ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក ជួន សំណាង និយាយ​ម៉េច​ខ្លះ​ពាក់ព័ន្ធ​នឹង​អាជីព​របស់​ខ្លួនជិត​30​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មាននិស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​វិស័យ​កីឡាប្រដាល់​លោក​ជួន សំណាង ដែល​ជា​មន្ត្រី​អាជ្ញាកណ្ដាល និង​ចៅក្រម​ប្រចាំ​សហព័ន្ធ​កីឡា​ប្រដាល់​​គុន​ខ្មែរ​ផង និង​ជា​មន្ត្រី​នគរបាល​ជាតិ​នៃ​ក្រសួង​មហា​ផ្ទៃ​ផង សុខចិត្ត​បោះបង់​ចោលការ​សិក្សា​ទាំង​វ័យក្មេង មក​ចាប់​អាជីព​ជា​អ្នក​ប្រដាល់​មុន​មក​កាន់​ការងារ​បច្ចុប្បន្ន​ដែល​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ជិត​៣០​ឆ្នាំ​ហើយ​។ ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មាននិស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​វិស័យ​កីឡាប្រដាល់​លោក​ជួន សំណាង ដែល​ជា​មន្ត្រី​អាជ្ញាកណ្ដាល និង​ចៅក្រម​ប្រចាំ​សហព័ន្ធ​កីឡា​ប្រដាល់​​គុន​ខ្មែរ​ផង និង​ជា​មន្ត្រី​នគរបាល​ជាតិ​នៃ​ក្រសួង​មហា​ផ្ទៃ​ផង សុខចិត្ត​បោះបង់​ចោលការ​សិក្សា​ទាំង​វ័យក្មេង មក​ចាប់​អាជីព​ជា​អ្នក​ប្រដាល់​មុន​មក​កាន់​ការងារ​បច្ចុប្បន្ន​ដែល​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ជិត​៣០​ឆ្នាំ​ហើយ​។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព លោក​ជួន សំណាង បាន​លើក​ឡើង​ពី​វិស័យ​​កីឡា​ប្រដាល់​បច្ចុប្បន្ន​ថា ពិតជា​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​បើ​ប្រៀប​នឹង​កីឡា​មួយ​ចំនួន​ដែល​ហាក់ដូច​មាន​តែ​ឈ្មោះ​តែ​មិនសូវ​ឃើញ​មាន​សកម្មភាព​ផុសផុល​ដូច​កីឡា​ប្រដាល់​ដែល​បាន​បង្កើត​សង្វៀន​ប្រដាល់​ស្ទើរតែ​គ្រប់​ស្ថានីយ​ទូរ​ទស្សន៍​ហើយ​ស្ថានីយ​នីមួយ​ៗ​មាន​សង្វៀន​ចាប់​ពី​ពីរ​ឡើង​នោះ ។ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ផ្នែក​បរិមាណ​ក៏​យើង​មិន​ត្រូវ​ភ្លេច​ពង្រឹងគុណភាព​កីឡាករ​ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ដូច​ជា​អាជ្ញា​កណ្ដាល​និង​ចៅ​ក្រម​ដែល​ជា​កម្លាំង​ស្នូល​ក្នុង​ការ​ទ្រទ្រង់​ឱ្យ​វិស័យ​កីឡា​មួយ​នេះ​ដើរទៅ​មុខ​ផង​ដែរ ។

