រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជានៅតែគាំទ្រចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ (JBC)នៅទីក្រុងបូហ្គ័រ ប្រទេសឥណ្ឌូណេស៊ីនាពេលខាងមុខនេះឥតមានងាករេ ហើយកម្ពុជានឹងបំពេញតួនាទីចូលរួមយ៉ាងខ្ជាប់ខ្ជួន…ចំណែកភាគីថៃទៅចូលរួម ឬក៏អត់ជារឿងរបស់ថៃ ។
សម្តេចតេជោហ៊ុន សែន លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេសកម្រិតមូលដ្ឋាន កម្រិតឧត្តម និងនិស្សិតបច្ចេកវិទ្យាសរុប២.៥៦២នាក់ កាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី២៨ មីនា ២០១១ នៅវិទ្យាស្ថានជាតិអប់រំរាជធានីភ្នំពេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីថៃក្រសួងការបរទេសថៃលើកឡើងថា ទៅចូលរួមប្រជុំ ប៉ុន្តែថ្នាក់ដឹកនាំមួយចំនួនទៀតថា មិនទៅទេ…នៅតែចង់ពិគ្រោះទ្វេភាគីវិលវល់ៗ អត់បានការដដែលជាដដែល ។
សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់ថា ប្រសិនបើភាគីថៃនៅតែទាមទារទ្វេភាគី ខណៈដែលប្រធានអាស៊ានកំពុងតែចាត់ចែងភារកិច្ចបែបនេះ ស្មើនឹងសម្លាប់តួនាទីអាស៊ាន ខោកក្បាលអាស៊ាន ទាត់អាស៊ានតែម្តង កម្ពុជមិនរួមចំណែកទេ ។ សូមបញ្ជាក់ថា កិច្ចប្រជុំ GBC និង JBC នេះនឹងគ្រោងធ្វើឡើងនៅក្រុងបូហ្គ័រ ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី៧-៨ មេសា ២០១១ ខាងមុខ៕
ចែករំលែកព័តមាននេះ