ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​រូប​ស្រស់​ទ្រាំ​ទ្រ​លែង​បាន​រត់​ចេញពី​ផ្ទះ​ ស្រាប់តែ…

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រត​នៈ​គី​រី ៖ ក្មេង​ស្រី​ម្នាក់​រង​ការ​ធ្វើបាប​ពី​ឪពុក​ម្តាយ​ពេក នាង​ទ្រាំ​មិន​បាន​ក៏​រត់​ចោលផ្ទះ​ទៅ​តាម​ស្ត្រី​ម្នាក់ ស្រាប់តែ​ឪពុក​ម្ដាយ​នាង​បាន​មក​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន ដោយ​ចោទ​ថា ស្ត្រី​ម្នាក់​ចាប់​ពង្រាត់​កូនក្រមុំ​របស់​គាត់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៩​ព្រឹក នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា…

ខេត្ត​រត​នៈ​គី​រី ៖ ក្មេង​ស្រី​ម្នាក់​រង​ការ​ធ្វើបាប​ពី​ឪពុក​ម្តាយ​ពេក នាង​ទ្រាំ​មិន​បាន​ក៏​រត់​ចោលផ្ទះ​ទៅ​តាម​ស្ត្រី​ម្នាក់ ស្រាប់តែ​ឪពុក​ម្ដាយ​នាង​បាន​មក​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន ដោយ​ចោទ​ថា ស្ត្រី​ម្នាក់​ចាប់​ពង្រាត់​កូនក្រមុំ​របស់​គាត់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៩​ព្រឹក នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខណៈ​អ្នក​ទាំង​២​ខាងលើ​មក​ចាំ​ជិះឡាន​ឈ្នួល​លើ​ផ្លូវជាតិ​លេខ​78A ជិត​វត្ត​អូ​ចេ​ង ស្ថិត​នៅ​ភូមិ​តា​អង ឃុំ​តា​អង ស្រុក​កូន​មុំ​។

បើ​តាម​លោក ភោគ ណា​រិ​ទ្ធ អធិការ​ស្រុក​កូន​មុំ​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​ឪពុក​ម្ដាយ​ចោទ​គេ​នោះ​ឈ្មោះ​ថេ​ង ស្រី​លិ​ន អាយុ​១៧​ឆ្នាំ មុខរបរ​ដើរ​ស៊ីឈ្នួល​ជៀ​ជ័រកៅស៊ូ និង​ស្ត្រី​ដែល​រង​ការ​ចោទប្រកាន់​ឈ្មោះ ញ៉ែ​ម ឡា អាយុ​៣១​ឆ្នាំ មុខរបរ​ដូច​គ្នា អ្នក​ទាំង​២​នាក់​មានផ្ទះ​ជាប់​គ្នា​ស្ថិត​នៅ​ភូមិ​ការ​ឡែ​ង ឃុំ​ការ​ឡែ​ង ស្រុក​លំ​ផាត់​។

លោក​បន្ត​ទៀត​ថា ដោយ​មាន​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ប៉ូលិស​ស្រុក​លំ​ផាត់ ឱ្យ​ជួយ​អន្តរាគមន៍​ដោយ​មាន​ឪពុក​ម្ដាយ​ក្មេង​ស្រី​រាយការណ៍​ថា មាន​ស្ត្រី​ម្នាក់​នៅ​ភូមិ​ជា​មួយ​គ្នា​ចាប់​ពង្រាត់​កូនស្រី​គាត់​មក​ចាំ​ជិះឡាន​ឈ្នួល​ចំណុច​ខាងលើ ទើប​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កូន​មុំ​បាន​ស្ទាក់ និង​ឃាត់ខ្លួន​ទាំង​២​នាក់​មក​សួរនាំ​នៅ​អធិកា​ស្រុក ។

ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ក្មេង​ស្រី​ឈ្មោះ​ថេ​ង ស្រី​លិ​ន បាន​បំភ្លឺ​ប្រាប់​ថា សព្វថ្ងៃ​គ្រួសារ​នាង​មានមុខ​របរ​ដើរ​ស៊ីឈ្នួល​ជៀ​ជ័រ​ចល័ត ហើយ​ពេល​ជិត​២​ឆ្នាំ​នេះ​នាង​មាន​អារម្មណ៍​​ថា ចង់​តែ​រត់​ចោល​ឪពុក​ម្ដាយ​ដោយ​មូលហេតុ​ទី​1 ពេល​នាង​មាន​ជំងឺ​ចង់​គ្រុនចាញ់​ម្ដង​ៗ​នាង​ធ្វើការ​មិនកើត​ឪពុក​ម្ដាយ​នាង​បង្ខំ​ដេញ​នាង​ឱ្យទៅ​ជៀ​ជ័រ​ឱ្យ​ថៅកែ​ទាំង​មេឃ​ភ្លៀងរលឹម ពេល​នាង​ប្រាប់​ថា​ទៅ​មិនកើត​ទេ​នាង​ឈឺ ។ ពេល​លឺ​នាង​និយាយ​ថា ឈឺ ឪពុក​នាង​ទាញ​ដំបង​ដេញ​វាយ​នាង និង​ជេរ​ប្រមាថ​នាង​ជា​កូន​គ្រប់​បែប​យ៉ាង មិនតែប៉ុណ្ណោះ​ម្ដាយ​នាង​ថែម​ទាំង​ទាញ​ដំបង​ដេញ​វាយ​នាង​ត្រូវ​2​ទៅ​3​ដំបង​ក៏​មាន​ដែ​។

