ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​ស្ត្រី​ចិន​បើករថយន្ត​បុក ក្រុម​ឆក់​ម្នាក់​ស្លា.ប់​ម្នាក់​របួស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សាលាដំបូង​រាជធានី​ភ្នំពេញ នា​សៀ​ល​ថ្ងៃ​ទី​៣១ តុលា នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ស្ត្រីជន​ជាតិចិន​ម្នាក់ ជាប់ចោទ​បើករថយន្ត​បំ​បុក ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​ទូរស័ព្ទ​បណ្តាល​ឱ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សាលាដំបូង​រាជធានី​ភ្នំពេញ នា​សៀ​ល​ថ្ងៃ​ទី​៣១ តុលា នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ស្ត្រីជន​ជាតិចិន​ម្នាក់ ជាប់ចោទ​បើករថយន្ត​បំ​បុក ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​ទូរស័ព្ទ​បណ្តាល​ឱ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់ សម្រេច​ផ្ដន្ទាទោស​កំណត់​២​ឆ្នាំ តែ​តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​៣​ខែ ទោស​នៅ​សល់​ប៉ុន្មាន​ត្រូវ​ព្យួរ និង ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​មរណៈភាព នៃ​ជន​រង​គ្រោះ និង​បទ​បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ​។ សាលក្រម​សម្រេច​បង្គាប់​ឲ្យ​ជនជាប់ចោទ​សង​ទៅ​គ្រួសារ​សព​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង ជំងឺ​ចិត្ត​ចំនួន​៣០​លាន​រៀល​។ តម្រូវ​ឲ្យ​សង​ទៅ​អ្នក​របួស​ចំនួន ១៤.០០០​ដុល្លារ​អា​មេ​រិ​ក និង ជំងឺ​ចិត្ត​ចំនួន​៣០​លាន​រៀល​។

សាលក្រម​ប្រកាស​ធ្វើ​ឡើង​ចំពោះ​មុខ​ជនជាប់ចោទ​ឈ្មោះ ថា​ង យៀន អាយុ​២៦​ឆ្នាំ សាលក្រម​បើកផ្លូវ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​កើតទុក្ខ​មិន​សុខចិត្ត ចំពោះ​ការ​កាត់ក្តី​នេះ​។ អង្គហេតុ​ក្នុង​សំណុំរឿង​នេះ កាលពី​វេលា​ម៉ោង​ប្រហែល​១១​យប់ ថ្ងៃ​ទី​១២ សីហា ២០១៨ ស្ត្រី​ជាប់ចោទ និង​មិត្តភក្តិ​ម្នាក់​បាន​អង្គុយ​ក្នុង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-៣០០ រង់ចាំ​គ្នា ហើយ​បាន​បើក​បង្អួច​រថយន្ត​ចំហរ ពេល​នោះ​ស្រាប់តែ​មាន​ចោរ​២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ ដោយ​បាន​ជិះ​ម៉ូតូ​បម្រុង​គេចខ្លួន​។ ឃើញ​ដូច្នោះ​ជនជាប់ចោទ (​ស្ត្រី​ចិន​) បាន​បើករថយន្ត​ដេញ​តាម ក្នុង​គោលបំណង​តាម​យក​ទូរស័ព្ទ​មក​វិញ តែ​ពេល​នោះ​ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​ដល់​ផ្លូវ​ទាល់ ទើប​ជនជាប់ចោទ​សម្រេចចិត្ត​បើករថយន្ត​បំ​បុក​ពី​ចំហៀង បណ្ដាល​ឲ្យ​ម៉ូតូ​ដួល ហើយ​ជនជាប់ចោទ​ក៏​ចុះ​ទៅ​រើស​យក​ទូរស័ព្ទ​វិញ​តែ​ទូរស័ព្ទ​បែក​ខ្ទេចខ្ទី​អស់​។

ពេល​សវនាការ​មេធាវី​តំណាង​ឲ្យ​ជនសង្ស័យ​ជា​ចោរឆក់ ដែល​ស្លាប់​បាន​ទាមទារ​សំណង​ចំនួន ៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ចំណែក​មេធាវី​ការពារ​ឲ្យ​ជនសង្ស័យ​ដែល​រង​របួស​បាន​ទាមទារ​សំណង​លើ ទឹកប្រាក់​ចំនួន ៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​។ សំណុំរឿង​នេះ​ត្រូវ​បាន តំណាង​អយ្យការ​សាលាដំបូង សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ ថា​ង យៀន ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​១៦ សីហា ក្រោម​ការ​ចោទប្រកាន់​ពី​បទ បើកបរ​គ្មាន​ប័ណ្ណបើកបរ និង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​មរណៈភាព នៃ​ជន​រង​គ្រោះ​មាត្រា​២២៤ នៃ​ក្រម​ព្រហ្ម​ទ និង​បទ​បើកបរ​ដោយ​មាន​មាន​ប័ណ្ណបើកបរ ច្បាប់​ស្តី​ពី​ចរាចរ​ផ្លូវគោក​។ ជន​ត្រូវ​ចោទ​ត្រូវ​បាន​នគរបាល​ខណ្ឌ​ចម្ការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ សីហា ២០១៨​។

