ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រុកកំពុងផ្អើលខ្លាំង… រឿងចោរបើក​ឡាន​​លួច​​​មាន់​​​តាម​​ផ្ទះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ក្រុម​ចោរហារយ​ជិះ​រថយន្ត​តាម​ផ្លូវជាតិ​លេខ​៥ ចូល​លួច​មាន់​តាម​ផ្ទះ​ប្រជាពលរដ្ឋនា​វេលា​កណ្ដាលអធ្រាត្រ នៅ​ក្នុង​ទឹកដី​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ។មិនតែប៉ុណ្ណោះ លោក​ចោរ​ថ្លើមធំ​ហ៊ាន​ចូល​លួច​មាន់​ក្នុងផ្ទះ​ពលរដ្ឋ​នៅ​ក្បែរ​ប៉ុស្ដិ៍​នគរបាល​ទៀត ។…

ខេត្តបាត់ដំបង ៖ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ក្រុម​ចោរហារយ​ជិះ​រថយន្ត​តាម​ផ្លូវជាតិ​លេខ​៥ ចូល​លួច​មាន់​តាម​ផ្ទះ​ប្រជាពលរដ្ឋនា​វេលា​កណ្ដាលអធ្រាត្រ នៅ​ក្នុង​ទឹកដី​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ។មិនតែប៉ុណ្ណោះ លោក​ចោរ​ថ្លើមធំ​ហ៊ាន​ចូល​លួច​មាន់​ក្នុងផ្ទះ​ពលរដ្ឋ​នៅ​ក្បែរ​ប៉ុស្ដិ៍​នគរបាល​ទៀត ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ភូមិ​ដែល​រង​គ្រោះ តែ​លោក​មេ​ប៉ុស្ដិ៍​កំពង់​ព្រៀង​បាន​ឆ្លើយ​តប​ថា «​រហូត​មក​ដល់​ពេល​នេះ សកម្ម​ភាព​របស់​ក្រុម​ចោរ​មិន​ទាន់​បង្ក​ឲ្យ​កើត​មាន​កល​យុគ​នៅឡើយ​ទេ​» ។

ជាក់ស្ដែង កាលពី​វេលា​ម៉ោងជាង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ក្រុម​ចោរ​ដែល​មាន​រថយន្ត​បើក​អម​តាម​ក្រោយ​លើ​ផ្លូវជាតិ​លេខ​៥ ចាំ​ដឹក​មាន់​ផង បាន​ចូល​លួច​មាន់​តាម​ផ្ទះ​ពលរដ្ឋ​ចំនួន​៤​កន្លែង​ក្នុង​មួយ​យប់ នៅ​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ក្នុង​នោះ​មាន​២​កន្លែង​ស្ថិត​នៅ​ក្បែរ​ប៉ុស្ដិ៍​នគរបាល​ឃុំ​កំពង់​ព្រៀង​តែ​ម្ដង ។ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​ក្រុម​ចោរហារយ​ចូល​លួច​មាន់​មាន ១-ឈ្មោះ ស៊ឺ​ង ភេទ​ប្រុស ២-​ឈ្មោះ ហេង សារី ភេទ​ប្រុស ៣-​ឈ្មោះ គី ភេទ​ប្រុស និង​៤-​ឈ្មោះ សេត ភេទ​ស្រី ។ ជន​រង​គ្រោះ​ឈ្មោះ គី និង​ឈ្មោះ សេត មានផ្ទះ​នៅ​ក្បែរ​ប៉ុស្ដិ៍​នគរបាល​កំពង់​ព្រៀង​តែ​ម្ដង ។

បើ​តាម​ជន​រង​គ្រោះ​ប្រាប់​ថា ក្រុម​ចោរ​អាច​មាន​គ្នា​ច្រើន​នាក់​បាន​ចូល​លួច​មាន់​តាម​ផ្ទះ​អ្នក​ភូមិ​នៅ​វេលា​រំលង​អធ្រាត្រ ដោយ​ម្នាក់​ៗ​បាត់​អស់​មាន់​រាប់​សិប​ក្បាល​ពី​ក្នុង​ទ្រុង ។ ម្ចាស់ផ្ទះ​ដដែល​និយាយ​ថា រោង​មាន់​ខ្លះ​បាន​ចាក់សោ​ទ្វារ តែ​ពួក​ចោរ​បាន​គាស់​ទម្លាយ​ចូល​លួច​មាន់​គ្មាន​សល់ រីឯ​ផ្ទះ​ខ្លះ​មាន់​ដេក​នៅ​ចុងជើង​៤​ទៅ​៥​ក្បាល​ក៏​ត្រូវ​ចោរលួច​អស់​ដែរ ។ ជា​ពិសេស ម្ចាស់ផ្ទះ​ដែល​នៅ​ក្បែរ​ប៉ុស្ដិ៍​នគរបាល​កំពង់​ព្រៀង​តែ​ម្ដង ដែល​មិន​រំខាន​ដល់​ដំណេក​មន្ត្រី​ប៉ុស្ដិ៍​នេះ​ឡើយ ។