ក្មេង​ស្រី​ខាងលើ​ប្រាប់​បន្ត​ថា អា​រឿង​ជេរ​ប្រមាថ និង​យក​ដំបង​វាយ​នោះ​កើតឡើង​ញឹក​ញាប់​ណាស់ ជួនកាល​នាង​ទ្រាំ​មិន​បាន​រត់គេច​ខ្លួន​នៅ​ពេល​យប់​ទៅ​ដេក​ផ្ទះ​អ្នក​ជិតខាង ក្នុង​មួយ​ខែ​ៗ៥-៦​ដង ទើប​នៅ​ថ្ងៃ​កើតហេតុ​នេះ​នាង​សម្រេចចិត្ត​រត់​តាម​មីង​ម្នាក់​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ទៅ​ខេត្តសៀមរាប​ដើម្បី​គេច​ពី​ឪពុក​ម្ដាយ​ឱ្យ​នាង​មាន​សេរីភាព​ដូច​គេ​ដូច​ឯង និង​ស្វែងរក​ការងារ​ធ្វើ ស្រាប់តែ​ឪពុក​ម្ដាយ​ដឹង​ប្ដឹង​ឱ្យ​ប៉ូលិស​ឃាត់ខ្លួន​តែ​ម្ដង ដោយ​ចោទប្រកាន់​ថា គេ​ចាប់​ពង្រាត់ ។

ដោយឡែក​ស្ត្រី​ឈ្មោះ ញ៉ែ​ម​ឡា រង​ការ​ចោទ​បាន​បំភ្លឺ​ប្រាប់​ថា គាត់​មានផ្ទះ​ជាប់​គ្នា​ជា​មួយ​ក្មេង​ស្រី​ខាងលើ​ក្នុង​មួយ​ថ្ងៃ​ៗ​ឃើញ​ក្មេង​ស្រី​រូប​នោះ​ទឹកភ្នែក​ស្ទើរ​រាល់ថ្ងៃ ដោយ​សារ​​តែ​ម្ដាយ​ឪពុក​នាង​ជេរ​ប្រមាថ និង​វាយដំ​ជា​ញឹកញាប់ ហើយ​គាត់​មហា​សែន​អាណិត​ខ្លាំង​ណាស់ ស្រាប់តែ​ថ្ងៃ​កើតហេតុ​គាត់​ទៅ​លេង​ម្ដាយ​នៅ​ខេត្តសៀមរាប ក្មេង​ស្រី​រូប​នេះ​រត់​តាម​គាត់​សុំ​ទៅ​ជាមួយ​ដើម្បី​រក​កា​ងារ​ធ្វើ ទោះ​ហាម​នាង​យ៉ាងណា​ក៏​មិន​ព្រម​ស្ដាប់​ដែរ ទើប​មានរឿង​ចោទប្រកាន់​នេះ​កើតឡើង​តែ​ម្តង​។

សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​សួរនាំ​ភាគ​គី​ទាំង​សងខាង ទើប​សមត្ថកិច្ច​ដឹង​រឿង​ពិត​គឺ​គ្មាន​រឿង​ចាប់​ពង្រាត់​ទេ រឿង​កើតឡើង​នេះ​មក​ពី​ម្ដាយ​ឪពុក​នាង​វាយ​ធ្វើបាប​កូនស្រី​ញឹកញាប់​ពេក ក្រោយ​ពី​សួរនាំ​ហើយ សមត្ថកិច្ច​សុំ​យោបល់​ទៅ​តំណាង​អយ្យ​ការ​សាលាដំបូង​ខេត្ត ទើប​តំណាង​អយ្យការ​សម្រេច​ដោះ​លែង​ស្ត្រី​រង​ការ​ចោទ​ឱ្យ​មាន​សេរីភាព​វិញ ។

ដោយឡែក​ក្មេង​ស្រី​ខាងលើ​សមត្ថកិច្ច​តេ​ទូរស័ព្ទ​ហៅ​ឪពុក​ម្ដាយ​នាង​មក​ទទួល​កូនស្រី​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ពេល​មក​ជួប​មុខ​កូន នាង​ប្រកែក​មិន​ព្រមទៅ​តាម​ទេ​សុខចិត្ត​រស់នៅ​ជាមួយ​ប៉ូលិស​ល្អ​ជាង ហើយ​សមត្ថកិច្ច​លួងលោម​នាង​អស់​ជា​ច្រើន​ម៉ោង និង​ធ្វើ​កិច្ចសន្យា​លាយលក្ខណ៍​ជា​អក្សរ​ជាមួយ​ម្ដាយ​ឪពុក​នាង​ឱ្យ​ថ្ងៃក្រោយ​ឈប់​វាយ​ធ្វើបាប​នាង​តទៅ​ទៀត ទើប​នាង​យល់​ព្រមទៅ​ជាមួយ​គ្រួសារ​នាង​វិញ​។ ហើយ​នាង​ក៏​បញ្ជាក់​ប្រាប់​ថា កើតមក​ជាតិ​នេះ​មិនដឹង​ជា​មាន​បាបកម្ម​អ្វី​ទេ បានជា​ម្ដាយ​ឪពុក​នាង​វាយ​ធ្វើ​បាប​មិន​ឈប់​ឈរ​បែប​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