ក្នុង​នាមរូប​លោក​ជា​មន្ត្រី​អាជ្ញា​កណ្ដាល និង​ចៅក្រម​មួយ​រូប​ដែរ​នោះ លោក​សំណូមពរ​ដល់​សហព័ន្ធ​សូម​បើក​វគ្គ​បណ្ដុះបណ្ដាល​ឱ្យ​បាន​ញឹកញាប់​បន្តិច​ដើម្បី​ពង្រឹងសមត្ថភាព​បច្ចេកទេស​ចៅក្រម​និង​អាជ្ញាកណ្ដាល​ឱ្យ​កាន់តែ​មានការ​យល់​ដឹង​បន្ថែម​ទៀត​ឈាន​ទៅ​​បម្រើ​ដល់​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ធំ​ៗ ។ ជាង​នេះ​ទៀត ក៏​ត្រូវ​ធ្វើការ​បែងចែក​ឱ្យ​ដាច់​រវាង​ការ​ធ្វើ​អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​និង​អន្តរជាតិ ។ លោក​ក៏​សូម​ឱ្យ​ថ្នាក់ដឹកនាំ​សហព័ន្ធ​មាន​វិធានការ​ចំពោះ​រាល់​ការងារ​ផ្សេង​ៗ​ដូច​ជា​ការ​ថ្លឹង​ចាប់​គូ​សូម​ឱ្យ​មាន​ភាព​សុក្រឹត​ត្រឹមត្រូវ កុំ​ចេះ​តែ​យក​កីឡាករ​ដដែល​ៗ​ឡើង​ប្រកួត​នោះ​។

គួរ​បញ្ជាក់​ថា លោក ជួន សំណាង បាន​ឈាន​ជើង​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​កីឡា​ប្រដាល់​​តាំងពី​ឆ្នាំ​១៩៨៩ មក​ម្លេ​៉ះ ។ ដំបូង​ឡើយ​លោក​គឺជា​សិស្សគណ​នៅ​ក្នុង​ក្លិប​ឥសី​សិល្បៈ គ្រូបង្ហាត់​របស់​លោក​គឺ​លោកគ្រូ​តា កែវ នាង មា​នទី​តាំងនៅ​ខេត្តបាត់ដំបង ។ ​កាល​ណោះ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​មិន​ទាន់​មានការ​រីក​ចម្រើន​នៅឡើយ​នោះ​ទេ ដូច្នេះ​លោក​បាន​ត្រឹមតែ​ប្រកួត​នៅ​តាម​ភូមិ​ក្នុង​កម្មវិធី​បុណ្យ​ទាន​តាម​វត្ត​ប៉ុណ្ណោះ ។

ក្រោយមក វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​មានការ​រីក​ចម្រើន​ជា​លំដាប់ ហើយ​រូប​លោក​ក៏​កាន់តែ​មានការ​អភិវឌ្ឍ​ផ្នែក​វិជ្ជា​គុន​ប្រដាល់​ផង​ដែរ ទើប​នៅ​ក្នុង​ឆ្នាំ​១៩៩៨​លោក​ក៏​សម្រេចចិត្ត​បង្កើត​ក្លិប​ប្រដាល់​ខ្លួនឯង ដោយ​ដាក់​ឈ្មោះ​ថា ក្លិប​កសិករ​ជោគជ័យ នៅ​ក្នុង​ខេត្តបាត់ដំបង​ដែល​មាន​រូប​លោក​ធ្វើ​ជា​គ្រូបង្វឹក​ផ្ទាល់ ។ រហូត​ដល់​ឆ្នាំ​២០០០​លោក​បាន​ផ្លាស់​មក​រស់នៅ​រាជធានី​ភ្នំពេញ​និង​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​អាជ្ញាកណ្ដាល​តាំងពី​ពេល​នោះ​មក ។

