ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សីហ​នុ​ចិន​សម្រុកចូល​ខ្មែរ​ត្រូវ​ដកថយ ?

5 ឆ្នាំ មុន
  • ព្រះសីហនុ

នរណា​ៗ​ក៏​នាំ​គ្នា​និយាយ​អំពី​ការ​សម្រុកចូល​របស់​ចិន​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ។ ប៉ុន្តែ​រឿង​ដ៏​គួរ អោយ​បារម្ភ​បាន​កើតឡើង នោះ គឺ​ការ​ដកថយ​របស់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​ទៅ​កម្សាន្ត​នៅ​ខេត្ត​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​នេះ ដោយ​លើក​ហេតុផល​ថា ចិន​ច្រើន​ពេក ហើយ​អ្វី​ៗ​ឡើងថ្លៃ​ហួសហេតុ ។…

នរណា​ៗ​ក៏​នាំ​គ្នា​និយាយ​អំពី​ការ​សម្រុកចូល​របស់​ចិន​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ។ ប៉ុន្តែ​រឿង​ដ៏​គួរ អោយ​បារម្ភ​បាន​កើតឡើង នោះ គឺ​ការ​ដកថយ​របស់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​ទៅ​កម្សាន្ត​នៅ​ខេត្ត​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​នេះ ដោយ​លើក​ហេតុផល​ថា ចិន​ច្រើន​ពេក ហើយ​អ្វី​ៗ​ឡើងថ្លៃ​ហួសហេតុ ។

ប៉ុន្តែ​តើ​ប្រជាជន​ខ្មែរ​គួរតែ​នាំ​គ្នា​ដកថយ​ឈប់​ទៅ​លេង​ខេត្ត​ព្រះ​សី​ហុ​ន ឬ​យ៉ាងណា ? ឆ្នាំ​២០១៨​នេះ មានការ​និយាយ​ច្រើន​អំពី​បញ្ហា​កំណើន​ជនជាតិ​ចិន​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ទាំង​ចំនួន​អ្នក​ទេសចរណ៍ និង​អ្នក​រស់នៅ ។ កំណើន​ជនជាតិ​ចិន និង​សកម្មភាព​វិនិយោគ និង​រកស៊ី​របស់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើ​អោយ​អ្នក​រស់នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​មានផ្ទះ​និង​ដី​ញញឹម​បិទ​មាត់​មិន​ជិត ដោយសារ​តែ​ពួក​គេ​ជួល និង​លក់​ដី ឬ​ផ្ទះ​បាន​ថ្លៃ ។ រហូត​ដល់​មាន​អ្នកខ្លះ​បាន​ក្លាយទៅជា​អ្នកមាន ដោយសារ​តែ​កំណើន​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

នៅ​ពេល​ដែល​អ្នក​ទទួលផល​ពី​វត្តមាន​ជនជាតិ​ចិន​សប្បាយ​រីករាយ​នោះ​ប្រជាជន​កម្ពុជា​នៅ កន្លែង​ផ្សេង​ៗ​ទៀត​ទាំង​នៅ​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា​មាន​អារម្មណ៍​ផ្សេង ។ ពួក​គេ​បាន​នាំ​គ្នា​ញញើត​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ ដោយសារ​ហេតុផល​តម្លៃ​ផ្ទះសំណាក់ និង​សណ្ឋាគារ​ព្រមទាំង​ម្ហូបអាហារ​មាន​តម្លៃ​កើនឡើង​ខ្លាំង ។ ដោយ​ពិចារណា​ទៅ​លើ​តម្លៃ​ដែល​ត្រូវ​ចំណាយ​វា​សម​ហេតុផល​នឹង​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​ជា​ច្រើន​បាត់បង់​ការ​ចាប់អារម្មណ៍​ចំពោះ​ខេត្ត​ព្រះ​សីហ​នុ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​ការ​ដកថយ​បែប​នេះ​វា​នឹង​ធ្វើ​អោយ​បាត់បង់​នូវ​អារម្មណ៍​មួយ​ដែល​ថា​ខេត្ត​ព្រះ​សីហ​នុ គឺជា​របស់​កម្ពុជា ហើយ​ទាំង​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា​ទាំង​មួល ត្រូវ​តែ​ទទួលផល​ជា​អតិបរមា​ពី​ខេត្ដ​ដ៏​មាន​សក្តានុពល​សេដ្ឋកិច្ច និង​ទេសចរណ៍​មួយ​នេះ ។

ខេត្ត​ព្រះ​សី​ហុ​ន​ត្រូវ​តែ​បន្ត​ធ្វើខ្លួន​ជា​ខេត្ត​ទេសចរណ៍​មួយ​ដែល​ប្រជាជន​កម្ពុជា​នាំ​គ្នា​ទៅ​កម្សាន្ត​លំហែកាយ​ទទួលយក​ខ្យល់​បរិសុទ្ធ និង​សម្រាក​លំហែកាយ ។ ចំណែក​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ខេត្ត​នេះ​ក៏​ត្រូវ​តែ​ទទួល​បានការ​ការពារ​ចំពោះ​មុខរបរ និង​កា​រស់នៅ​ប្រកបដោយ​សេចក្តីសុខ ។ ប្រជាជន​កម្ពុជា​គួរតែ​បន្ត​នាំ​គ្នា​ទៅ​លេង និង​លំហែកាយ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ជាក​ម្មសិ​ទ្ឋិ​របស់​ខ្លួន ។ ម្យ៉ាងទៀត​នោះ​វា​ក៏​អាច​ធ្វើ​អោយ​ពួក​គេ​យល់​ច្បាស់​ផង​ដែរ អំពី​ស្ថានភាព​របស់​ខេត្ត​នេះ​ថា តើ​អ្វី​ៗ​ពិតជា​ឡើងថ្លៃ​ហួសហេតុ​រហូត​ដល់​គ្មាន​ជម្រើស​សម្រាប់​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត ឬ​យ៉ាងណា ? ការ​ឈប់​បន្ត​ទៅ​លេង​នៅ​ខេត្ត​នេះ​ក៏​អាច​នឹង​ដាក់​សម្ពាធ​ថែម​ទៀត​ដល់​ប្រជាជន​ដែល​ប្រកប​របរ​ចិញ្ចឹមជីវិត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