ជាមួយនឹង​សកម្មភាព​ចោរលួច​មាន់​នេះ អ្នក​ភូមិ​បាន​ប្រាប់​ថា នៅ​យប់​នោះ​គេ​ឃើញ​រថយន្ត ១​គ្រឿង​ភិនភាគ​ដូច​រថយន្ត​នី​ស្សាន់​មួយ​បាំង​កន្លះ​បាន​បើក​ឈប់​ៗ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូស​ទូក តែ​គេ​មិន​បាន​ចាប់អារម្មណ៍​លើ​រថយន្ត​នោះ​ទេ ។ លុះ​ព្រឹក​ឡើង ពេល​ម្ចាស់ផ្ទះ​និយាយ​ពី​រឿង​បាត់​មាន់ ទើប​ពលរដ្ឋ​ដទៃ​ទៀត​នាំ​គ្នា​ភ្ញាក់ផ្អើល​អួត​ពី​រឿង​បាត់​មាន់​ពេញ​ភូមិ ហើយ​គេ​ដាក់​ការ​សង្ស័យ​ទៅ​លើ​រថយន្ត​ដែល​គេ​ប្រទះ​ឃើញ​កណ្ដាល​យប់​នោះ​ថា អាច​ជា​រថយន្ត​ក្រុម​ចោរ​ដែល​បើក​តាម​ចាំ​ដឹក​មាន់​ដែល​លួច​បាន។

លោក ប៉ែន ចាន់​រ័​ត្ន នាយ​ប៉ុស្ដិ៍​កំពង់​ព្រៀង បាន​និយាយ​ចំពោះ​ដំណឹង​នេះ​ថា ពលរដ្ឋ​បាន​បាត់​មាន់​តែ​៤​ឬ​៥​ក្បាល​ទេ ហើយ​ក៏​មិន​បាត់​ច្រើន​ផ្ទះ​ដែរ ។ នៅ​ពេល​សួរ​ថា អ្នក​ភូមិ​ប្រាប់​ថា ក្រុម​ចោរ​បាន​ចូល​លួច​មាន់​នៅផ្ទះ​ពលរដ្ឋ​ដែល​នៅ​ក្បែរ​ប៉ុស្ដិ៍​នគរបាល តើ​មាន​មែន​ឬទេ ?លោក ប៉ែន ចាន់​រ័​ត្ន បដិសេធ​ថា «​គ្មាន​ចោរលួច​មាន់នៅ​ក្បែរ​ប៉ុស្ដិ៍​ទេ​» ។

លោកនាយ​ប៉ុស្ដិ៍​រូប​នេះ​បាន​ព្យាយាម​លាក់បាំង​ចំពោះ​បទល្មើស​នេះ ប៉ុន្តែ​ត្រូវ​បាន​ទម្លាយ​ដោយ​ជន​រង​គ្រោះ ។ លោកនាយ​ប៉ុស្ដិ៍​ថែម​ទាំង​បាន​ស្រែកសួរ​រកមុខ​អ្នក​ផ្ដល់​ព័ត៌មាន​នេះ​ដូច្នេះ​ថា តើ​អ្នក​ណា​រាយការណ៍​រឿង​នេះ? ជាមួយនឹង​សកម្មភាព​ក្រុម​ចោរ​បើករថយន្ត​ដើរ​លួច​មាន់​ផ្អើល​ពេញ​ភូមិ​នេះ លោក ប៉ែន ចាន់​រ័​ត្ន បាន​ឆ្លើយ​តប​ទៀត​ថា «​សកម្មភាព​ក្រុម​ចោរ​មិន​ទាន់​បង្ក​ឲ្យ​កើត​មាន​កល​យុគ​ទេ គឺ​លួច​តែ​៤​ឬ​៥​ក្បាល​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​អ្នក​ប្ដឹង​ដែរ ។

