ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​… យក​ឡាន​ដឹក​សំរាម​ទៅចត​មុខ​សាលាដំបូង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ រថយន្ត​ដឹក​សំរាម​អនាម័យ​ក្រុង​បាន​លុងរបស់​ក្រុមហ៊ុន គឹ​ម ជ្រា ចំនួន​៥​គ្រឿង ត្រូវ​បាន​តំណាង​ក្រុម​កម្មករ នាំ​គ្នា​បើក​មកបញ្ឈរ​តម្រៀប​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត ដើម្បី​សុំ​អន្តរាគមន៍ បន្ទាប់​ពី​មាន​គេ​យក​បង្គោល​ទៅ​បោះ​ចំ​កណ្ដាលផ្លូវ មិន​ឲ្យ​រថយន្ត​ដឹក​សំរាម​យក​ទៅ​ចាក់​នៅ​ទីតាំង​ស្ថិត​ក្នុងភូមិ​៣…

ខេត្តរតនគិរី​៖ រថយន្ត​ដឹក​សំរាម​អនាម័យ​ក្រុង​បាន​លុងរបស់​ក្រុមហ៊ុន គឹ​ម ជ្រា ចំនួន​៥​គ្រឿង ត្រូវ​បាន​តំណាង​ក្រុម​កម្មករ នាំ​គ្នា​បើក​មកបញ្ឈរ​តម្រៀប​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត ដើម្បី​សុំ​អន្តរាគមន៍ បន្ទាប់​ពី​មាន​គេ​យក​បង្គោល​ទៅ​បោះ​ចំ​កណ្ដាលផ្លូវ មិន​ឲ្យ​រថយន្ត​ដឹក​សំរាម​យក​ទៅ​ចាក់​នៅ​ទីតាំង​ស្ថិត​ក្នុងភូមិ​៣ សង្កាត់​កាចា​ញ ដែល​ក្រុមហ៊ុន​ធ្លាប់​ចាក់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា បើ​តាម​កម្មករ​ម្នាក់​ឈ្មោះ ភារ​ម្យ ដែល​បាន​យក​រថយន្ត​ដឹក​សំរាម​ពេញ​របស់​ខ្លួន ទៅ​តម្រៀប​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត និយាយ​ថា ហេតុ​ដែល​ពួក​គាត់​យក​រថយន្ត​ដឹក​សំរាម មក​បញ្ឈរ​នៅ​មុខ​សាលាដំបូង​នេះ ដោយសារ​តែ​រថយន្ត​ដាក់​សំរាម​ពេញ​ហើយ​តែ​មិន​មាន​កន្លែង អាច​ចាក់សំរាម​ចំនួន​៤​ថ្ងៃ​មក​ហើយ ។

ពួក​គាត់​យក​រថយន្ត​មក​តម្រៀប​នៅ​មុខ​សាលាដំបូង​នេះ គោលបំណង​សុំ​ឲ្យ​សាលាដំបូង​ជួយ​ដោះស្រាយ​ជា​បន្ទាន់ នូវ​ករណី​គេ​យក​បង្គោល​ទៅ​បោះ​ចំ​កណ្ដាលផ្លូវ មិន​ឲ្យ​រថយន្ត​ដឹក​សំរាម​ចូល​ចាក់ ដូច​ធម្មតា​បាន ។ មូលហេតុ​មក​ពី​មាន​ទំនាស់​គ្នា​រវាង​ក្រុមហ៊ុន​វិនិយោគ​ផ្សារ និង​ក្រុមហ៊ុន​ប្រមូល​សំរាម ទើប​អាជ្ញាធរ​ខេត្ត​លុប​ចោល​កិច្ចសន្យា​ក្រុមហ៊ុន​ប្រមូល​សំរាម ។

លោក កែវ ពិសិដ្ឋ អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា​ដែរ​ថា សាលាដំបូង​ខេត្ត​មិន​ទាន់​មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​ទេ​នៅ​ពេល​នេះ ដោយ​តុលាការ​មិន​ទាន់​ទទួល​បាន​ពាក្យបណ្ដឹង ឬ​ពាក្យសុំ​អន្តរាគមន៍​ណាមួយ ពី​តំណាង​កម្មករ​ក្រុមហ៊ុន​អនាម័យនៅឡើយ ។

ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ ខុន ម៉ា​លី​កង អាយុ​៣៧​ឆ្នាំ ជា​តំណាង​កម្មករ​អនាម័យ​ក្រុង​បាន​លុង បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មកនេះ​ដើម្បី​យកពាក្យ​បណ្តឹង​មក​ដាក់​ជូន​សាលាដំបូង សុំ​ការ​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​សំរាម​ស្អុយ​ពេញ​ផ្សារ​ក្រុង​បាន​លុង ដោយសារ​មាន​ជន​មិន​ស្គាល់​មុខ​យក​បង្គោល​ទៅ​បោះ​ចំ​កណ្ដាលផ្លូវ មិនឲ្យ​ពួក​គាត់​យក​សំរាម​ទៅ​ចាក់​នៅ​ទីតាំង​ចាក់​សំរាម​បាន ។ ទោះបីជា​បែប​នេះ​ក្តី សាលាដំបូង​មិន​ទាន់​ដោះស្រាយ​ជូន​ពួក​គាត់​ទេ​នៅ​ពេល​នេះ ។

