ខេត្តបាត់ដំបង ៖ បើគេធ្វើដំណើរពីឃុំចែងមានជ័យ ស្រុកបាណន់ តាមដងផ្លូវក្រាលក្រួសក្រហម ឆ្ពោះទៅកាន់ចំណុចអក្សរតេ (T) ដែលជាចំណុចព្រំប្រទល់ស្រុកគាស់ក្រឡ និងស្រុកសំឡូត លើចំងាយផ្លូវប្រហែលជាង២គីឡូម៉ែត្រ នឹងប្រទះឃើញមានប៉ុស្តិ៍កុងត្រូលជជុះមិនតិចជាង១០កន្លែងទេ ដែលនៅបណ្តាក់គ្នាដូចខ្យងជំរិតទារប្រាក់ពីបទល្មើសព្រៃឈើ។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះថា កុងត្រូលជជុះទាំងនោះមានគ្រប់ស្ថាប័នដូចជានគរបាល ប៉េអឹម យោធា មេព្រៃ និងក្រុមឈុតខ្មៅដែលគេអះអាងថា អង្គការការពារបរិស្ថានព្រៃឈើ ប៉ុន្តែភាគច្រើនគឺកុងត្រូលជជុះពួកមេព្រៃ។ ក្រុមទាំងនោះសុទ្ធតែអះអាងដូចគ្នាថា ពួកគេជាអ្នកបង្ក្រាបបទល្មើសព្រៃឈើ ប៉ុន្តែបើពិនិត្យឱ្យច្បាស់ គឺសុទ្ធតែពួកឃុបឃិតគ្នាបំផ្លាញព្រៃឈើជាមួយឈ្មួញទុច្ចរិតប៉ុណ្ណោះ។ ពួកគេចាំស្ទាក់ចាប់បទល្មើសព្រៃឈើដើម្បីជំរិតទារប្រាក់។ ពួកឈ្មួញធំៗគេបង់ប្រាក់យ៉ាងស្ងាត់ស្ងៀម ហើយដឹកទាំងយប់ទាំងថ្ងៃគ្មានបញ្ហាទេ តែបើអ្នកស្រុកដឹកអុសតិចតួចតាមគោយន្តត្រូវមេព្រៃចាប់រឹបអូសយកតែម្តង បន្ទាប់ពីជំរិតទារប្រាក់ច្រើនមិនបាន។
ជាក់ស្តែងដូចជាការបង្ក្រាបគោយន្តកន្ត្រៃចំនួន៩គ្រឿងដឹកអុសកាលពីថ្ងៃទី២១ កុម្ភៈ កន្លងទៅនៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ដោយកម្លាំងមេព្រៃ ដឹកនាំដោយលោកកត បូរ៉ាន់ នាយផ្នែករដ្ឋបាលព្រៃឈើ គឺលោករឹបអូសយកឈើទាំងនោះពីប្រជាពលរដ្ឋ ដោយចោទថា ពួកគាត់ដឹកឈើដោយខុសច្បាប់ ប៉ុន្តែការពិតក្រុមកសិករបានប្រមូលឈើទាំងនោះពីតាមចំការនានានៅតំបន់ព្រៃភ្នំដែលម្ចាស់ចំការត្រៀមដុតបំផ្លាញចោល ដើម្បីយកដីដាំដុះ។
ការបង្ក្រាបបែបនេះធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋទន់ខ្សោយ។ ក្រោយពីចាប់រឹបអូសឈើសំណល់តាមចំការចំនួន៩គោយន្តកន្ត្រៃនោះមក កាលពីចុងសប្តាហ៍កន្លងទៅមេព្រៃស្រុកបាណន់នៅភូមិបុសខ្នុរ ឃុំចែងមានជ័យ បានស្ទាក់ចាប់ចំរៀកឈើចំនួន២គោយន្តកន្ត្រៃទៀត ដែលអ្នកភូមិដឹកទៅធ្វើរោងគោ ដោយជំរិតទារប្រាក់៦០ម៉ឺនរៀល លុះក្រោយមកចរចាគ្នាត្រូវថ្លៃ២០ម៉ឺនរៀល ជាថ្នូរមិនរឹបអូសយកឈើ និងគោយន្ត។