ផ្ទុយ​ពី​ការ​ឆ្លើយ​តប​របស់​លោក ប៉ែន ចាន់​រ័​ត្ន នាយ​ប៉ុស្ដិ៍​កំពង់​ព្រៀង​ប្រជា​ពល​រដ្ឋ​បាន​និយាយ​តប​វិញ​ថា «​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោ​ម​៤​នាក់​បាន​ប្ដឹង​ទៅ​ប៉ុស្ដិ៍​នគរបាល​រឿង​បាត់​មាន់​នេះ រីឯ​៣​នាក់​ទៀត​មិន​បាន​ប្ដឹង​ទេ ព្រោះ​គ្មាន​ជំនឿ​លើ​ចំណាត់ការ​របស់​សមត្ថកិច្ច​» ។ ចំពោះ​មាន់​ដែល​លោក​មេ​ប៉ុស្ដិ៍​ប្រាប់​ថា បាត់​តែ​៤​ឬ​៥​ក្បាល​នោះ ត្រូវ​ពលរដ្ឋ​ប្រាប់​ថា ឈ្មោះ​ស៊ឺ​ងបាត់​មាន់​អស់​១៥​ក្បាល ឈ្មោះ​ហេង សារី បាត់មាន់​៥​ក្បាល ឈ្មោះ​សេត បាត់​មាន់​៨​ក្បាល និង​ឈ្មោះ គី បាត់​មាន់​១៣​ក្បាល ។

អ្នក​ភូមិ​បាន​ចោទ​លោក​មេ​ប៉ុស្ដិ៍​កំពង់​ព្រៀង​ថា «​បាន​ផ្ដល់​ព័ត៌មាន​ភូត​កុហក​» សូ​ម្បី​តែ​ទីតាំង​កើតហេតុ ក៏​គេ​មិនឃើញ​លោក​មេ​ប៉ុស្ដិ៍​រូប​នេះ ឬ មន្ត្រី​ណា​ម្នាក់​ចុះ​ពិនិត្យ​ឬ​សួរនាំ​ធ្វើ​កំណត់ហេតុ​ដែរ បើ​ទោះជា​មាន​ពលរដ្ឋ​ម្នាក់​ទៅ​ប្ដឹង​និង​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ក្ដី ។

បើ​តាម​ប្រជាពលរដ្ឋ​និយាយ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ក្រុម​ចោរ​ជិះ​រថយន្ត​ដដែល​ៗនេះ ធ្វើ​សកម្មភាព​ដើរ​លួច​មាន់​អ្នក​ភូមិ​នៅ​ក្នុងឃុំ​កំពង់​ព្រៀង តែ​គេ​មិន​ដែល​ឃើញ​មាន​វិធាន​ការ​ទប់ស្កាត់​ពី​កម្លាំង​សមត្ថកិច្ច​ឡើយ បើ​ទោះជា​ប្រជាពលរដ្ឋ​ធ្លាប់​រាយការណ៍​អំពី​សកម្មភាព​របស់​ក្រុម​ចោរលួច​មាន់​នេះ​ជា​បន្តបន្ទាប់​ក្ដី​។ ផ្ទុយ​ទៅ​វិញ លោកនាយ​ប៉ុស្ដិ៍ បែរជា​គំរាម​សួរ​រកមុខ​ពលរដ្ឋ​ដែល​ផ្ដល់​ព័ត៌មាន​ទៅ​អ្នក​សារព័ត៌មាន​ទៅ​វិញ ។

អ្នក​ភូមិ​បញ្ជាក់​ថា ក្រុម​សង្គម​ងងឹត​នេះ​អាច​ដើរ​ពិនិត្យ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ជា​មុន មុន​ពេលធ្វើ​សកម្មភាព ដែល​អ្នក​ភូមិ​មិន​បាន​ចាប់អារម្មណ៍ ។ បើ​តាម​ការ​កត់សម្គាល់​របស់​អ្នក​ភូមិ​ថា យ៉ាង​យូរ​រយៈពេល​១​ខែ គឺ​ក្រុម​នេះ​ចេញ​ធ្វើ​សកម្មភាព​លួច​មាន់​អ្នក​ភូមិ​នៅ​តំបន់​នោះ​ម្ដង តែ​សមត្ថកិច្ច​ហាក់​ធ្វើ​ព្រងើយកន្តើយ​លើ​បញ្ហា​សន្តិសុខ​នេះ​សម្បើម​ណាស់ មិនរ​វីរ​វល់​នឹង​ការ​ផ្ដល់​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ទេ ។

ជុំវិញ​សកម្មភាព​ក្រុម​ចោរហារយ​បើករថយន្ត​ដើរ​លួច​មាន់​ផ្អើល​ភូមិ នៅ​ឃុំ​កំពង់​ព្រៀង​នេះ លោក​ឧត្តម​សេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទ​ទូល​បាន​របាយការណ៍​ស្ដី​ពី​ក្រុម​ចោរលួច​មាន់​នេះ​ទេ ព្រោះ​មន្ត្រី​មូលដ្ឋាន​បាន​មិន​រាយការណ៍ ។ លោក​មិន​យល់​អំពី​ការងារ​របស់​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន​ទេ ដែល​ធ្វើ​ការងារ​យឺតយ៉ាវ​ចំពោះ​បញ្ហា​បទល្មើស​ដែល​បាន​កើតឡើង មិន​ព្រម​រាយការណ៍ តែ​បែរជា​ព្យាយាម​បិទ​បាំង​ទៅ​វិញ ។

