រាជធានីភ្នំពេញ ៖ ក្រុមចោរដែលឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋកំពុងធ្វើដំណើរលើដងផ្លូវក្នុងរាជធានីភ្នំពេញរាល់ថ្ងៃនេះ និងកិច្ចប្រតិបត្តិការបង្ក្រាបក្រុមចោរឆក់នោះ ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី៧ វិច្ឆិកា ២០១៨ បានចេញផ្សាយនូវឃ្លីបវីដេអូមួយឈុតស្តីពីសកម្មភាព ដោយមិនរង់ចាំពាក្យបណ្តឹងជនរងគ្រោះ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ថ្មីៗនេះមានករណីឆក់កាបូបមួយកើតឡើងបណ្តាលឲ្យស្ត្រីម្នាក់ដួលម៉ូតូបោកទៅនឹងថ្នល់គួរឲ្យរន្ធត់ នាថ្ងៃទី២៧ តុលា ២០១៨ ម៉ោងប្រមាណ៦និង២០នាទី នៅចំណុចផ្លូវជាតិលេខ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។ ក្រោយពេលកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានដល់សមត្ថកិច្ចអាវុធហត្ថទេ តែ៤ថ្ងៃក្រោយមកកម្លាំងអាវុធហត្ថបានឃើញព័ត៌មានស្តីពីករណីឆក់កាបូបខាងលើនេះតាមរយៈបណ្តាញសង្គមហ្វេសប៊ុក អាវុធហត្ថក៏ចាត់វិធានការស្រាវជ្រាវជាបន្ទាន់ និងតាមវែងរកមុខសញ្ញាក្រុមចោរឆក់ទាំងនោះ។
រហូតដល់ថ្ងៃទី៣ វិច្ឆិកា សមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារសហការជាមួយកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ១.ឈ្មោះ សុខ ពន្លឺ ២.ឈ្មោះ រស់ សែនវាសនា ហៅមិត្ត និង៣.ឈ្មោះ នួន រស្មី ហៅតុង នៅចំណុចភូមិបាក់ខែង និងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថជនសង្ស័យទាំង៣នាក់ព្រមសារភាពថា ពួកគេគឺពិតជាធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះខាងលើពិតប្រាកដមែន ដែលនៅថ្ងៃកើតហេតុពួកគេធ្វើសកម្ម ភាពតែ៤នាក់ប៉ុណ្ណោះ តែរយៈកាលកន្លងមកក្រុមពួកគេមានគ្នា៦នាក់តែងចេញធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទលើដងផ្លូវគ្រប់ទីកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ដូចជាតាមបណ្តោយផ្លូវជាតិលេខ៦A តំបន់ព្រែកលាប តំបន់ផ្លូវលីយ៉ុងផាត់ តំបន់វត្តក្តីចាស់ ផ្លូវសហព័ន្ធរុស្សី តំបន់ស្ពានអាកាស៧មករា តំបន់ក្រោមស្ពានជ្រោចង្វារ តំបន់ផ្សារកណ្តាល ខណ្ឌដូនពេញ និងតំបន់ផ្សេងៗទៀត ។
បច្ចុប្បន្នក្រៅពីក្រុមចោរទាំង៣នាក់ដែលឃាត់ខ្លួនបាននេះ គឺនៅមានបក្សពួកគេ៣នាក់ទៀតកំពុងរត់គេច ១.ឈ្មោះ សោម ពេជ្រ ហៅពេជ្រខ្មោច ២.ឈ្មោះ ពេជ្រ ហៅ ពេជ្រតូច និង៣.ឈ្មោះ រិទ្ធ ហៅ លឹប ។ ក្រោយស៊ើបអង្កេត និងស្តាប់ចម្លើយជនសង្ស័យ សមត្ថកិច្ចបានស្វែងជនរងគ្រោះដែលត្រូវ ក្រុមចោរទាំងនេះឆក់កាបូបបណ្តាលឲ្យដួលម៉ូតូកាលពីថ្ងៃទី២៧ តុលា មកដាក់ពាក្យបណ្តឹងបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសក្រុមចោរទាំងនេះតាមច្បាប់ ។
ជាមួយនេះផងដែរ សមត្ថកិច្ចកងរាជអាវុធហត្ថសូមអំពាវនាវដល់មហាជន ប្រសិនបានឃើញ ឬស្គាល់ជនសង្ស័យទាំង៣នាក់ដែលរត់គេចខ្លួនខាងលើ ជួយផ្តល់ដំណឹងដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ 017 81 81 71 ឬសមត្ថកិច្ចដែលនៅជិតលោកអ្នក ដោយមានការធានារក្សាការសម្ងាត់ជូនទៀតផង ៕
https://www.youtube.com/watch?v=YJduFCGUsj4
ចែករំលែកព័តមាននេះ