ដើម្បីញុំាងជីវិតរបស់ខ្លួនឱ្យមានន័យសម្រាប់ជាតិនិងសាសនា បើជាអ្នកបួសលោកបានបំពេញការសិក្សាក្បួនច្បាប់តាមមាគ៌ាព្រះពុទ្ធសាសនាឱ្យបានចេះដឹងច្បាស់លាស់ ហើយប្រតិបត្តិតាមការចេះដឹងនោះឱ្យប្រាកដផង និងត្រូវបំពេញមុខងារតាមតួនាទីរបស់បព្វជិតដោយបរិបូណ៌ផង ទើបបាននាមថា បព្វជិតគ្រប់លក្ខណៈ។ តែបើអ្នកបួសប្រព្រឹត្តខ្ជះខ្ជាយពេលវេលា ខ្ជិលច្រអូស រៀនមន្តអាគម ធ្វើពេទ្រ ធ្វើហ្ម ស្រោចទឹក ចងខ្សែ ចារយ័ន្តបោកប្រាស់អ្នកដទៃ ដែលជាអំពើប្រាសចាកធម៌វិន័យមិនសមជាបព្វជិតឡើយ ។
ប្រាកដណាស់ជីវិតដែលមានតម្លៃនោះ គឺពុំមែនទាល់តែរស់នៅលើគំនរមាសប្រាក់ ទ្រព្យសម្បត្តិ យសស័ក្តិឋានខ្ពង់ខ្ពស់ទើបមានតម្លៃនោះទេ បញ្ហាដែលសំខាន់ជាងនេះគឺគប្បីអប់រំកាយ វាចា ចិត្ត ឱ្យប្រកបដោយគុណធម៌ ចរិយាធម៌ ជាធម្មិកជន និងបានបំពេញតួនាទី ជាមនុស្សដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងមនុស្សជាតិគ្រប់រូប ។
ចំណែកក្នុងភេទជាគ្រហស្ថវិញ អ្នកនោះមានចិត្តប្រកបដោយមនុស្សធម៌ មានប្រាជ្ញាស្គាល់ការខុសត្រូវ ជ្រៅរាក់ ចេះសម្របខ្លួនក្នុងសង្គម មិនប្រព្រឹត្តច្រងេងច្រងាងកោងកាច អុងអាត់ លើកកម្ពស់ខ្លួនឯងដូចដងទង់ ហើយមើលងាយអ្នកដទៃ ដែលផ្ទុយទៅនឹងច្បាប់សីលធម៌របស់មនុស្សជាតិ ទាំងបានបំពេញប្រយោជន៍ដល់ប្រទេសជាតិ ដល់សាសនា ដល់ខ្លួន ដល់គ្រួសារ និងដល់សាធារណជនផង ដោយកម្លាំងកាយ វាចា ចិត្ត និងកម្លាំងទ្រព្យតាមដែលអាចប្រព្រឹត្តទៅបាន ។
ជីវិតបែបនេះទោះជាក្រហស្ថក្តី បព្វជិតក្តីឈ្មោះថាជាជីវិតរស់នៅប្រកបដោយប្រយោជន៍ពិតៗ ព្រោះសប្បុរសជនទាំងនោះគេបានបំពេញកិច្ចការដ៏មានប្រយោជន៍ដល់សង្គមជាតិ ដល់សាសនា ហើយស្នាដៃទាំងអស់នេះជាមហាកុសល ជាស្បៀង ជាកំណប់ ទ្រព្យអាចជូនផលដល់ខ្លួនគេវិញឱ្យបានសុខទាំងក្នុងលោកនេះ និងទៅលោកខាងមុខជាក់ជាមិនខាន ។
ចែករំលែកព័តមាននេះ