ទីក្រុងប៉េកាំង ៖ កាលពីថ្ងៃចន្ទកន្លងមក នេះ ប្រទេសចិនបានហៅការដាក់ទណ្ឌ កម្មថ្មីរបស់អាមេរិកលើប្រេង និងវិស័យហិរញ្ញវត្ថុអ៊ីរ៉ង់ថា ជាការកាត់ទោសប្រទេសដទៃ និងបានសន្យានឹងបន្តការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយនឹងប្រទេសអ៊ីរ៉ង់ ។
ការដាក់ទណ្ឌកម្មខាងលើបានចាប់មានប្រសិទ្ធភាពកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ និងស្របទៅនឹងការសម្រេចចិត្តរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) ក្នុងការបោះបង់ចោលកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយនឹងអ៊ីរ៉ង់ បន្ទាប់ពីលោកអះអាងថាវាមានចន្លោះខ្វះខាតច្រើន និងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់អ៊ីរ៉ង់ ។
ទណ្ឌកម្មទាំងនេះមានគោលដៅកាត់បន្ថយការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដែលបានធ្លាក់ចុះប្រមាណ១លានធុងក្នុង១ថ្ងៃមកហើយតាំងពីខែឧសភាមក រួមទាំងកាត់ផ្តាច់អុីរ៉ង់ចេញពីហិរញ្ញវត្ថុអន្តរជាតិថែមទៀត ។
យ៉ាងណាក្តី សហរដ្ឋអាមេរិកបានអនុគ្រោះដល់ប្រទេសចំនួន ៨ ដែលរួមមាន ឥណ្ឌា ជប៉ុន និងតួកគីផងដែរ ឲ្យបន្តទិញប្រេងដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេ និងដល់ទីផ្សារពិភពលោក ។
ពេលដែលសួរថាប្រទេសចិនត្រូវបានអនុគ្រោះឬទេ ? អ្នកនាំពាក្យលោក Hua Chunying របស់ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិននៅតែសហការជាធម្មតាជាមួយអ៊ីរ៉ង់ក្រោមក្របខ័ណ្ឌច្បាប់អន្តរជាតិ ។
ប្រទេសចិនជាសមាជិកមួយនៃកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរឆ្នាំ២០១៥ដែរ ដែលរួមមានប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ថែមទៀត ។ សមាជិកដែលនៅសល់គិតថា កិច្ចព្រមព្រៀងនេះនៅមានប្រសិទ្ធភាព និងកំពុងតែទប់ស្កាត់មិនឲ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរផងដែរ ៕
ចែករំលែកព័តមាននេះ