ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ​២០១៩ ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​៦​នឹង​ផ្ដើម​ស្ថាបនា​កែ​លម្អ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​កែ​លម្អ​ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​៦ នៅ​ដើមឆ្នាំ​២០១៩ ខាង​មុខ ដើម្បី​លើកកម្ពស់​គុណភាព​ផ្លូវ​សម្រាប់​បម្រើ​ដល់​ការ​ប្រើប្រាស់​ជាប់​បាន​យូរ ។ លោក ស៊ុន…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​កែ​លម្អ​ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​៦ នៅ​ដើមឆ្នាំ​២០១៩ ខាង​មុខ ដើម្បី​លើកកម្ពស់​គុណភាព​ផ្លូវ​សម្រាប់​បម្រើ​ដល់​ការ​ប្រើប្រាស់​ជាប់​បាន​យូរ ។

លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ដ្រី​រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​មាន ប្រសាសន៍​ថា សម្រាប់​គម្រោង​កែ​លម្អ​ផ្លូវជាតិ​លេខ​១ ពី​អ្នក​លឿង​ដល់​បា​វិត និង​ផ្លូវជាតិ​លេខ​៦ ពី​ក្រុង​សៀមរាប​ដល់​ក្រឡាញ់​ដែល​មាន​ប្រវែង​សរុប​ចំនួន​ជិត​១៤៦​គីឡូម៉ែត្រ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​កម្ចីសម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​នូវ​ទឹកប្រាក់​ចំនួន​៧០​លាន​ដុល្លារ ។

លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​ទទួល​ត្រួតពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​ទាំង​ពីរ​នេះ ត្រូវ​ពិនិត្យ​ការ​សាងសង់​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ស្ដង់ដារ​បច្ចេកទេស ដើម្បី​ធានា​គុណភាព​ប្រើប្រាស់ ជាប់​បាន​យូរ ។ លោក​បាន​លើក​ឡើង​ថា ក្នុង​កម្ចីសម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​នូវ​ទឹកប្រាក់​ចំនួន​៧០​លាន​ដុល្លារ​នេះ​មួយ​ផ្នែក​ស្ថិត​ក្នុង​គម្រោង​ស្ថាបនា​មន្ទីរពិសោធន៍​ចំនួន​៤​កន្លែង នៅ​ក្នុង​ខេត្ដក្រចេះ កំពត សៀមរាប និង​ខេត្ដពោធិ៍សាត់ ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស ការ​ស្ថាបនា​ផ្លូវថ្នល់​ឱ្យ​កាន់តែ​មានគុណ​ភាពរឹងមាំ​បន្ថែម​ទៀត ។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ជាមួយ​ក្រុម ហ៊ុន​ទីប្រឹក្សាបច្ចេកទេស Korea Consultants International កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែតុលា នៅ​ទីស្ដីការក្រសួង​សាធារណការ​លោក ស៊ូ ដុ​ង ផាក (Soo Dong Park) ប្រធាន​ក្រុមហ៊ុន Korea Consultants International នៃ​ប្រទេស​កូរ៉េ​ដែល​ទទួល​បានការ​ត្រួតពិនិត្យ និង​ជា​ទីប្រឹក្សាបច្ចេកទេស​ក្នុង​ការ​ស្ថាបនា​គម្រោង​ទាំង​ពីរ​នេះ​បាន​សន្យា​ថា ក្រុមហ៊ុន​នឹង​គោរព​ទៅ​តាម​កិច្ចព្រមព្រៀង​នេះ​ព្រមទាំង​អនុវត្ត​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ធានា​គុណភាព​ស្រប​តាម​ស្ដង់ដារ ។

សូម​បញ្ជាក់​ថា គម្រោង​ស្ថាបនា​កំណាត់​ផ្លូវជាតិ​ទាំង​ពីរ​នេះ​នឹង​ធ្វើការ​លើក​កម្រិត​ផ្លូវ​ពី​កម្រាល កៅ​ស៊ី DBST បច្ចុប្បន្ន​ទៅ​ជា​កម្រាល​កៅស៊ូ AC និង​ធ្វើការ​ស្ថាបនា​លូ​សងខាង​ផ្លូវ ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