រាជធានីភ្នំពេញ ៖ កន្លងមកមានការភាន់ច្រឡំជាច្រើនថា ទ្រព្យសកម្ម ឬរូបិយវត្ថុ Crypto និងបច្ចេកវិទ្យា Blockchain គឺជារបស់តែមួយ តែតាមពិតវាស្ថិតក្នុងសណ្ឋានពីរប្រភេទខុសពីគ្នា ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា (NBC)។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានពន្យល់ថា បច្ចេកវិទ្យា Blockchain គឺជាSoftware សម្រាប់បង្កើតនូវឧបករណ៍ដើម្បីធ្វើប្រតិបត្តិការដោយមិនឆ្លងកាត់អន្តរការីយកម្មហិរញ្ញវត្ថុ ដូចជា គ្រឹះស្ថានធនាគារទេ ។ ចំណែក ទ្រព្យសកម្ម ឬរូបិយវត្ថុ Crypto គឺជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើន ដែលបច្ចេកវិទ្យា Blockchain មានលទ្ធភាពបង្កើតបាន ។
លោកទេសាភិបាលបញ្ជាក់ថា ៖« បច្ចេកវិទ្យា Blockchain អាចមានសមត្ថភាពបង្កើតនូវប្រតិបត្តិការចម្បងៗដូចជា បញ្ជាក់ពីតម្លៃនៃទ្រព្យសកម្ម, ផ្ទេរតម្លៃ, រក្សាតម្លៃ, កំណត់តម្លៃ, ប្តូរតម្លៃ, វិនិយោគ, ធានាតម្លៃនិងគ្រប់គ្រងហានិភ័យ និងកត់ត្រានិងសវនកម្មតម្លៃជាដើម »។ លោកបន្ថែមថា ៖« នាពេលបច្ចុប្បន្ន តាមរយៈបច្ចេកវិទ្យា Blockchain ទ្រព្យសកម្ម Crypto ប្រមាណ១.៦០០ប្រភេទ ត្រូវបានបង្កើតឡើង ដែលក្នុងនោះ ទ្រព្យសកម្ម Crypto ដែលពេញនិយមជាងគេ គឺប្រភេទ Bitcoin, Litecoin និង Ethereum » ។
លោកលើកឡើងថា ដោយសារតែ Blockchain ជាបច្ចេកវិទ្យាមួយដែលមិនគិតថ្លៃ និងគ្មានការកំណត់លក្ខខណ្ឌក្នុងការប្រើប្រាស់ ទ្រព្យសកម្ម Crypto ត្រូវគេបង្កើតឡើងទិញ-លក់និងធ្វើប្រតិបត្តិការដោយសេរី ដោយគ្មានការត្រួតពិនិត្យ ។ ស្ថានភាពនេះបានធ្វើឱ្យតម្លៃនៃទ្រព្យសកម្ម Crypto មានការប្រែប្រួលយ៉ាងឆាប់រហ័ស គ្មានការធានាស្ថិរភាពតម្លៃ និងគ្មានការធានាលើការប្តូរជាសាច់ប្រាក់ដោយស្ថាប័នណាមួយឡើយ ។ ម្យ៉ាងទៀត ទ្រព្យសកម្ម Crypto ក៏មានហានិភ័យនិងបញ្ហាជាច្រើន ដូចជា ការឆបោក ការសម្រួលដល់ការផ្ទេរប្រាក់របស់ឧក្រិដ្ឋជន និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ។
បើតាមលោកទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏ដូចជាធនាគារកណ្តាលផ្សេងទៀតមិនទទួលស្គាល់រូបិយវត្ថុ Crypto នេះទេ ប៉ុន្តែនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនបានអនុញ្ញាតឱ្យប្រើប្រាស់បច្ចេកវិទ្យាមួយនេះ ។ លោក ជា ចាន់តូ មានប្រសាសន៍ថា ៖« ដោយពិនិត្យឃើញពីហានិភ័យទាំងនេះ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាធនាគារកណ្តាលជាច្រើនលើពិភពលោក បានហាមឃាត់ និងមិនទទួលស្គាល់ការទិញ-លក់ និងចរាចរទ្រព្យសកម្ម ឬរូបិយវត្ថុ Crypto នេះទេ ។ ទ្រព្យសកម្ម Crypto គឺជាឧបករណ៍មួយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាហិរញ្ញវត្ថុក៏ដោយ ក៏បច្ចេកវិទ្យាហិរញ្ញវត្ថុជារួមបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច តាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ការកាត់បន្ថយភាពក្រីក្រ និងកំណើនប្រកបដោយសមភាព។ ហេតុដូចនេះ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនបានអនុញ្ញាតឱ្យប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ជាមួយនឹងការបន្តតាមដានលើវឌ្ឍនភាព និងឥទ្ធិពលនៃបច្ចេកវិទ្យាហិរញ្ញវត្ថុមកលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច »។
ទន្ទឹមនេះ ក្នុងគោលបំណងដើម្បីជួយដល់បណ្តាប្រទេសសមាជិកទាំងអស់ឱ្យទទួលបាននូវអត្ថប្រយោជន៍ និងឱកាសនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ មហាសន្និបាតប្រចាំឆ្នាំ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក បានដាក់ចេញនូវ «របៀបវារៈបច្ចេកវិទ្យាហិរញ្ញវត្ថុបាលី » សម្រាប់ឱ្យ ប្រទេសសមាជិកអនុវត្ត ប្រកបដោយប្រសិទ្ធ ភាព។ នេះបើតាមការបញ្ជាក់ពីលោកទេសាភិបាលធនាគារជាតិនៃកម្ពុជា ៕
ចែករំលែកព័តមាននេះ