ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​រក​វិធី​ការពារ​ពួក​ព្រាយ​បិសាច​ភ្លាម​ក្រោយ​សម្រាលកូន​រួច

5 ឆ្នាំ មុន

អាង​លើ​ក្បួនតម្រា​ដែល​មាន​កត់ត្រា​តាំងពី​បុ​រម​បុរាណ​មក ខ្មែរ​យើង​តែង​មាន​វប្បធម៌​មួយ​គឺ​មាន​ជំនឿ​ថា មាន​ពួក​អមនុស្ស ខ្មោច ព្រាយ បិសាច តាម​ធ្វើបាប​ក្រោយ​ពេល​ស្ត្រី​ជា​ម្ដាយ​សម្រាលកូន​រួច​ភ្លាម បើ​មិន​មាន​វិធី​ការពារ​ទេ នោះ​កូន​និង​ម្ដាយ​ច្បាស់​ជា​រស់នៅ​មិន​បាន​សុខ​ឡើយ គឺ​កើត​មាន​ហេតុភេទ​មិន​ចេះ​ចប់​។…

អាង​លើ​ក្បួនតម្រា​ដែល​មាន​កត់ត្រា​តាំងពី​បុ​រម​បុរាណ​មក ខ្មែរ​យើង​តែង​មាន​វប្បធម៌​មួយ​គឺ​មាន​ជំនឿ​ថា មាន​ពួក​អមនុស្ស ខ្មោច ព្រាយ បិសាច តាម​ធ្វើបាប​ក្រោយ​ពេល​ស្ត្រី​ជា​ម្ដាយ​សម្រាលកូន​រួច​ភ្លាម បើ​មិន​មាន​វិធី​ការពារ​ទេ នោះ​កូន​និង​ម្ដាយ​ច្បាស់​ជា​រស់នៅ​មិន​បាន​សុខ​ឡើយ គឺ​កើត​មាន​ហេតុភេទ​មិន​ចេះ​ចប់​។ ខាងក្រោម​នេះ​ជា​ទំនៀមទម្លាប់​តាំងពី​ដើម​រៀង​មក ដែល​ចាស់​ៗ​តែង​ធ្វើ​ក្រោយ​ពេល​ស្ត្រី​ជា​ម្ដាយ​សម្រាលកូន​រួច តាម​ការ​អះអាង​របស់​លោកតា​ហោរាចារ្យ រិ​ន ខេមរា ។

លោកតា​រិ​ន ខេមរា​រៀបរាប់​ថា នៅ​ពេល​សម្រាលកូន​រួច ដាច់ខាត​កុំ​ភ្លេច​យក​កូនកាំបិត​រុំ​ដោយ​ក្រណាត់​ស​ដាក់​នៅ​លើ​ក្បាល​ដំណេក​ទារក​ដែល​កំពុង​គេង​នោះ ដើម្បី​ជា​អាវុធ​ការពារ​ក្រែង​មាន​ខ្មោច បិសាច​មក​យាយី លង​បន្លាច​ធ្វើ​ឱ្យ​កូន​គេង​មិន​លក់​នៅ​មិន​សុខ​ចេះ​តែ​ស្រែកយំ​មិន​ឈប់ និង​ដើម្បី​ការពារ​កុំឱ្យ​មាន​អ្វី​មក​រុកកួន​ម្ដាយ និង​កូន​តូច ។

បើ​តាម​ទំនៀមទម្លាប់​ខ្មែរ​យើង នៅ​ពេល​ស្ត្រី​សម្រាលកូន​ហើយ​ភ្លាម ចាស់​ៗ​ដែល​គាត់​យល់​ការ​តែង​ប្រើ​ឱ្យ​អ្នក​ណា​ម្នាក់​ទៅ​កាប់​មែកឈើ​ដែល​មាន​បន្លា​មក​ដាក់​នៅ​មាត់ទ្វារ ឬ​មាត់​បង្អួច​ជា​បន្ទាន់ ព្រោះ​ចាស់​ៗ​មាន​ជំនឿ​ថា អាច​មាន​អាប ធ្មប់ ខ្មោច ព្រាយ បិសាច មក​រក​ហុតឈាម​ស្ត្រី​ជា​ម្ដាយ ឬ​រកស៊ី​កាក​សំណល់​ផ្សេង​ៗ​ធ្វើ​ឱ្យ​នាង​កើត​ជំងឺ​ម្យ៉ាង​ឈ្មោះ​ព្រាយ​ក្រឡាភ្លើង​។ ដូច្នេះ​ហើយ​បើ​ព័ទ្ធ​បន្លា​ជុំវិញ​ផ្ទះ ខ្មោច អាប​ទាំងនោះ​នឹង​មិន​ហ៊ាន​ចូល​ជិត​ឡើយ ។

លោកគ្រូ​ហោរាចារ្យ​បាន​ប្រាប់​ទៀត​ថា នៅ​ពេល​ស្ត្រី​សម្រាលកូន​ហើយ​ភ្លាម គ្រួសារ​ត្រូវ​ចាត់​នរណា​ម្នាក់​ឱ្យទៅ​អញ្ជើញ​គ្រូ​ចេះ​មន្តអាគម​មក​សូត្របាលី​ប្រោះព្រំ ហើយ​យក​កំបោរ​ទៅ​គូសសញ្ញា​ជើងក្អែក​នៅ​តាម​មាត់ទ្វារ និង​មាត់​បង្អួច​ឱ្យ​បាន​លឿន​បំផុត ព្រោះ​តាម​ជំនឿ​បើ​មិន​បាន​ធ្វើ​បែប​នេះ​ទេ ស្ត្រី​ជា​ម្ដាយ​នឹង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចេះ​តែ​ឃើញ​នេះ​ឃើញ​នោះ​នៅ​មិន​សុខ​ក្នុង​ខ្លួន​ដោយសារ​តែ​មាន​ខ្មោច​បិសាច​មក​យាយី ។

លោកតា បាន​បញ្ជាក់​ថា ក្រោយ​សម្រាលកូន​ហើយ​ភ្លាម រឿង​មួយ​ដែល​ចាស់​ៗ​មិន​ដែល​ភ្លេច គឺ​យក​ខ្សែ​សីមា​មាន​បាលី​ការពារ យក​ទៅ​ព័ទ្ធ​ជុំវិញ​ផ្ទះ និង​កន្លែង​គេង ដើម្បី​ការពារ​កូន និង​ម្ដាយ​កុំឱ្យ​មាន​អ្វី​មក​បៀតបៀន​។ នេះ​ជា​ទំនៀមទម្លាប់​របស់​ខ្មែរ​តាំងពី​បុរាណ​មក គឺ​ត្រូវធ្វើ​បែប​នេះ ទើប​ម្ដាយ​និង​កូន​រស់នៅ​បាន​ស្ងប់​សុខ​គ្មាន​អ្វី​ហ៊ាន​ចូល​មក​យាយី​ឡើយ ៕