ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​អបអរសាទរថ្ងៃ​បើក​បវេសនកាល​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៨-២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អបអរសាទរ​ថ្ងៃ​បើក​បវេសនកាល​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៨- ២០១៩ នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អបអរសាទរ​ថ្ងៃ​បើក​បវេសនកាល​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៨- ២០១៩ នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។

សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​មុន​នេះ​បន្តិច​ថា «​ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​របស់​ក្មួយ​ៗ​ចៅ​ៗ​ជា​សិស្សានុសិស្ស ចំណេះ​ទូទៅ​ទាំងអស់ ដែល​ជា​កុលបុត្រ កុលធីតា​ជាទី​ស្រលាញ់​របស់​យើង​គ្រប់​ៗ​គ្នា មានឱកាស​ទទួល​បាន​នូវ​ការ​អប់រំ ឱកាស​ក្នុង​ការ​បន្ត​ការ​សិក្សា​រៀនសូត្រ និង​ជា​ថ្ងៃ​ចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​កុមារ​តូច​ៗ ដែល​ទើបនឹង​ដល់​អាយុ​ចូល​សាលារៀន​» ។

សម្តេច​បន្ត​ថា ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ខ្ញុំ​សូម​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង និង​សូម​ចូលរួម​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ជាមួយ​ជនរួមជាតិ ស្រប​ពេល​ដែល​ឆ្នាំ​២០១៨ ជា​ខួប​លើក​ទី​២០ នៃ​ការ​បង្រួបបង្រួម​ជាតិ​ការ​រក្សា​បាន​សន្តិភាព​ពេញលេញ​ជូន​ប្រទេស​ជាតិ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។ សម្តេច​បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​លោកគ្រូ​អ្នកគ្រូ​បង្រៀន​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ដែល​បាន​ខិតខំ​លះបង់​កម្លាំងកាយ​ប្រាជ្ញា​ស្មារតី​បង្ហាត់បង្រៀន​សិស្ស​ឲ្យ​ទទួល​បាន​ចំណេះដឹង​ជំនាញ​សីលធម៌ និង​កាយសម្បទា​រឹង​មាំ ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ ដែល​ជាស​រសរ​ទ្រូង​ដ៏​រឹង​មាំ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​សំបូរ​រុងរឿង​» ។

ជាមួយ​គ្នា​នោះ​ការ​ចូលរួម​របស់​មាតាបិតា​អ្នក​អាណាព្យាបាល​សិស្ស​អាជ្ញាធរ​ដែនដី និង​ដៃគូរ​អភិវឌ្ឍន៍​ទាំងអស់​ក៏​ជា​កម្លាំង​សរុប​មួយ​ជួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​ឲ្យ​មានដំណើរ​ការ​យ៉ាង​រលូន និង​ទទួល​បាន​ជោគជ័យ​គួរ​ជាទី​មោ​ទ​នៈ​ក្នុង​រយៈពេល​កន្លង​មកនេះ​ផង​ដែរ ។ ក្នុង​ស្មារតី​នេះ ដើម្បី​ធានា​ឱកាស​អប់រំ​ឲ្យ​មានគុណ​ភាព​ប្រកបដោយ​សមធម៌ បរិយាកាស និង​លើកកម្ពស់​ឱកាស​ក្នុង​ការ​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់​គ្នា ទូលព្រះបង្គំ​ខ្ញុំព្រះករុណា សូម​អំពាវនាវ​ដូច​ខាងក្រោម