ក្រោយ​កើត​មាន​ហេតុការណ៍​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា នេះ​បាន​បញ្ជាក់​ថា​នៅ​ថ្ងៃអាទិត្យ ទី​១២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ មាន​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា (​បើករថយន្ត​ដេញ​បុក​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​ស្លាប់​-​របួស​) នៅ​ចំណុច​ផ្លូវ​លេខ​១២៣ កែង​ផ្លូវ​លេខ​៤៥៦ មុខ​ផ្ទះ​លេខ​៥៤ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ អ្នក​រង​របួសធ្ងន់ ប្រុស​ម្នាក់ និង​ស្លាប់​ប្រុស​ម្នាក់ ជា​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​។ ជនសង្ស័យ​ជា​ចោរឆក់​ម្នាក់​ឈ្មោះ សា​រុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​២៥០ ផ្លូវ​លេខ​៤៦០ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រង​របួសធ្ងន់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ម្នាក់​ឈ្មោះ បេ សុភា​ដេ​វីត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៣២A ផ្លូវ​លេខ​២៨០ ក្រុម​៤៣ ភូមិ​៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​ស្លាប់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត​។

ស្ត្រី​ចិន​ដែក​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ឡើង​តុលាការ ឈ្មោះ YUAN TANG ថា​ង យៀន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មិន​ចាំ​លេខ​លិខិតឆ្លងដែន មិន​បាន​យក​មក​តាម​ខ្លួន ជា​អ្នក​បើករថយន្ត​។ វត្ថុ​តាង​ដកហូត ម៉ូតូ​០១​គ្រឿង​ម៉ាក​SCOOPY ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1CL-7241 (​របស់​អ្នក​ឆក់​ទូរស័ព្ទ​ដៃ​ខូចខាត​យ៉ាងដំណំ​) រថយន្ត​ម៉ាក LEXUS RX-300 ពណ៌​ស ស្លាក​លេខ 2AN-9745 ភ្នំពេញ (​ខូចខាត​ដូច​គ្នា​) និង​ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក Meitu ពណ៌​ខ្មៅ​-​បៃតង លេខ​ស៊ី​ម 096 696 7899 (​បែក​អេ​ក្រង់ របស់​ជនសង្ស័យ បើកឡាន​បុក​)​។

តា​យ​របាយការណ៍​របស់​សមត្ត​កិច្ច​នគរបាល​ខណ្ឌចំការមន​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ជនសង្ស័យ​ឈ្មោះ សា​រុន ពិសិដ្ឋ និង​ឈ្មោះ បេ សុភា​ដេ​វីត បាន​ជិះ​ម៉ូតូ ១​គ្រឿង​ខាងលើ ឌុ​ប​គ្នា មក​ដល់​ចំណុច​មុខ​ផ្ទះ​ខាងលើ ឃើញ​ស្ត្រី​ជាតិចិន​២​នាក់ ឈប់​រថយន្ត​ទូរស័ព្ទ ចំហរ​កញ្ចក់ ខាង​មុខ​ផ្នែក​ខាងឆ្វេង ហើយ​ឈ្មោះ សា​រុន ពិសិដ្ឋ និង​ឈ្មោះ បេ សុភា​ដេ​វីត ក៏​ធ្វើ​សកម្មភាព​ឆក់ យក​ទូរស័ព្ទ​ដៃ ជនជាតិ​ចិន​ឈ្មោះ Yuan Tang បាន​សម្រេច រួច​បើក​ម៉ូតូ​គេចខ្លួន​។ ភ្លាម​នោះ​ស្ត្រី​ជាតិចិន​ឈ្មោះ Yuan Tang ដែល​ជា ម្ចាស់ ទូរស័ព្ទ បាន​បើករថយន្ត​ដេញ​តាម​បុក​ម៉ូតូ ពីក្រោយ​បណ្តាល​ឲ្យ​ដួល​ខ្ទាត​ទៅ​ក្បែរ​ជញ្ជាំង​របង​ផ្ទះ​លេខ​៣៩ ផ្លូវ​លេខ ១២៣ កែង​ផ្លូវ​លេខ​៤៥៦ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