ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​EU អ្នក​សារព័ត៌មាន​ចុះ​មើល​គម្រោង​ទទួល​ការ​គាំទ្រ​ក្នុង​ខេត្តព្រៃវែង និង​ស្វាយ​រៀង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចសហការ​ពី​ក្លិប​អ្នកកាសែត​កម្ពុជា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ដឹកនាំ​អ្នកកាសែត​មួយ​ក្រុម​ដែល​មក​ពី​ច្រើន​ស្ថាប័ន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​នូវ​គម្រោង​ដែល​ទទួល​បាន​ថវិកា​គាំទ្រ​ពី​សហភាព​អឺរ៉ុប​ក្នុង​ខេត្តព្រៃវែង និង​ស្វាយ​រៀង ។ ដំណើរ​ទស្សនកិច្ច​នោះ​ធ្វើ​ឡើង​ក្នុង​រយៈពេល​២​ថ្ងៃ​គឺ ថ្ងៃ​ទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ កិច្ចសហការ​ពី​ក្លិប​អ្នកកាសែត​កម្ពុជា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ដឹកនាំ​អ្នកកាសែត​មួយ​ក្រុម​ដែល​មក​ពី​ច្រើន​ស្ថាប័ន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​នូវ​គម្រោង​ដែល​ទទួល​បាន​ថវិកា​គាំទ្រ​ពី​សហភាព​អឺរ៉ុប​ក្នុង​ខេត្តព្រៃវែង និង​ស្វាយ​រៀង ។

ដំណើរ​ទស្សនកិច្ច​នោះ​ធ្វើ​ឡើង​ក្នុង​រយៈពេល​២​ថ្ងៃ​គឺ ថ្ងៃ​ទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នក​សារព័ត៌មាន​មក​ពិនិត្យ​មើល​គម្រោង​របស់​សហភាព​អឺរ៉ុប​នៅ​ខេត្តព្រៃវែង និង​ស្វាយ​រៀង គឺជា​មធ្យោបាយ​មួយ​ក្នុង​ចំណោម​មធ្យោបាយ​ជា​ច្រើន ដើម្បី​សង្កេត​មើល​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​មូលនិធិ​របស់​សហភាព​អឺរ៉ុប ដើម្បី​ឆ្លើយ​តប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពីរ​នេះ ។

តាម​រយៈ​នោះ​អ្នក​សារព័ត៌មាន​នឹង​បាន​ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​ការ​លំបាក​ដែល​អាជ្ញាធរ​រួម​ទាំង​សហគមន៍​មូលដ្ឋាន​កំពុង​ជួប​ប្រទះ​ក្នុង​ពេល​អនុវត្ត​គម្រោង​នីមួយ​ៗ ខណៈ​ដែល​គម្រោង​ទាំងនោះ​រួម​មាន​ដូច​ជា វិស័យ​អប់រំ​សិក្សា​វិស័យ​កសិកម្ម បរិស្ថាន រហូត​ដល់​ការ​គ្រប់គ្រង​ហិរញ្ញ វត្ថុ​សាធារណៈ និង​ការ​ផ្តល់​ជំនួយ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ ។
លោក George Edgar បាន​បញ្ជាក់​ថា សហភាព​អឺរ៉ុប គឺជា​អ្នកគាំទ្រ​ដ៏​សំខាន់​មួយ​ដល់​ការ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា និង​របៀប​វរៈ​ឆ្នាំ​២០៣០ ។ ផ្តើម​ពី​នោះ​លោក​ក៏​បាន បង្ហាញ​នូវ​មោទនភាព​ចំពោះ​អ្វី​ដែល​សហភាព​អឺរ៉ុប និង​កម្ពុជា​បាន​សម្រេច​រួម​គ្នា​កន្លង​មក ហើយ​លោក​រំពឹង​ថា កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប និង​នៅ​តែ​មាន​បន្ត​ទៀត ។ ឯកអគ្គរដ្ឋទូត​រូប​នោះ​បាន​រម្លឹក​ថា សហភាព​អឺរ៉ុប​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​យូរ​មក ហើយ​ជាមួយនឹង​ប្រទេស​កម្ពុជា​ចាប់ពី​ការ​គាំទ្រ​ដល់​ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​សារ​គមនាគមន៍​ឡើង​វិញ ការ​បង្កើន​ផលិតកម្ម​កសិកម្ម​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន និង​ការ​ដោះ​មីន​រាប់​លាន​គ្រាប់​ក្នុង​ទស្សវត្សរ៍​១៩៩០ រហូត​ដល់​ការ​អនុវត្ត​កម្មវិធី​ផ្តល់ ជំនួយ អភិវឌ្ឍន៍ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