១-​ក្រសួង​អប់រំ​យុវជន និង​កីឡា​រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​គោលនយោបាយ​ក្រប​ខណ្ឌ ច្បាប់​បទដ្ឋាន និង​យន្តការ​ចាំបាច់ ដើម្បី​ដឹកនាំ​គ្រប់គ្រង និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ធានា​បាន​នូ វ​លទ្ធភាព​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព សមត្ថភាព បរិ​យា​ប័ន្ន​សម្រាប់​សិស្សានុសិស្ស​គ្រប់​រូប​ស្រប​ទៅ​នឹង​បរិការណ៍​ថ្មី​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។ ២- គ្រឹះស្ថានសិក្សា​គ្រប់​រូបភាព​រួម​ទាំង​ទី​វត្ត​អារាម​ត្រូវ​ធានា​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ការ​អប់រំ​ពេញលេញ និង​មានគុណ​ភាព​ដោយ​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ និង​ធ្វើ​យុទ្ធនាការ​ប្រមូល​កុមារ​ចូល​រៀន​រៀបចំ និង​ជួសជុល​បន្ទប់រៀន​សង្ហា​រឹម តុទូ កៅអី ក្តា​ខៀន ទ្វារ​បង្អួច បង្គន់​អនាម័យ កន្លែង​លាង​សម្អាត​ដៃ និង​បរិក្ខា​នានា ដើម្បី​ធានា​ថា​សាលារៀន​មាន​បរិស្ថាន​សិក្សា​ស្អាត អនាម័យ​ប្រកបដោយ​និរន្តរភាព និង​ផា​សុខភាព ។ ៣- លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​បន្ថែម​ទៀត ទាំង​ផ្នែក​ចំណេះដឹង និង​វិធី បង្រៀន​រួម​ទាំង​បច្ចេកវិទ្យា​ព័ត៌មាន​ភាសាបរទេស ដើម្បី​យកចំណេះ​ដឹង​ថ្មី​ៗ​មក​បង្ហាត់បង្រៀន​សិស្ស​បន្ត​ទៀត ។

៤- ក្មួយ​ៗ​ជា​សិស្សានុសិស្ស និង​យុវជន​យុវនារី​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ព្រមទាំង​ចូលរួម​គ្រប់​សកម្មភាព​នានា ដើម្បី​គាំទ្រ​ដំណើរការ​អភិវឌ្ឍ​សាលារៀន និង​សង្គម​ជាតិ​របស់​យើង​ជាង​នេះ​ទៅ​ទៀត​ក្មួយ​ៗ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ចង​ចាំ​ថា បើ​យើង​ស្រឡាញ់​ខ្លួន យើង​ស្រលាញ់​ឪពុក​ម្ដាយ និង​ស្រលាញ់​អនាគត​រុងរឿង ក្មួយ​ៗ​ត្រូវ​នៅ​ឆ្ងាយ​ពី​គ្រឿងញៀន​អំពើ​អបាយមុខ​ផ្សេង​ៗ និង​អំពើ​អសកម្ម​នានា ។ ៥- មាតាបិតា​អាណាព្យាបាល​សិស្ស និង​សហគមន៍​ត្រូវ​រួមចំណែក​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត​ប្រកប ដោយ​និរន្តរភាព​ក្នុង​ការ​ជួយ​អប់រំ​កូនចៅ​ទាំង​ផ្នែក​សុខភាព​ចំណេះដឹង និង​សីលធម៌ ។ ៦- អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​ចូលរួម​គាំទ្រ​ឱ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​គាំទ្រ​ផ្សេង​ៗ​ទៀត​សម្រាប់​គ្រប់​លទ្ធភាព ព្រមទាំង​ជំរុញ​សិស្ស និង​យុវជន​ដែល​មិន​បាន​រៀនសូត្រ ឬ​បោះបង់​ការ​សិក្សា​ឲ្យ​មានឱកាស​ទទួល​បានការ​រៀនសូត្រ​សារ​ជា​ថ្មី ។

៧- ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​រួម​មាន​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្តី ព្រឹត្តិបត្រ​ព័ត៌មាន​របស់​របស់​រដ្ឋ និង​ឯកជន​សូម​ជួយ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​អំពី​សារៈសំខាន់​នៃ​ការ​អប់រំ ព្រមទាំង​អំពាវនាវ​ដល់​មាតាបិតា​អាណាព្យាបាល​សិស្ស​ឲ្យ​នាំ​កូន​ដល់​អាយុ​ចូល​រៀន​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន ។ ៨- ដៃគូ​អភិវឌ្ឍ​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​បង្កើន​កិច្ចសហការ និង​ពង្រឹង​ភាព​ជា​ដៃគូ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្មវិធី​អប់រំ​នានា​ជា​ពិសេស​នៅ​កន្លែង​ដែល​មាន​សេវា​អប់រំ​ពិបាកទៅ​ដល់ ឬ​ក្រុម សិស្ស​ដែល​ជួប​ការ​លំបាក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