រាជធានីភ្នំពេញ ៖ សាច់ញាតិរបស់បុរសទៅបង់សំណាញ់ហើយបានលង់ទឹកស្លាប់កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចដៃទន្លេសាប ក្បែរស្ពានហង្សកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បាត់មួយយប់ទើបប្រទះឃើញសពអណ្តែតឡើងចម្ងាយប្រហែល១០០ម៉ែត្រពីកន្លែងកើតហេតុ នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
សពជនរងគ្រោះឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការក្នុងកោះពេជ្រ មានស្រុកកំណើតនៅភូមិអូរំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ ស្រីអូន មានកូនស្រីម្នាក់ទើបតែអាយុ២ខួប ។
បើតាមបងប្អូនជនរងគ្រោះបានឲ្យដឹងថា នៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវេលាម៉ោង៧និង៣០នាទីយប់ បន្ទាប់ពីចប់ម៉ោងការងារជនរងគ្រោះបានឆ្លៀតទៅបង់សំណាញ់យកត្រីដើម្បីយកមកធ្វើម្ហូបដោយមានគ្នាបីនាក់ប្អូនៗ លុះពេលបង់ត្រីបានខ្លះហើយ ជនរងគ្រោះបាននាំគ្នាហែលទឹកមកត្រើយខាងលិចដោយយកសំណាញ់រុំជាប់នឹងខ្លួន ខណៈហែលជិតដល់ត្រើយហើយក៏បានទាក់នឹងសំណាញ់ហែលលែងរួចទើបលិចចូលក្នុងទឹកបាត់ទៅ ។
សាក្សីដដែលបានបន្តថា ភ្លាមនោះប្អូនៗក៏ស្រាវ៉ាជួយតែចាប់មិនទាន់ហូរតាមទឹកបាត់តែម្តង ទោះបីជាជួលខ្មែរអ៊ីស្លាមដែលជាក្រុមអ្នករាវរកសពទាំងយប់ក៏នៅតែរកមិនឃើញទេ រហូតមកដល់វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បងប្អូនក៏មករកមើលម្តងទៀត ស្រាប់តែឃើញសពអណ្តែតឡើងទើបរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។
បន្ទាប់ពីប្រទះឃើញសពហើយត្រូវបានសមត្ថកិច្ចជំនាញចុះទៅធ្វើកំណត់ហេតុប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតនៅខេត្តពោធិ៍សាត់ ៕
ចុចអាន ៖ អាសូរប្រពន្ធស្រែកទ្រហោយំក្បែរស្ពានហង្ស ខណៈប្តីជួបគ្រោះអកុសលរកសពមិនទាន់ឃើញ
ចែករំលែកព័តមាននេះ