ទន្ទឹម​គ្នា​នេះ​ដែរ អតីត​កីឡាករ​ប្រដាល់​ដែល​មានស្រុក​កំណើត​នៅ​ខេត្ត​ដំបង​រូប​នេះ​ក៏​សម្រេចចិត្ត​បង្កើត​ក្លិប​ប្រដាល់​មួយ​កន្លែង​នៅ​សង្កាត់​ច្បារ​អំពៅ​ដោយ​ដាក់​ឈ្មោះ​ថា ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ដែល​មាន​សិស្ស​កំពុង​ហ្វឹកហាត់​ជា​ប្រចាំ​ជាង​១០​នាក់​ប៉ុន្តែ
ភាគច្រើន​ជា​សិស្ស​ថ្មី បទ​ពិសោធន៍​នៅ​ក្មេងខ្ចី​នៅឡើយ​។​ លោក​ធ្លាប់​បម្រើ​ការងារ​ជា​អាជ្ញាកណ្ដាល​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ តែ​ក្រោយ​មក​លោក​ក៏​បាន​ផ្លាស់​មក​នៅ​ប៉ុស្តិ៍​បាយ័ន​រហូត​ដល់​សព្វថ្ងៃ ។ ការ​ធ្វើ​ជា​ចៅក្រម និង​អាជ្ញាកណ្ដាល​សព្វថ្ងៃ​ក្នុង​១​កម្មវិធី​ប្រកួត​លោក​ទទួល​បាន​ប្រាក់​កម្រៃ​ហត់នឿយ​១៥​ដុល្លារ ហើយ​ក្នុង​១​ស​ប្ដា​ហ៍​លោក​ធ្វើ​៣​កម្មវិធី​ដូច្នេះ​លោក​ទទួល​បាន​៤៥​ដុល្លារ​ដែរ ។

លោក​ថា ទោះបី​ប្រាក់​កម្រៃ​ដែល​លោក​ទទួល​បាន​ពី​អាជីព​មួយ​នេះ​មិន​អាច​ឱ្យ​គ្រួសារ​លោក​រស់​ក្នុង​ជីវភាព​ធូរធារ​មែន​តែ​លោក​នៅ​តែ​តស៊ូ​ទ្រាំ​ធ្វើ​ដោយសារ​តែ​ការ​ស្រឡាញ់។ លោក ជួន សំណាង សព្វថ្ងៃ​គឺជា​មន្ត្រី​ប៉ូលិស​ពាក់​សក្ដិ​២​នៅ​ក្រសួងមហាផ្ទៃ ទទួល​បាន​ប្រាក់ខែ​១​លាន​៤​សែន​រៀល ។ ចំណែក​ប្រពន្ធ​របស់​លោក​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ដោយ​ទទួល​បាន​ប្រាក់ខែ​ជាង​១០០​ដុល្លារ​ដែរ ។

ប្រាក់​ខែ​លោក​និង​ភរិយា​បាន​ត្រឹម​ម៉ា​រស់​មិន​អាច​ធ្វើ​មានបាន​ទេ ដោយសារ​លោក​ជួល​ផ្ទះ​គេ​នៅ​រយៈពេល​១៨​ឆ្នាំ​មក​ហើយដោយ​ក្នុង​១​ខែ​១៦០​ដុល្លារ​ហើយ​ត្រូវ​ចិញ្ចឹម​កូន​២​នាក់​ទៀត ឱ្យ​បាន​រៀនសូត្រ​ដោយ​កូនស្រី​ច្បង​អាយុ​១៨​ឆ្នាំ​រៀន​ថ្នាក់​ទី​១២ និង​កូនប្រុស​ប្អូន​អាយុ​១៥​ឆ្នាំ​រៀន​ថ្នាក់​ទី​១០​នៅឡើយ​។

អតីត​កីឡាករ​ដែល​មាន​វ័យ​៤៥​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ទោះបី​ជួប​ការ​លំបាក​ក្នុង​ជីវភាព​យ៉ាងណា​ក៏​ដោយ​ក៏​លោក​មាន​មោទនភាព​ដែរ ដោយសារ​តែ​លោក​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​នៅ​ក្នុង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ធ្វើ​ឱ្យ​លោក​មាន​មុខមាត់ មាន​គេ​ស្គាល់​ច្រើន រហូត​ធ្វើ​ឱ្យ​លោក​មានឱកាស​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​នគរបាល​ជាតិ​មាន​ប្រាក់ខែ​ត្រឹមត្រូវ​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