ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​អនុគ្រោះ​ដល់​ប្រទេស​ចំនួន​8 អាច​បន្ដ​នាំ​ចូល​ប្រេង​

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​មក​ថា ពួក​គេ​នឹង​អនុញ្ញាត​ជា​បណ្តោះអាសន្ន​ឲ្យ​ប្រទេស​ចំនួន​៨​បន្ត​ការ​ទិញ​ប្រេង​អ៊ី​រ៉​ង់ ពេល​ដែល​សហរដ្ឋអាមេរិក​ចាប់ផ្តើម​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​សា​ជា​ថ្មី​លើ​អ៊ី​រ៉​ង់​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា នេះ ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​នេះ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ចោល ។ មន្ត្រី​ថ្នាក់ខ្ពស់​របស់​អា​មេ​រិ​កម្នា​ក់បាន​និយាយ​ថា…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​មក​ថា ពួក​គេ​នឹង​អនុញ្ញាត​ជា​បណ្តោះអាសន្ន​ឲ្យ​ប្រទេស​ចំនួន​៨​បន្ត​ការ​ទិញ​ប្រេង​អ៊ី​រ៉​ង់ ពេល​ដែល​សហរដ្ឋអាមេរិក​ចាប់ផ្តើម​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​សា​ជា​ថ្មី​លើ​អ៊ី​រ៉​ង់​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា នេះ ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​នេះ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ចោល ។

មន្ត្រី​ថ្នាក់ខ្ពស់​របស់​អា​មេ​រិ​កម្នា​ក់បាន​និយាយ​ថា ប្រទេស​ទាំង​៨​រួម​មាន ជប៉ុន​, ចិន​, ឥណ្ឌា​, តួ​ក​គី​, អ៊ី​តា​លី​, សហព័ន្ធ​អា​រ៉ាប់​, តៃវ៉ាន និង​កូរ៉េ​ខាងត្បូង ។

រដ្ឋមន្ត្រី​ការ​បរទេស Mike Pompeo បាន​និយាយ​ថា ៖« ពួក​យើង​នឹង​ចេញ​សិទ្ធិ​ប​ណ្ណោះ​អាសន្ន​នេះ​ទៅ​កាន់​ភាគី​ចំនួន​៨ ព្រោះ​ពួក​គេ​បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង​ជា​ច្រើន និង​បាន​សហការ​ក្នុង​ផ្នែក​ជា​ច្រើន រួម​ទាំង​បាន​ចេញ​វិធានការ​ដ៏​សំខាន់​ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង​ឆៅ​ដល់​សូន្យ​ថែម​ទៀត »​។

ប្រទេស​ជប៉ុន​បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ចង់បាន​ការ​អនុគ្រោះ​ពី​ការ​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​ពី​អ៊ី​រ៉​ង់ ហើយ​ប្រេង​ដែល​នាំ​ចូល​ពី​អ៊ី​រ៉​ង់ ស្មើនឹង​៥%​នៃ​ប្រេង​នាំ​ចូល​សរុប​របស់​ប្រទេស​ជប៉ុន​ផង​ដែរ ។

លោក Pompeo បាន​ឲ្យ​ដឹង​ទៀត​ថា មាន​ប្រទេស​ចំនួន​ពីរ នឹង​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង​ពី​អ៊ី​រ៉​ង់​ដល់​កម្រិត​សូន្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ខណៈ​ដែល​ប្រទេស​ចំនួន​៦​ទៀត នឹង​កាត់​បន្ថយ​ការ​នាំ​ចូល​យ៉ាង​ខ្លាំង ។

