ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​​​ទីស្នាក់​​ការ​​​សង្កាត់​​រដ្ឋ​បាល​​ព្រៃឈើ​​​​និង​ថ្នាល​បណ្តុះ​​កូនឈើ

15 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ មន្ត្រី​​ថ្នាក់​ដឹកនាំ​​​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​​​កំពត​​-កែប​ដឹកនាំ​​ដោយ​​លោក​ស៊ឹម ឡាប៉័ង​ នាយ​ខណ្ឌ​​រដ្ឋ​បាល​​​ព្រៃឈើ​​ នៅ​ថ្ងៃទី​​៨ និង​ទី៩ ខែ​មីនា ​បាន​ដឹកនាំ​មន្ត្រី​​​ក្នុង​ខណ្ឌ​​​រដ្ឋ​បាល​​​ព្រៃឈើ​​​កំពត​​ ចុះ​ទៅ​​ពិនិត្យ​ទីតាំង​​សង្កាត់​​រដ្ឋ​បាល​​​ព្រៃឈើ​ ដែល​មាន​ស្រាប់​កន្លងមក​នៅ​ក្នុង​ខេត្ត​ទាំងពីរ​ កំពត-កែប​ ។ ជាមួយ​នេះ ​រៀបចំ​ទីតាំង​​ថ្នាល​បណ្តុះ​កូនឈើ​​​និង​លើក​ស្លាក​សញ្ញា​​​តាម​​បណ្តា​សង្កាត់​​ដែល​មាន​តែ​ទីស្នាក់​ការ​តែ​គ្មាន​ស្លាក​សម្គាល់​​​ទីស្នាក់​ការដូចជា​ស្នាក់​​ការ​សង្កាត់​​​រដ្ឋ​បាល​​ព្រៃឈើ​កំពង់​បាយ​ បឹងទូក​ សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​កែប សង្កាត់​​រដ្ឋ​បាល​ព្រៃឈើ​​ស្រុក​​​អង្គរ​ជ័យ ​និង​នៅ​មាន​ស្នាក់​ការ​​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខេត្ត​កំពត ។

