ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបិយប័ណ្ណ​ឌី​ជី​ថ​ល​កាន់តែ​ជ្រៀតចូល​កម្ពុជា ខណៈ​ NBC​ មិន​ទទួលស្គាល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រូបិយប័ណ្ណ​ឌី​ជី​ថ​ល ឬ​កាស​អេ​ឡិច​ត្រូ​និក កំពុង​ជ្រៀតចូល​មក​ទីផ្សារ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ៗ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បើ​ទោះបី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ប្រកាស​មិន​ទទួលស្គាល់​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ ។ ជាក់ស្ដែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ៖ រូបិយប័ណ្ណ​ឌី​ជី​ថ​ល ឬ​កាស​អេ​ឡិច​ត្រូ​និក កំពុង​ជ្រៀតចូល​មក​ទីផ្សារ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ៗ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បើ​ទោះបី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ប្រកាស​មិន​ទទួលស្គាល់​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ ។ ជាក់ស្ដែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ វិនិយោគិន​មក​ពី​ប្រទេស​សិង្ហ​បុរី បាន​ប្រកាស​ចូលខ្លួន​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​ថ្មី​មួយ​នេះ​បន្ថែម​ទៀត ។

បើ​តាម​លោក​Az-Zahari Ahmad Kamil ស្ថាបនិក​ក្រុមហ៊ុន​ជួញដូរ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល LynPay បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ប្រទេស​កម្ពុជា​មាន​សក្តានុពល​ក្នុង​ការ​ពង្រីក​វិស័យ​បច្ចេក​វិទ្យា Block Chain និង​សម្រាប់​ការ​ពង្រីក​ប្រតិបត្តិការ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ។

លោក​បន្ដ​ថា ៖« នៅ​កម្ពុជា​មាន​មនុស្ស​ជា​ច្រើន រួម​ទាំង​អ្នក​ប្រើប្រាស់​មក​ពី​ប្រទេស​ចិន​ផង​នោះ បាន​និង​កំពុង​ប្រើប្រាស់​កាស​អេ​ឡិច​ត្រូ​និក Bitcoins និង Ethereum ប៉ុន្តែ​ពួក​គេ​មិន​អាច​រក​វិធី​ចាយ​វា​បាន​នៅ​កម្ពុជា ។ ដូច្នេះ យើង​នឹង​ផ្តល់​នូវ​ដំណោះស្រាយ​ការ​ទូទាត់​មួយ ដែល​ផ្តល់​ប្រយោជន៍​ដល់​ពាណិជ្ជករ​ជា​ដៃគូ​សម្រួល​ប្រតិបត្តិការ​ទូទាត់​ជា​លុយ​សុទ្ធ » ។

អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ជា វុ​ទ្ធី បាន​លើក​ឡើង​ថា ការ​ធ្វើ​អាជីវកម្ម​បែបផែន​ថ្មី​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ​របស់​ប្រជាជន​កម្ពុជា ដើម្បី​ឈ្វេងយល់​ពី​របៀប​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ។ ក្នុង​នាម​ជា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​កៀងគរ​នូវ​វិនិយោគិន​បរទេស​នានា​ដើម្បី​ចូល​មក​បណ្ដាក់​ទុន​វិនិយោគ បង្កើត​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស ក៏​ប៉ុន្តែ​ចំពោះ​ក្រុម​ហ៊ុន​ដែល​ចូល​មក​នោះ ធ្វើ​បាន​ល្អ​ប៉ុនណា និង​ស្មោះត្រង់​ជាមួយ​អតិថិជន​ប៉ុនណា រង់ចាំ​តាមដាន​មើល​ទាំងអស់​គ្នា ។

លោក​បញ្ជាក់​ថា​៖« វិនិយោគិន​ក្រៅប្រទេស​មក​វិនិយោគ​ក្នុង​ប្រទេស​យើង ត្រូវ​តែ​គោរព​ច្បាប់​ប្រទេស​យើង ដូចនេះ​ពួក​គេ​មិន​អាច​ធ្វើ​អ្វី​ល្មើស​នឹង​ច្បាប់​យើង​បាន​ឡើយ »​។

កាលពី​ប៉ុន្មាន​ខែ​មុន​នេះ អន្តរ​ស្ថាប័ន​រួម​មាន ធនាគារ​នៃ​កម្ពុជា​, គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ ដោយ​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញ​ដូរ និង​ទូទាត់​កាស​អេ​ឡិច​ត្រូ​និក​ដែល​មិន​មានការ​គ្រប់គ្រង​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ត្រូវ​បាន​ចាត់ទុកជា​ទម្រង់​នៃ​ការ​ឆបោក​ថ្មី ដែល​នឹង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សាធា​រណជន និង​សង្គម​ជាតិ ។

អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា លោក​ជំទាវ ជា សិរី បាន​ថ្លែង​កន្លង​មក​ថា ថ្មី​ៗ​នេះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ធ្វើការ​ផ្សព្វផ្សាយ និង​បាន​បើក​សិក្ខ​សាលា ដើម្បី​បញ្ជ្រាប​នៃ​ការ​ប្រើប្រាស់​កាស​អេ​ឡិច​ត្រូ​និករ​បស់​ខ្លួន ដែល​ជា​ប្រភេទ​កាស​ឌី​ជី​ថ​ល សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ក្រុមហ៊ុន​របស់​គេ ពោល​គឺ​នៅ​ពេល​ក្រុមហ៊ុន​លក់​ចេញ​បាន​ច្រើន ហើយ​ក្រុមហ៊ុន​លែង​ប្រមូល​ទិញ​វិញ នោះ​កាស​នេះ​នឹង​ធ្លាក់​ថ្លៃ ឬ​អត់​តម្លៃ​ដោយ​ខ្លួនឯង ដែល​ចាត់ទុកជា​ការ​ឆបោក​នៃ​ទម្រង់​ថ្មី​មួយទៀត ។

លោក​ជំទាវ​បាន​បន្ត​ថា ៖« កាស​ទាំង​អស់នេះ ធនាគារជាតិ​នៃ​កម្ពុជា​មិន​ទទួលស្គាល់​ឡើយ ហើយ​ពាក់ព័ន្ធ​បញ្ហា​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​ទាក់ទង​ទៅ​ធនាគារពាណិជ្ជ​រួចរាល់​ហើយ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ណា ទាក់ទិន​នឹង​កាស​ឌី​ជី​ថ​ល​នេះ​ឡើយ ព្រោះ​វា​ជា​ឧបករណ៍​ដែល​មាន​ហានិភ័យ​ខ្ពស់ ដូច្នេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​បំផុសបំផុល​ឲ្យ​ទទួល​កាស​នោះ​ជំនួស​រូបិយប័ណ្ណ ។

ជាមួយ​គ្នា​នេះ ធនាគារជាតិ​នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ចាញ់បោក​ណាមួយ​របស់​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​មួយ​នេះ​ទេ ព្រោះ​ប្រភេទ​រូបិយប័ណ្ណ​នេះ មិន​មាន​ស្ថាប័ន​ណាមួយ ឬ​ធនាគារ​ណាមួយ​ទទួលយក​ដោះ​ដូរ​ដូច​រូបិយប័ណ្ណ​ក្រដាស​ឡើយ ។ រាល់​ការ​វិនិយោគ​នានា​លើ​កាស​អេ​ឡិច​ត្រូ​និក​នេះ សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