កាលបើ​លែង​មាន​ប្រជាជន​កម្ពុជា​ទៅ​កម្សាន្ត វា​នឹង​ធ្វើ​អោយ​អ្នក​ប្រកប​របរ​នៅ​ទីនោះ​មិន​អាច រកស៊ី​បាន ហើយ​ត្រូវ​បិទទ្វារ​ដែល​នឹង​ជា​ចរន្ត​មួយទៀត​នឹង​នាំ​អោយ​ពួក​គេ​ចាក​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​នៅ​តាម​ខេត្ត​ផ្សេង ។ នេះ​ក៏​ព្រោះថា ជនជាតិ​ចិន​បាន​នាំ​គ្នា​ប្រកប​មុខរបរ​ស្ទើរ​គ្រប់​ប្រភេទ​នៅ​ខេត្ត​ព្រីស​ហ​នុ ហើយ​អ្នក​ទេ​ចរណ៍​ចិន​ក៏​ចូល​ចិន​ទិញ និង​ប្រើ​សេវា​ជនជាតិ​ចិន​ដូច​គ្នា ។ ជា​ផលវិបាក​នោះ​នៅ​ក្នុង​រយៈពេល​វែង​ខេត្ត​ព្រះ​សីហ​នុ​មិន​ត្រឹមតែ​នឹង​លែង​មាន​ប្រជាជន​កម្ពុជា​ទៅ​លេង​កម្សាន្ត​ទេ ។

សូ​ម្បី​តែ​ប្រជាជន​កម្ពុជា​ដែល​រស់នៅ និង​ប្រកប​របរ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ក៏​ត្រូវ​ចាកចេញ​ទៅ​រស់ នៅ និង​រកស៊ី​កន្លែង​ផ្សេង​ដែរ ។ និន្នាការ​បែប​នេះ​វា​នឹង​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​បាត់បង់​កម្ម​សិទ្ធ​ខេត្ត​ព្រះ​សីហ​នុ​ជា​ខេត្ត​របស់​ខ្លួន ។ វា​នឹង​ជា​ការ​ដកថយ​ដ៏​គួរ​អោយ​សោកស្តាយ​បំផុត ។ ចំណែក​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​មាន​ភារកិច្ច​រៀបចំ និង​អនុវត្ត​ផែនការ​ដែល​ធានា​ថា​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ជា​អតិបរមា​ពី​ការ​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ ។ គេ​គួរ​មាន​នយោបាយ និង​វិធានការ​ដ៏​ជាក់លាក់ ដើម្បី​គាំទ្រ​ដល់​ការ​រស់នៅ និង រកស៊ី​ប្រកប​របរ​របស់​ប្រជាជន​នៅ​ខេត្ត​នោះ​ក៏​ដូច​ជា ផែនការ ដើម្បី​ទាក់ទាញ​ប្រជាជន​កម្ពុជា​អោយ​បន្ត​ទៅ​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ ។ ការ​ពង្រីក​ការ​អភិវឌ្ឍន៍​ខេត្ត និង​កិច្ចការពារតំបន់ឆ្នេរ​នឹង​អាច​បន្ត​រក្សា​ប្រជាជន​កម្ពុជា​អោយ​បន្ត​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ ។ នៅ​ពេល​ដែល​ខេត្ត​មានការ​រីក​ចម្រើន​កាន់តែ​ខ្លាំង​វា​នឹង​ធ្វើ​អោយ​មាន​ឪ​កាស​កាន់តែ​ច្រើន​សម្រាប់​ការ​ប្រកប​រប​នៅ​ទីនោះ ហើយ​តម្លៃ​ផ្ទះសំណាក់ និង​សណ្ឋាគារ​អាច​មាន​ជម្រើស​ច្រើន​ទៅ​តាម​លទ្ធភាព​សេដ្ឋកិច្ច​របស់​ប្រជាជន​ដើម្បី​ទៅ​កម្សាន្ត ។

ដូច្នេះ​ទាំង​រដ្ឋាភិបាល ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស និង​អ្នក​រស់នៅ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​រក្សា អោយ​បាន​ភាព​ជា​កម្មសិទ្ធិ​លើ​ខេត្ត​ព្រះ​សីហ​នុ ។ ការ​ដកថយ​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​ឡើយ ។ ការ​រួម​គ្នា​ដោះស្រាយ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ថែរក្សារ​ខេត្ត​ព្រះ​សីហ​នុ​ជា​ខេត្ត​ដ៏​ទាក់ទាញ​បំផុត​មួយ​សម្រាប់​ដំណើរ​ទេសចរណ៍​របស់​ប្រជាជន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