ផ្ទុយពីការបង្ក្រាបនោះ ក្រុមមេព្រៃបែរជាមិនអើពើចំពោះរថយន្តច្នៃរបស់ឈ្មួញដឹកឈើប្រណីតឆ្លងកាត់ប៉ុស្តិ៍ទាំងថ្ងៃទាំងយប់។ ជាក់ស្តែងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៦ មីនា ឈ្មួញឈើម្នាក់ឈ្មោះនី រស់នៅស្រុកបាណន់ បានដឹកឈើប្រណីតមួយរថយន្តច្នៃ ចំនួនប្រហែលជាង១ម៉ែត្រគូបចេញពីតំបន់អក្សរតេ(T) ចូលទៅកាន់ស្រុកបាណន់ ដោយឆ្លងកាត់កុងត្រូលជជុះរាប់សិបកន្លែងគ្មានការរំខានដំណើរឡើយ ខុសពីការដឹកអុសរបស់កសិករ។
កោះសន្តិភាពបានសួរនាំភ្លាមៗតាមទូរស័ព្ទឈ្មួញឈ្មោះនី អំពីការរត់ពន្ធឈើប្រណីតទាំងថ្ងៃគ្មានការរំខានពីមេព្រៃ ត្រូវគេនិយាយថា គេអាចដឹកជញ្ជូនបាននេះដោយសារតែមានការយោគយល់ពីគ្រប់ស្ថាប័នទាំងអស់ ពោលគឺសុទ្ធតែគ្នាឯង។
ទាក់ទិននឹងការរត់ពន្ធឈើប្រណីតនៅតំបន់នោះ ឈ្មួញរកស៊ីឈើម្នាក់បានឱ្យដឹងថា ឈ្មួញរកស៊ីឈើទាំងអស់នៅតំបន់នោះសុទ្ធតែមានឈ្មោះក្នុងបញ្ជីរបស់មេព្រៃ។ ពួកឈ្មួញមុនពេលដឹកចេញពីព្រៃ ត្រូវរាយការណ៍ជូនលោកមេព្រៃសិន និងបង់លុយមុនដែរ ប៉ុន្តែសម្រាប់អ្នកស្រុកដែលចង់ដឹកឈើ ឬអុសតិចតូចក៏ត្រូវរាយការណ៍ជូនលោកមេព្រៃមុនដែរ បើមិនដូច្នេះទេ ច្បាស់ជាត្រូវមេព្រៃជាន់កហើយ។ ឈ្មួញដែលមិនប្រាប់ឈ្មោះរូបនេះបញ្ជាក់ថា បច្ចុប្បន្នការរត់ពន្ធឈើប្រណីតនៅស្រុកសំឡូត ស្រុកគាស់ក្រឡ និងស្រុកបាណន់ កំពុងដំណើរការយ៉ាងអនាធិបតេយ្យបំផុតគ្មានអ្នកណាចាប់ទេ គឺសំខាន់ឱ្យតែបង់ប្រាក់ជាការស្រេច រីឯកុងត្រូលជជុះមានពាសពេញព្រៃគ្រប់ស្ថាប័នទាំងអស់ ពិសេសមេព្រៃ។
ភ្នាក់ងារកោះសន្តិភាពព្យាយាមសុំការបំភ្លឺពីលោកកត បូរ៉ាន់ នាយផ្នែករដ្ឋបាលព្រៃឈើដែលទទួលខុសត្រូវលើស្រុកចំនួន៣ខាងលើនេះ កាលពីព្រឹកថ្ងៃទី៨ មីនា តាមទូរស័ព្ទ ប៉ុន្តែពុំមានអ្នកលើកឡើយ បើទោះជាព្យាយាមច្រើនលើកក្តី៕
ចែករំលែកព័តមាននេះ