ផ្តើម​ពី​នោះ​កិច្ចប្រជុំ​ត្រូវ​បាន​រៀបចំ​ឡើង​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ដោយ​គណៈកម្មាធិការ​ចម្រុះ​ដែល​ជា​ឱកាស ដើម្បី​ឱ្យ​សហភាព​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​នូវ​គោលដៅ​រួម​គ្នា ស្រប​តាម​អាទិភាព​ដែល​បាន​ឯកភាព​គ្នា និង​រឹតចំណង​ភាព​ជា​ដៃគូ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា​ដែល​បាន​ចាប់ផ្តើម កាលពីដើម​ទសវត្សរ៍​១៩៩០ មាន​វឌ្ឍនភាព​យ៉ាងច្រើន​ចាប់តាំងពី​ការ​បើក​ការិយាល័យ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ទីក្រុង​ភ្នំពេញ​កាលពីដើម​ទសវត្សរ៍​២០០០ កន្លង​មក ។ ក្នុង​ប្រទេស​កម្ពុជា​គម្រោង​ផ្តួចផ្តើម​ក្នុង​វិស័យ​ផ្សេង​ៗ​ដែល ទទួល​បាន​ថវិកា​គាំទ្រ​ពី​សហភាព​អឺរ៉ុប​ចាប់ពី​វិស័យ​អប់រំ និង​កសិកម្ម​រហូត​ដល់​ការ​គ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ និង​ការ​ផ្តល់​ជំនួយ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម បាន​ផ្តល់​ប្រយោជន៍​ដល់ ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ ។

ផ្តើម​ពី​កិច្ច​សហប្រតិបត្តិការ​នោះ​សហភាព​អឺរ៉ុប​បាន​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ក្នុង​ដំណើរ​ឆ្ពោះទៅ​សម្រេចការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សមធម៌​តាម​រយៈ​ជំនួយ​ឥត​សំណង​ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ជួយ​អនុវត្ត​គោលនយោបាយ​នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា ៖ ដោយ​កម្មវិធី​នានា​របស់​សហភាព​អឺរ៉ុប​ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​តាម​អាទិភាព និង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​កម្ពុជា ។
សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​បន្ថែម​ថា ជំនួយ​អភិវឌ្ឍន៍​ដែល​សហភាព​អឺរ៉ុប​ផ្តល់​ដល់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ចំនួន​សរុប​៤១០​លាន​អឺ​រ៉ូ ក្នុង​រូបភាព​ជា​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ពី​ឆ្នាំ​២០១៤-២០២០ និង​ថវិកា​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​ខ្ទង់​ថវិកា​តាម​វិស័យ ។

ចំណែក​យុទ្ធសាស្ត្រ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​អឺរ៉ុប​សម្រាប់​ប្រទេស​កម្ពុជា ២០១៤-២០១៨ ដាក់​ចេញ​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​រួម​គ្នា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​ដៃគូ​អឺរ៉ុប​ក្នុង​ប្រទេស​កម្ពុជា និង​គូសបញ្ជាក់​សារ​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ដៃគូ​ទាំងនេះ​ក្នុង​ការ​គាំទ្រ និង​ឆ្លើយ​តប​ចំពោះ​តម្រូវការ​របស់​ប្រទេស​កម្ពុជា​ដូចដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