ខេត្តរតនគិរី ៖ ជនសង្ស័យ៥នាក់ ក្នុងនោះស្រីម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មប្រចាំខេត្ត ត្រូវបានចាប់ខ្លួននៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែ១ កាលពីម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ករណីទី១ នៅក្នុងការិយាល័យពន្ធនាគារខេត្ត មានការដឹកជញ្ជូននូវសារធាតុញៀនតាមរយៈម៉ូតូឌុបយកចូលទៅក្នុងការិយាពន្ធនាគារខេត្ត ដែលលាក់ទុកក្នុងផ្លែសាវម៉ាវផ្ញើឱ្យឈ្មោះ សុច ហៃ ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារខេត្ត តែត្រូវមន្ត្រីពន្ធនាគារឆែកឆេររកឃើញម្សៅក្រាមសថ្លា១កញ្ចប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់។
ក្រោយមកដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងបទល្មើស និងមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រមទាំងចំលើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញឈានទៅឃាត់ខ្លួនស្ត្រីម្នាក់ទៀតនៅចំណុចហាងម៉ាស្សា «មាន ហេង» ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ជាអ្នកផ្ញើផ្លែសាម៉ៅជូនតាមម៉ូតូឌុបទៅឱ្យអ្នកជាប់ពន្ធនាគារ។
ជនសង្ស័យខាងលើ ១-ឈ្មោះ ថេង តារា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ២-ឈ្មោះ ឆេង សុខចាន់ ហៅស្រីខួច ភេទស្រី អាយុ២៦ឆ្នាំ ហើយជនសង្ស័យត្រូវកម្លាំងជំនាញធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលអវិជ្ជមានម្នាក់ វិជ្ជមានម្នាក់។ ចំណែកវត្ថុតាងចាប់បានរួមមាន ៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន១កញ្ចប់ទម្ងន់០.៣៣ក្រាម ទាំងសំបកថង, ម៉ូតូ០គ្រឿង, ខ្សែដៃ១ខ្សែ, ខ្សែ.ក០១ខ្សែ និង៥.ចិញ្ចៀន១វង់។
លុះនៅល្ងាចថ្ងៃដដែល កម្លាំងអធិការដ្ឋាននគរបាលស្រុកវើនសៃ ចុះបង្ក្រាបជាក់ស្តែងករណីរក្សាទុក និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀននៅចំណុចណងយ៉ាប៉ែ ស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផាត ភា ហៅយាំង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ រួមទាំងវត្ថុតាង ១-ម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូចនិងសម្ភារៈសម្រាប់សេពមួយចំនួន។
ក្រោយពីការសួរនាំជនសង្ស័យសារភាពថា ថ្នាំញៀនដែលយកប្រើប្រាស់នេះទិញពីឈ្មោះ គួក និងឈ្មោះមាន នៅម្តុំទួលបឹងកំសាន្ត ស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី។
ក្រោយមកអធិការដ្ឋាននគរបាលស្រុកវើនសៃសហការជាមួយការិយាល័យជំនាញខេត្ត ចុះឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ១-ឈ្មោះ ខាំ មាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ស្រុកកំណើតភូមិ៥ ឃុំឡាបានសៀក ស្រុកបានលុង ២-ឈ្មោះ យន គួក ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្មដា សង្កាតមបឹងកន្សែង ក្រុងបានលុង ស្រុកកំណើតភូមិរកាដុះ ឃុំរកាដុះ ស្រុកពាមជរ ខេត្តព្រៃវែង។ វត្ថុតាងចាប់យករួមមាន ១-ម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់ (តូច២កញ្ចប់ ធំ២កញ្ចប់) ២-ជញ្ជីងថ្លឹង១គ្រឿង និង៣-សម្ភារសំរាប់សេពមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។
ចែករំលែកព័តមាននេះ