​ដល់​៣​ជាន់​-៤​ជាន់ ដើម្បី​កុំ​ឲ្យ​ពិបាក​រក​ដី​សាងសង់ ព្រោះ​តម្លៃ​ដី​ឥឡូវ​ឡើងថ្លៃ​ណាស់ ។ ឥឡូវ​មនុស្ស​ធ្វើ​អ្នកមាន​ច្រើន​ណាស់​ដោយសារ​ដី ។ សម្តេច​តេ​ជោ​មាន​ប្រសា​ស៍​ថា បើ​ខ្ញុំ​មិន​រំលត់​សង្គ្រាម​ទ េ​អស់លោក​ក៏​មិន​អាច​មាន​សន្តិភាព​ហើយ​ប្រើប្រាស់​ដីធ្លី​នោះ​បាន​ដែរ ។

បើ​ខ្ញុំ​មិន​ដឹកនាំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ទៅ​កាន់​តំបន់​នោះ ដី​របស់​អស់លោក​នៅ​តែ​អត់​មាន​តម្លៃ​ឥឡូវ​ដី​គ្រប់កន្លែង​ឡើងថ្លៃ ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថាក្នុង​ពេល​ជួប​សំណេះសំណាល​និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ជាប់​និទ្ទេស​A​ម្តង​ៗ គឺ​ចំណាយអស់​ប្រមាណ​៨០០​លាន​រៀល ស្មើ​ប្រមាណ​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ សម្តេច​បាន​ជួប​សិស្ស​ប្រឡង​ជាប់​បាក់​ឌុ​បទ​ទួល​បាន​និទ្ទេស A ចាប់​តាំងពី​ឆ្នាំ​២០១៤ ហើយ​មក​ដល់​ឆ្នាំ​២០១៨​នេះ ជា​លើក​ទី​៥​ហើយ ។

នៅ​ចុងបញ្ចប់​នៃ​ពិធី​សំណេះសំណាល​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ផ្តល់រង្វាន់លើកទឹក​ចិត្ត​ដល់​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុ​ប​និទ្ទេស​A នៅ​ឆ្នាំ​២០១៨ ចំនួន​៤០៨​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​ស្លឹង​១ ដែល​ជា​ប្រាក់បោះពុម្ព​នៅ​ឆ្នាំ​១៥១៤ ក្រោយ​ពេល​ហ្លួង​ព្រះស្តេចកន​ឈ្នះ​សង្គ្រាម ហើយ​ត្រូវ​រើ​រាជ​ធានី​ទៅ​តាំងនៅ​ខេត្ត​ត្បូងឃ្មុំ​សព្វថ្ងៃ ។ ប្រាក់​ស្លឹង​នេះ យើង​បាន​យក​ពី​ប្រទេស​ហូ​ឡង់ ហើយ​បោះពុម្ព​ឡើង​វិញ​នៅ​ប្រទេស​សិង្ហ​បុរី ដែល​ធ្វើ​ពី​មាស​ផង និង​ធ្វើ​ពី​ប្រាក់​ផង​។ ការ​ផ្តល់​ជូន​ប្រាក់​ស្លឹង​នេះ ដើម្បី​ឲ្យ​ដឹង​ថា ខ្មែរ​យើង​មាន​ប្រាក់​ចាយ​តាំងពី​ឆ្នាំ​១៥១៤ ។

ក្រៅពី​នេះ សិស្ស​ម្នាក់​ៗ​ក៏​ទទួល​បាន​ប្រាក់​២លាន​រៀល អាយ​ផេ​ត​១​គ្រឿង​(​តម្លៃ​៤៨០​ដុល្លារ​)និង​សៀវភៅ​ម្នាក់​២​ក្បាល ដែល​១​ក្បាល​ជា​របស់លោកតា​ក្រម​ង៉ុ​យ និង​១​ក្បាល​ទៀត​ជា​សៀវភៅ​របស់​បណ្ឌិត អ៊ូ​ចុង ច្បាប់​គោរព​មាតាបិតា ។ដោយឡែក នាយក​សាលា​ចំនួន​១៧១​នាក់ដែល​អមដំណើរ​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុ​បទទួល​បាន​និទ្ទេស​A មក​ជួប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នា​ពេល​នេះ ម្នាក់​ៗ​ទទួល​បាន​ប្រាក់​ស្លឹង​១ សៀវភៅ​១​ប្រអប់ ថវិកា​ផ្ទាល់ខ្លួន​១​លាន​រៀល និង​ថវិកា​សម្រាប់​សាលា​ចំនួន​១៧១ ក្នុង​សាលា មួយ​ទទួល​បាន​៣​លាន​រៀល​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ដល់នាយក​សាលា​ថា ប្រាក់​៣​លាន​រៀល នាយក​សាលា​អាច​រៀបចំ​ទទួលទាន​បាយ​ជួបជុំ​គ្នា​ជាមួយ​លោកគ្រូ​អ្នកគ្រូ នៅ​ពេល​បុណ្យ​ឯករាជ្យ​ជាតិ ឬ​ក៏​នៅ​ពេល​បុណ្យអុំទូក ដើម្បី​លើកទឹកចិត្ត​ឲ្យ​លោកគ្រូ​អ្នកគ្រូ ខិតខំ​បង្រៀន​សិស្ស ដើម្បី​ឲ្យ​សិស្ស​ប្រឡង​ជាប់​កាន់តែ​ច្រើន ៕

អត្ថបទសរសេរ ដោយ