រាជធានីភ្នំពេញ ៖ នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ២០១៨ ក្នុងពេលបញ្ចប់ដំណើរទស្សនកិច្ចលើកទី៦ នៅកម្ពុជាលោកស្រី រ៉ូណា ស្មីត បានលើកឡើងថា លោកស្រីត្រូវបានគេបដិសេធមិនឲ្យជួបជាមួយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ កំពុងឃុំខ្លួននៅក្នុងផ្ទះ ដែលត្រូវបានដាក់ក្នុងការឃុំខ្លួន និងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ។
លោកស្រីបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកស្រីបានរំលឹកដល់រាជរដ្ឋាភិបាលក្នុងនាមអ្នកជំនាញមួយរូបដែលតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប លោកស្រីគួរត្រូវបានអនុញ្ញាតឲ្យចូលជួបលោក កឹម សុខា ជាលក្ខណៈឯកជនជាមួយជនទាំងឡាយដែលដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួន ។ លោកស្រីបានអះអាងដដែលៗថា វាហាក់បីដូចជា មានការយល់ច្រឡំចំពោះលោកស្រីដែលមកបំពេញការងារនៅកម្ពុជាលើកនេះ ។ លោកស្រីត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់ អ.ស.ប ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ហើយត្រូវឆ្លើយជាមួយប្រទេសជាសមាជិក អ.ស.ប ជុំវិញបញ្ហាសិទ្ធិមនុស្សនេះ ។ លោកស្រីបានលើកឡើងថា ចំពោះបេសកកម្មលើកទី៦នេះ លោកស្រីបានផ្តោតលើការធ្វើមូលដ្ឋានរូបនីយ៍កម្មនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់ អ.ស.ប និងយុទ្ធសាស្ត្រពាក់ព័ន្ធនានាជាពិសេសគោលដៅអភិវឌ្ឍទី១៦ ស្តីពី«សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ» ។ លោកស្រីថា បច្ចុប្បន្ននេះប្រទេសកម្ពុជាស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍មួយផ្សេងទៀត ។
បន្ទាប់ពីទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំ និងវឌ្ឍន៍ភាពគួរឲ្យកត់សម្គាល់ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាមានចក្ខុវិស័យប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ។ លោកស្រីបានលើកឡើងថា ដើម្បីជួយបង្ហាញផ្លូវឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យនេះរដ្ឋាភិបាលបានអនុម័តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៦ និងកំពុងរៀបចំនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព ។ លោកស្រីថា«ខ្ញុំសូមលើកទឹកចិត្តរដ្ឋាភិបាលឲ្យបញ្ចាប់យ៉ាងឆាប់រហ័ស និងធ្វើការផ្សព្វផ្សាយផែនការមូលដ្ឋានរូបនីយ៍កម្មនេះ» ។ លោកស្រីរ៉ូណាស្មីត អ្នករាយការណ៍ពិសេសនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសូមអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាកែលម្អនូវមធ្យោបាយទាំងឡាយ ដើម្បីដោះស្រាយបញ្ហាសិទ្ធិដីធ្លីដ៏ស្មុគស្មាញ តាមអភិក្រមគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព និងភាពត្រឹមត្រូវ ដើម្បីដោះវិវាទដីធ្លី និងការតាំងទីលំនៅ ។ ការលើកឡើងរបស់លោកស្រីបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅការិយាល័យឧត្តមស្នងការ អ.ស.ប ប្រចាំនៅកម្ពុជា ។
លោកស្រីបានលើកឡើងថា ក្តីព្រួយបារម្ភដែលបានលើកឡើងដោយប្រជាពលរដ្ឋនៅសហគមន៍បណ្តែតទឹកពេលដែលលោកស្រីទស្សនកិច្ចដែលបានឭទាក់ទងនឹងសិទ្ធិដីធ្លីដែលមានបញ្ជាក់ក្នុងញតិដែលលោកស្រីបានទទួលក្នុងដំណើរទស្សនកិច្ច១០របស់លោកស្រី ។ លោកស្រីថា«ខ្ញុំបានលើកឡើងពីកង្វល់ និងអនុសាសន៍របស់លោកដែលបានលើកឡើងនៅក្នុងរបាយការណ៍នោះ ហើយនៅក្នុងរបាយការណ៍បន្ថែម» ។ ពេលនេះលោកស្រីបានបញ្ចប់ដំណើរទស្សនកិច្ចលើកទី៦ របស់លោកស្រីក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់ អ.ស.បស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ។ លោកស្រីបានអរគុណចំពោះមន្ត្រីរាជរដ្ឋាភិបាលដែលបានសហការជួបពិភាក្សាជាមួយលោកស្រីផងដែ៕
ចែករំលែកព័តមាននេះ