សូម​បញ្ជាក់​ថា អំពើ​«​ចោរកម្ម​»​ស្ទើរ​គ្រប់​បែប​យ៉ាង ហាក់​កំពុង​អ​ង្រូ​ន​ខេត្តបាត់ដំបង​ខ្លាំងណាស់នា​បច្ចុប្បន្ន​នេះ ខណៈ​តំណែង​ស្នងការ​រង​ខេត្ត បាន​កើនឡើង​រហូត​ដល់​ជិត​៣០​រូប​ហើយ ។វត្តមាន​ស្នងការ​រង​ដ៏​ច្រើន​នេះ មិន​បាន​ធ្វើ​ឲ្យ​ក្រុម​ជន​ទុច្ចរិត​ខ្លបខ្លាច​ឡើយ ផ្ទុយ​ទៅ​វិញ​បទល្មើស​កើនឡើង​កាន់តែ​ខ្លាំង ។ មន្ត្រី​មួយ​ចំនួន​និយាយ​ថា ពេល​នេះ​មន្ត្រី​នៅ​ស្នងការដ្ឋាន​ខេត្ត និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន កំពុង​សប្បាយ​រីករាយ​នឹង​ការ​ឡើងបុណ្យស័ក្ដិ និង​ទទួល​តំណែង​ថ្មី ដូច្នេះ​មិនសូវ​ខ្វាយខ្វល់​ពី​រឿង​ការងារ​សន្តិសុខ​ទេ ។

ប្រភព​ដដែល​បាន​លើក​ឡើង​ថា នៅ​ស្នងការដ្ឋា​ន​ខេត្ត​សព្វថ្ងៃ​សម្បូរ​តែ​មន្ត្រី​ស្វែងរក​តំណែង ស្វែងរក​តួនាទី ។ មួយ​ថ្ងៃ​ៗ គេ​ឮ​តែ​មន្ត្រី​ប្រភេទនេះ​ជជែក​គ្នា​តែ​រឿង​តំណែង និង​តួនាទី ។ គ្មានទេ​ការ​ពិភាក្សា​ពី​រឿង​ការងារ​បម្រើ​ប្រជា​ពលរដ្ឋ ឬ​ការងារ​ទប់ស្កាត់ ឬ​បង្ក្រាប​បទល្មើស ។ រីឯ​មន្ត្រី​ខ្លះ​ទៀត គ្មាន​ទេ​សមត្ថភាព​ធ្វើ​ការងារ គឺ​មាន​តែ​គំនិត​ចាំ​ប៉ែង​ផ្ដូ​ល​មន្ត្រី​ដទៃ​ដែល​មាន​កំហុស​តិចតួច​ដើម្បី​ដណ្ដើម​តំណែង ។ គេ​សង្កេត​ឃើញ​មាន​តែ​មន្ត្រី​មួយ​ចំនួន​ប៉ុណ្ណោះ​នៅ​ក្នុង​ស្នងការដ្ឋាន ដែល​បាន​និង​កំពុង​ប្រឹងប្រែង​បំពេញភារកិច្ច ក្រោម​ការ​រិះគន់​ពី​មន្ត្រី​ឡេមឡឺម មន្ត្រី​អសកម្ម ឬ​មន្ត្រី​ដែល​ពូកែ​អែបអប ។

មួយ​រយៈ​កន្លង​ទៅ​នេះ បទល្មើស​បាន​កើតឡើង​ស្ទើរ​រាល់ថ្ងៃ ទាំង​នៅ​ក្នុង​ក្រុង​បាត់ដំបង ទាំង​នៅ​តាម​បណ្ដា​ស្រុក​នានា បើ​ទោះជា​កម្លាំង​ជំនាញ​បង្ក្រាប​បានជា​ហូរហែ​ក្ដី តែ​មិន​បាន​ធ្វើ​ឲ្យ​បទល្មើស​នេះ​ថយ​ចុះ​ឡើយ ។ បើ​តាម​ការ​កត់សម្គាល់ បទល្មើស​ដែល​កំពុង​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​គឺ «​ចោរលួច ចោរឆក់ ចោរ​ប្លន់ ចោរ​កាច់​សោ​ម៉ូតូ និង​ចោរ​គាស់​លំនៅ​ឋាន រួម​ទាំង​បទល្មើស​គ្រឿងញៀន​ផង​» ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ខ្លាំង​បំផុត​នោះ​គឺ ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​«​ឆក់​និង​ប្លន់​» ទៅ​លើ​ភ្ញៀវ​ទេសចរ​បរទេស ដែល​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត ៕ ​

អត្ថបទសរសេរ ដោយ