យោង​តាម​ប្រភព​ចំនួន​ពីរ​រូប​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​ដែល​ជា​ប្រទេស​នាំមុខ​ក្នុង​ផ្នែក​នាំ​ចូល​ប្រេង​អ៊ីរ៉​ង់​នៅ​កំពុង​តែ​ចរចា​ជាមួយនឹង​សហរដ្ឋអាមេរិក​លើ​លក្ខខណ្ឌ ប៉ុន្តែ​នៅ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង​៨​នេះ​ដែរ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នកវិភាគ​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ប្រេង​របស់​អ៊ី​រ៉​ង់​បាន​ធ្លាក់​ចុះ​ពី​ប្រមាណ​២,៥​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​កាលពី​ខែមេសា មក​ស្មើនឹង​ប្រមាណ​១,៦​លាន​ធុង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​កាលពី​ខែតុលា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ឆ្នាំ​២០១៥ លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​ដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ប្រេង​របស់​អ៊ី​រ៉​ង់ និង​បង្ខំ​ឲ្យ​ប្រទេស​នេះ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​កាំជ្រួច​មី​ស៊ី​ល​ចោល និង​បញ្ឈប់​ការ​គាំទ្រ​ដល់​ក្រុម​យោធា​នៅ​ផ្នែក​ជា​ច្រើន​នៅ​មជ្ឈិម​បូព៌ា​ជាដើម ។

ចាប់តាំងពី​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ជា​លើក​ទី​២​កាលពី​ខែឧសភា លើ​អ៊ី​រ៉​ង់​មក ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​ជា​បន្ដបន្ទាប់ ។ បើ​​តាម​រដ្ឋបាល​ព័ត៌មាន​ថាមពល​របស់​សហរដ្ឋអាមេរិក​(EIA) បាន​រាយការណ៍​ថា កាល​ពី​ខែកញ្ញា​អ៊ី​រ៉​ង់​នាំ​ចេញ​ប្រេង​បាន​តែ​១,៩​លាន​ធុង​ក្នុង​១​ថ្ងៃ​តែ​ប៉ុណ្ណោះ ដែល​ជា​ការ​ធ្លាក់​ចុះ​ក្នុង​ល្បឿន​លឿន ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​ប្រទេស​ជា​ច្រើន​បន្ត​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង​អ៊ី​រ៉​ង់ នាវា​ដឹក​ជញ្ជូន​ប្រេង​មួយ​ចំនួន​របស់​អ៊ីរ៉​ង់​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ស្តុក​ប្រេង​លើ​ទឹក​វិញ ។

EIA ព្យាករណ៍​ថា កំណើន​ផលិតកម្ម​ប្រេង​តាម​ប្រទេស​ក្នុង​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) អាច​ជំនួស​ប្រេង​អ៊ី​រ៉​ង់​បាន ប៉ុន្តែ​វា​មិន​ទាន់​ច្បាស់​នៅឡើយ​ថា អា​រ៉ា​ប៊ី​សា​អូឌីត និង​សមាជិក​OPEC ដទៃ អាច​ជំនួស​ប្រេង​អ៊ីរ៉​ង់​បាន​កម្រិត​ណា ។

កាលពី​ខែឧសភា​កន្លង​មក សហរដ្ឋអាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ពហុ​ជាតិ ហើយ​បាន​ប្រាប់​ដល់​ប្រទេស​ផ្សេង​ទៀត​ថា ពួក​គេ​ត្រូវ​តែ​បញ្ឈប់​ការ​នាំ​ចូល​ប្រេង​ទាំង​អស់ពី​អ៊ីរ៉​ង់ ចាប់ពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ខាង​មុខ​នេះ​ទៅ បើ​មិន​ដូច្នេះ​ទេ ប្រទេស​ទាំងនោះ​នឹង​ជួប​ប្រទះ​វិធានការ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក ។

ការ​គំរាម​ដាក់​ទណ្ឌកម្ម​នេះ បាន​បង្ក​ឲ្យ​រូបិយ​វត្ថុ​របស់​ប្រទេស​អ៊ីរ៉​ង់​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ខណៈ​ពាណិជ្ជករ​នាំ​គ្នា​ធ្វើ​កូដកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