នៅ​​ជំហាន​​ដំបូង​​នេះ ​លោក​​​ស៊ឹម ឡាប៉័ង​ ​បាន​ចុះ​មក​​ដល់ទី​ស្នាក់​ការ​សង្កាត់​រដ្ឋ​បាល​​ព្រៃ​ឈើ​​​កំពង់​បាយ​បឹងទូក​ ។ លោក​គាម តឹប​ នាយ​​សង្កាត់​​រដ្ឋ​បាល​​ព្រៃឈើ​​​កំពង់​​បាយ​បឹងទូក ​បាន​រាយការណ៍​​​ពីទំហំ​​ដី​នៅ​​ក្នុង​សង្កាត់​​​គឺមាន​ដីទំហំ​​មួយ​ហិកតា​កន្លះ​ ​​ដែល​មាន​ប្លង់​​សម្គាល់​​​កម្ម​សិទ្ធិ​​​របស់​​រដ្ឋ​បាល​​ព្រៃឈើ​​ស្រប​ច្បាប់​​ ។ កន្លង​មក​ ទីតាំង​នេះ​គ្រាន់​​តែ​​ដាក់​ស្លាក​​សញ្ញា​​ថា ជាស្ថានីយ​បណ្តុះ​កូន​ឈើ​​​ប៉ុណ្ណោះ​ ទោះបី​ជានាយ​សង្កាត់​មក​​ស្នាក់​នៅ​ធ្វើ​ការ​នៅទី​​ស្នាក់​ការ​នេះ​ក្តី​​ក៏ការ​រៀបចំ​​ដាក់​ស្លាក​​សញ្ញា​​សម្គាល់​គ្មាន​​​​ទេ​ ​ពេល​នេះ​​លោក​ស៊ឹម ឡាប៉័ង​ ​ដែល​ទើប​នឹង​​មកទទួល​ការ​គ្រប់គ្រង​​​ផ្នែក​​រដ្ឋ​បាល​​​ព្រៃឈើ​​ថ្មី បាន​ចុះ​​ពង្រឹង​ការងារ​ស្នូល​របស់​មន្ត្រី​​រដ្ឋបាល​​​ព្រៃឈើ​​​គ្រប់​ផ្នែក​ផង រៀបចំ​ដាក់​ស្លាក​សញ្ញា​​​ផង និង​ពិនិត្យ​ឡើងវិញ​ការធ្វើ​​ថ្នាលបណ្តុះ​កូនឈើ​​ឱ្យ​​ត្រូវតាម​ស្តង់​ដារ​​បស់​​ក្រសួង​​​កសិកម្ម​​ រុក្ខា​ប្រមាញ់​​និង​នេសាទ​ផង​។​ មិន​តែប៉ុណ្ណោះ​​​ក្នុង​ការ​រៀបចំ​​​នេះ ​លោក​បាន​ចំណាយ​ទាំង​សំភារ​និង​ថ្លៃ​ឈ្នួល​​ដល់​​កម្មករ​​​ថែមទៀត ។
លោក​ស៊ឹម ​ឡាប៉័ង ​​បានថ្លែង​ថា ផ្អែក​តាម​អនុសាសន៍​​​​ លោក​ច័ន្ទ សារុន រដ្ឋ​មន្ត្រី​​ក្រសួង​កសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ​ លោកប្រធាន​​រដ្ឋ​បាល​ព្រៃឈើ​​ និង​លោក​អភិបាល​​ខេត្ត​ទាំង​៣ បាន​ចង្អុល​ណែនាំ​​ដល់​​អង្គភាព​​រដ្ឋបាល​​ព្រៃឈើ​​ឱ្យ​បណ្តុះ​​កូន​​​ឈើ​​គ្រប់​ប្រភេទ​ឱ្យ​បាន​​ច្រើន​​ក្នុង​ឆ្នាំ២០១១​នេះ​ ​ដើម្បី​​ចែក​ជូន​​​ប្រជាពលរដ្ឋ​ក្នុង​ការ​ដាំដុះ​ ។ ​មក​ដល់​ពេលនេះ លោក​បាន​ដឹកនាំ​មន្ត្រីរដ្ឋបាលព្រៃ​ឈើ​នៅ​ក្នុង​អង្គភាព​​ខណ្ឌ​រដ្ឋ​បាល​ ចុះ​ពិនិត្យ​ថ្នាល​បណ្តុះ​​​កូនឈើ​​ដែល​មាន​ទាំង​ថ្នាល​ចាស់​និង​ថ្នាល​​បណ្តុះ​​កូនឈើ​ថ្មី​មាន​ជាអាទិ៍​​ដូចជា ថ្នាល​បណ្តុះកូនឈើភ្នំតាម៉ៅ ថ្នាល​បណ្តុះ​​កូនឈើ​នៅ​​សង្កាត់​​​រដ្ឋ​បាល​​ព្រៃឈើ​ត្រាំកក់​ គិរីវង់ ស្រុក​អង្គរជ័យ​ សង្កាត់​​រដ្ឋ​បាល​ព្រៃឈើ​​ឈូក និង​ជុំគិរី​ ។

លោកស៊ឹម ឡាប៉័ង បន្តទៀតថា ការ​ចុះ​​ពង្រឹង​​សកម្ម​ភាព​ការងារ​​ស្នូល​​​របស់​​​ជំនាញ​​រដ្ឋ​បាល​​​ព្រៃឈើ​​​នេះ​ លោក​​​ជួប​ការ​​​លំបាក​​ជាច្រើន​អន្លើ​ដែរ ។ ដូចជា​ការរៀបចំ​ធ្វើ​​ទីតាំង​​និង​ថ្នាល​បណ្តុះ​ មន្ត្រី​នៅ​ក្រោម​​ឱវាទ​មួយ​​ចំនួន​នៅ​​ខ្វះ​បច្ចេកទេស​ក្នុង​ការ​រៀបចំ​​ទីតាំង​​និងធ្វើ​ថ្នាល​បណ្តុះ​​ ​ការ​យល់​ដឹង​​បច្ចេក​ទេស​នៅ​មាន​​កំរិត​ទាប ទីស្នាក់​ការ​របស់​​សង្កាត់​​មាន​តែ​​​ឈ្មោះ​​គ្មាន​កន្លែង​ធ្វើ​ការ​​ និងគ្មាន​ស្លាក​សញ្ញា​សម្គាល់​​ឱ្យ​បាន​ច្បាស់​​លាស់ ។ ​ពេល​នេះ​​ ជា​បន្ទុក​​របស់​លោក​​ហើយ ដូច្នេះ​លោក​ត្រូវ​តែខំ​​ធ្វើ​បន្ត​ដើម្បី​​សម្រេច​ជោគជ័យ​​​តាម​អនុសាសន៍​និងការ​ណែនាំ​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​ផងដែរ ៕