កម្លាំងចិត្តមានមុខនាទីសំខាន់ជាងកម្លាំងកាយ។ រូបកាយយើងនេះត្រូវការកម្លាំំងចិត្តណាស់ បើកាលណាអស់កម្លាំងចិត្តហើយ ក្តីសង្ឃឹមក៏អស់ពេលនោះដែរ។ កម្លាំងចិត្តនេះសំខាន់ណាស់ ព្រោះយើងតែងនិយាយខ្លួនយើង ឬឮគេនិយាយថា បើអស់កម្លាំងចិត្តហើយ រកធ្វើកិច្ចការអ្វីក៏មិនកើតដែរ។ យើងធ្លាប់ឮ ធ្លាប់ឃើញហើយ អ្នកដែលធ្វើអត្តឃាតភាគច្រើនជាអ្នកដែលអស់កម្លំងចិត្តសម្រាប់ការតស៊ូក្នុងជីវិត បើទោះជាអ្នកនោះជាមនុស្សមានសុខភាពល្អ មានកម្លាំងពលំមាំមួនក៏ដោយ ។
ព្រះបរមសាស្តា លោកទ្រង់ញាណឃើញនូវសារប្រយោជន៍នៃកម្លាំងចិត្តដែលមានមុខនាទីសំខាន់ក្នុងជីវិត ជាពិសេសចំពោះអ្នកដឹកនាំដែលត្រូវទទួលភារៈធ្ងន់ក្នុងការគ្រប់គ្រងគេនោះ ទើបបានជាលោកដាក់កម្លាំងចិត្តជាគោល ជាទិសដៅមួយយ៉ាងសំខាន់ ក្នុងចំណោមគោលទាំង១០នៃទសពិធរាជធម៌ សម្រាប់ឱ្យអ្នកដឹកនាំទាំងឡាយបដិបត្តិ។
កម្លាំងចិត្តក្នុងទសពិធរាជធម៌ គឺខន្តីនេះឯង។ ព្រោះហេតុនោះបានជាលោកពោលថា អ្នកដែលមានកម្លាំងចិត្តក្នុងការប្រកបការងារ គឺអ្នកមានខន្តីនេះឯងជាពិសេស។ អស់ខន្តីពេលណា អស់ការអត់ធ្មត់ពេលណា អស់ការព្យាយាមពេលណា កម្លាំងចិត្តក៏អស់ពេលនោះ ការសមគួរនឹងទទួលផល ក៏អស់ក្នុងពេលនោះដែរ ។
ចែករំលែកព័តមាននេះ