ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកទ័ព​ឡោមព័ទ្ធ​ចាប់​ជនភេរវករកាលម្សិលមិញ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​បក្សពួក​ជនសង្ស័យ​៨​នាក់ ដែល​ចាប់​បាន​កន្លង​មក​ក្នុង​រឿង​លាក់​ទុក​កាំភ្លើង​អាកា​២៨​ដើម ជាប់ចោទ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​បាន​ហើយ​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ការ​ចាប់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​បក្សពួក​ជនសង្ស័យ​៨​នាក់ ដែល​ចាប់​បាន​កន្លង​មក​ក្នុង​រឿង​លាក់​ទុក​កាំភ្លើង​អាកា​២៨​ដើម ជាប់ចោទ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​បាន​ហើយ​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ការ​ចាប់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា នៅ​ចំណុច​ផ្ទះ​លេខ 184A ផ្លូវ​លេខ​68R ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​សមត្ថកិច្ច​បាន​ប្រើ​កម្លាំង​ប្រមាណ​៥០​នាក់ បែងចែក​ជា​៧​គោលដៅ ធ្វើការ​ឡោម​ព័ទ្ធ មុន​ឈាន​ទៅ​ឃាត់ខ្លួន ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​ឈ្មោះ ប៉េង រ៉ា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​អ្នក​ចាំ​ដី​ឱ្យ​គេ​នៅ​ម្តុំ​ពេជ្រនិល ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ តាម​នគរបាល​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ​ជា​បក្ស​ពួក ក្រុម​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ស្រាវជ្រាវ​ឃាត់ខ្លួន​បក្សពួក​បាន​៨​នាក់​កន្លង​មក ក្នុង​នោះ​មាន​ស្រី​ម្នាក់ ព្រមទាំង​ដកហូត​បាន​កាំភ្លើង ចំនួន​២៨​ដើម កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០១៨ ។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​ត្រូវ​នគរបាល​ទម្លាយ​ឱ្យ​ដឹង​ថា ធ្វើ​ឡើង​តាម​ដីកា​បញ្ជា​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា​ជនសង្ស័យ​បាន​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​យក​កូន​មក​មន្ទីរពេទ្យ ដោយ​សម្រាក​មួយ​យប់​នៅផ្ទះ​បងប្អូន ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ព័ទ្ធ​ចាប់ខ្លួន​បាន​តែ​ម្តង ។ បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ព្រមទាំង​លោកសង្ឃ​មួយ​អង្គ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួងមហាផ្ទៃ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​ដកហូត​បាន​កាំភ្លើង​វែង​ខ្លី​ចំនួន​២៨​ដើម ហើយ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​កន្លង​មក ។

ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ មុន​ដំបូង​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ព្រះសង្ឃ​មាន​សាច់ញាតិ​នៅ​ក្រៅប្រទេស​ដែល​ល្បីឈ្មោះ​មួយ​អង្គ ដែល​មាន​មន្តអាគម​អូ​ម​អាម​គង់នៅ​វត្ត​ពោធិ៍​វ័ន ក្នុង​សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ក៏​បាន​ផ្សិ​ក​ទាំង​យប់ ហើយ​នាំ​ខ្លួន​ទៅ​ឆែកឆេរ​លំនៅ​ឋាន​ក្នុង​ភូមិ​ព្រៃ​ស្នួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ដោយ​រក​ឃើញ​កាំភ្លើង វែង​ខ្លី​ចំនួន​២៨​ដើម​ដែល​ដាក់​ក្នុង​ធុង​ជ័រ​កប់​ក្នុង​ដី ។

លុះ​ក្រោយមក​សមត្ថកិច្ច​ក៏​បន្ត​ឃាត់ខ្លួន​បក្សពួក​ចំនួន​៧​នាក់​ទៀត ក្នុង​នោះ​មាន​មេខ្លោង​ម្នាក់​និង​ស្ត្រី​ម្នាក់​នៅ​ខេត្តព្រះវិហារ ។ ការ​ឃាត់ខ្លួន​នេះ​បន្ទាប់​ពី​ជនសង្ស័យ មាន​បំណង​ប៉ុន​ប៉ន​ធ្វើ​ភេរវកម្ម ផ្តួល​រលំ​រាជរដ្ឋាភិ​បាល​​កម្ពុជា ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មាន​បក្សពួក​ជា​ច្រើន​នាក់​ទៀត ដែល​សមត្ថកិច្ច​កំពុង​តែ​តាម​ចាប់​ខ្លួន ។ ទោះបីជា​យ៉ាងណា​ក្តី សមត្ថកិច្ច​ពុំ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ជា​ផ្លូវការ​ឡើយ ជុំវិញ​ការ​ឃាត់ខ្លួន បក្សពួក​ដែល​ជាប់​សង្ស័យ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​មួយ​ក្រុម​នេះ ៕

អត្ថបទសរសេរ ដោយ