ជុំវិញ​ករណី​មាន​ជន​មិន​ស្គាល់​មុខ​បោះបង្គោល​ចំ​កណ្ដាលផ្លូវ​សាធារណៈ មិន​ឲ្យ​រថយន្ត​ដឹក​សំរាមរបស់​ក្រុមហ៊ុន​អនាម័យ​ចូល​ចាក់សំរាម​នេះ លោកងិ​ន ណែ​ល អភិបាលក្រុង​បាន​លុង ឱ្យ​ដឹង​ថាការ​យក​រថយន្ត​ដឹក​សំរាម​ទៅ​បញ្ឈរ​នៅ​មុខ​សាលា​ដំបូង​នោះ លោក​មិន​បានដឹង​ពី​គោលបំណងរបស់​គេ​ទេ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​គឹ​ម​ជ្រា​អនាម័យ​ក្រុងបាន​លុង​នេះ ត្រូវ​បាន​រដ្ឋបាល​សាលាខេត្ត ចេញ​ដីកា​សម្រេច​ដកហូត​សិទ្ធិ​កាលពី​ថ្ងៃ​ទី​១ ខែតុលា កន្លង​ទៅ បញ្ចប់​ទាំងស្រុង​នូវ​កិច្ចសន្យា​ស្ដី​ពី​ការ​ដាក់​ទុន​វិនិយោគ និង​ធ្វើ​អាជីវកម្ម​សម្អាត​អនាម័យ និង​ដឹក​ជញ្ជូន​សំរាម​ក្នុង​ក្រុង​បាន​លុងដែល​មាន​រយៈពេល​២១​ឆ្នាំ ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១០ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០៣០ ពី​លោក ជា គួ​ង ។

លោក​អភិបាលក្រុង​បាន​លុង បាន​បញ្ជាក់​ថារដ្ឋបាល​ក្រុង​បាន​លុង​ក៏​បាន​ចេញ​លិខិត​ជូន​ដំណឹ​ង ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ ដល់​សាធារណជន​ក្នុង​ក្រុង​បាន​លុង​ផង​ដែរ ឲ្យ​បញ្ឈប់ការ​បង់​សេវា​ប្រាក់​អនាម័យ ក្នុង​ក្រុង​បាន​លុង ជូន​ក្រុមហ៊ុន​របស់​លោក ជា គួ​ង តទៅ​ទៀត​ហើយ គឺ​បញ្ចប់​កុងត្រា ។ចំណែក​លោក ជា គួ​ង ប្រធាន​ក្រុមហ៊ុន​គឹ​ម​ជ្រា និយាយ​ថា អាជ្ញាធរ​ខេត្ត​ដកហូត​សិទ្ធិវិនិយោគ​របស់​លោក គឺ​ខុស​ពី​អនុក្រឹត្យ​ទាំងស្រុង ពីព្រោះ​ការ​ដកហូត​នេះ អាជ្ញាធរ​ខេត្ត​មិន​បាន​ទៅប្រជុំ​ក្រុមប្រឹក្សា ។

បើ​តាម​ផ្លូវច្បាប់ គឺ​ក្រុមប្រឹក្សាជា​អ្នក​ចុះហត្ថលេខា មិនមែន​អាជ្ញាធរ​ខេត្ត​ជា​អ្នក​ចុះហត្ថលេខា​ទេ ។ ម្យ៉ាងវិញទៀត មុន​នឹង​ឈាន​ដល់​ការ​ដកហូត​ចេញ​ជា​លាយលក្ខណ៍អក្សរ ត្រូវ​មានការ​ព្រមាន​មក​លើ​កំហុស របស់​ក្រុមហ៊ុន​ចំនួន​៣​ដង​ទើប​អាច​ដកហូត​បាន ។

ប្រធាន​ក្រុមហ៊ុន​និយាយ​ថា ម្យ៉ាងទៀត ក្រុមហ៊ុន​កំពុង​ស្ថិត​ក្នុង​ដំណើរការ​របស់​តុលាការ​មិន​ទាន់​សម្រេច ដូច្នេះ​អាជ្ញាធរ​ខេត្ត​មិន​មាន​សិទ្ធិ​ណាមួយ ក្នុង​ការ​សម្រេច​ដកហូតសិទ្ធិ​វិនិយោគ​ឡើយ ។ លោក​ថា គោល បំណង​ដែល​ក្រុម​កម្មករ​យក​រថយន្ត​ដឹក​សំរាម​ពេញ ទៅ​តម្រៀប​នៅ​មុខ​សាលាដំបូង គឺ​គ្រាន់តែ​ចង់​សុំ​ឲ្យ​តុលាការ​សម្រួល​ក្នុង​កា​រដក​បង្គោល ដែល​បោះ​ចំ​កណ្ដាលផ្លូវ​សាធារណៈ មិន​ឲ្យ​រថយន្ត​ដឹក​សំរាម​របស់​លោក ដឹក​សំរាម​ទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម តាំងពី​ថ្ងៃ​ទី​៣០ ខែតុលា​មក​ម្លេ​៉ះ បើ​គិត​ទៅ​មាន​រយៈពេល​៤​ថ្ងៃ​មក​ហើយ ។

បច្ចុប្បន្ន ទីលាន​ចាក់សំរាម​ត្រូវ​បាន​ប្រជាពលរដ្ឋ​បិទ ព្រោះ​មូលហេតុ​ក្រុមហ៊ុន​ទាំង​២ គឺ​ក្រុមហ៊ុន​វិនិយោគ​ផ្សារ និង​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​អនាម័យ ទាស់​គ្នា​មិន​ឈប់​ឈរ​ដូច​ជា​ជម្លោះពី​បញ្ហា​សំរាម​នេះ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ជា​បន្តបន្ទាប់ ដែល​ពេល​ខ្លះ​គេ​ទុក​សំរាម​ដូច​ភ្នំ​ឱ្យ​ស្អុយរលួយ​ពេញ​ផ្សារ​ក៏​មាន​ដែរ ៕

អត្ថបទសរសេរ ដោយ