ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការ​នគរបាល​ខណ្ឌដង្កោ​បង្ហាញមុខ​ជនសង្ស័យ​លួច និង​ប្លន់​ប្រដាប់​អាវុធ​៦​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៦​នាក់ ក្នុង​នោះ​មានមុខ​សញ្ញា​លួច និង​ប្លន់​ប្រដាប់​អាវុធ ត្រូវ​បាន​កម្លាំង នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​។ ដោយឡែក​នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៦​នាក់ ក្នុង​នោះ​មានមុខ​សញ្ញា​លួច និង​ប្លន់​ប្រដាប់​អាវុធ ត្រូវ​បាន​កម្លាំង នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​។ ដោយឡែក​នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ នគរបាល​ខាងលើ​បាន​បង្ហាញមុខ​ជនសង្ស័យ ទាំងនោះ​រួម​ទាំង​វត្ថុ​តាង​ដែល​ដកហូត​បានជា​សាធារណៈ​ដើម្បី​ត្រៀម​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​នា​ថ្ងៃ​បន្ទាប់​។ ប្រតិបត្តិការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ នោះ​ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់ និង​ដាក់​ផែនការ​ច្បាស់លាស់​ពី​សំណាក់​លោក​វរៈសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ​។

ជា​ពិសេស​ក្រោម​ការ​ណែនាំ​បញ្ជា​ដោយ​លោក​ឧត្ដមសេនីយ៍ ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ចំណែក​ក្រុម​ជនសង្ស័យ​ទាំង​៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​រួម​មានមុខ​សញ្ញា​ប្លន់​ប្រដាប់​អាវុធ​២​នាក់ មុខសញ្ញា​កាច់​សោក​ម៉ូតូ​៣​នាក់ និង​គាស់​ផ្ទះ​ម្នាក់​។ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​មាន​ដូច​ជា កាំភ្លើងខ្លី​មួយ​ដើម សម្ភារ​កាច់​សោក​ម៉ូតូ និង​គាស់​សោ​ទ្វារផ្ទះ​រួម​ទាំង​ម៉ូតូ​សម្រាប់​ធ្វើ​សកម្មភាព​ចំនួន​៤​គ្រឿង ផង​ដែរ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១​គឺ​សកម្មភាព ប្លន់​ប្រដាប់​អាវុធ​មិន​បាន​សម្រេច​ដែល​បង្ក​ឡើង​ដោយ ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​ដេញ​តាម​ធាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​យុវជន​ម្នាក់​។

ខណៈ​ដែល​ជន​រង​គ្រោះ កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ស្ថានីយ​ប្រេងសាំង​តេ​លា ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ព្រៃ​ស នៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់​ឈ្មោះ ម៉ាក់ ឡុ​ង អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ និង​ម្នាក់​ទៀត​ឈ្មោះ ជា សេង​ដា ហៅ​វឿ​ន អាយុ​២៩​ឆ្នាំ​មុខរបរ​ជា​មន្ត្រី​យោធា​ជើង​ទឹក មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​។ អ្នក​ទាំង​២​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​ស្គូ​ពី​១​គ្រឿង​ពី​យុវជន​ម្នាក់ ឈ្មោះ ពិត ទិ​ត្យ អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​២៧២ ផ្លូវ​លេខ​១ បុរី​ពិភព​ថ្មី​ចំការ​ដូង ស្ថិត​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​នាល ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្ដតាកែវ​។

នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង ចេញពី​បុរី​ពិភព​ថ្មី​ចំការ​ដូង ទៅ​លេង​ម្ដាយ​នៅ​ស្រុក​កំណើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ជិះ​ម៉ូតូ បិទ​ភ្លើង​ដេញ​តាម​កៀរ​ប្លន់​។ ប៉ុន្តែ​មិន​បាន​សម្រេច​បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ប្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ហើយ​លោក​វរៈសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ ក្រោម​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍​ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​វេលា​ម៉ោង​១​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ ២០១៨ ទើប​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ត្រង់​ចំណុច​ក្បែរ​រោងចក្រ​ស្រា​បៀរ​ក្រោ​ន ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ព្រៃ​ស ភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ​ស​។ ដោយ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន អាវុធ​ខ្លី​ម៉ាក K59 លុប​លេខ​មួយ​ដើម ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GZ-9350 លេខ​តួ និង​លេខ​ម៉ាស៊ីន 5248634 មួយ​គ្រឿង​។ ទូរស័ព្ទ​ម៉ាក LG​មួយ​គ្រឿង​,​វិទ្យុទាក់ទង​(​អាយ​ឌី​) លេខ 706157 មួយ​គ្រឿង​, នាឡិកាដៃ​ម៉ាក​សាប់​ភី​រី មួយ​គ្រឿង​,​គ្រាប់​កាំភ្លើងខ្លី​ចំនួន​០២​គ្រាប់​។

ករណី​ទី​២​ជនសង្ស័យ​៣​នាក់ បាន​ចេញ​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ ទាំង​ថ្ងៃ ប៉ុន្តែ​មិន​ទាន់​បាន​កាច់​ផង​ក៏​បាន​ជួប​កម្លាំង​នគរបាល​ខាងលើ​កំពុង​ល្បាត​ទប់ស្កាត់​បទល្មើស នៅ​ក្នុង​មូលដ្ឋាន ហើយដោយ​មានការ​សង្ស័យ​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាល​វេ​ម៉ោង​២​រសៀល ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ខាងលើ​រួម​មាន​១-​ឈ្មោះ ផល វាសនា ហៅ​ត្រា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​មាន សង្កាត់​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ២-​ឈ្មោះ យូ ផា​ន់​នាង អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ៣-​ឈ្មោះ ម៉ាត់ តាំ អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​រត់​ម៉ូតូឌុប អ្នក​ទាំង​២​នាក់​នេះ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

នគរបាល​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​មាន ដែក​ជ្រុង​សំប៉ែត​ចុង​ស្រួច​មួយ​, សោ​រដោះ​ម៉ូតូ​មួយ​កំ​ប្លេ​, ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1I-3290 លេខ​តួ និង​លេខ​ម៉ាស៊ីន 341771​មួយ​គ្រឿង​,​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​ស៊ី​រុស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1Q-2612 លេខ​តួលេខ​ម៉ាស៊ីន 22421 មួយ​គ្រឿង​,​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​។ ករណី​ទី​៣ សកម្មភាព​គាស់​ផ្ទះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ខាងលើ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​៣៩៧ ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​រូប​នោះ ឈ្មោះ ផាត រ័​ត្ន អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​ដកហូត​បាន​ម៉ូតូ​ម៉ាក Suzuki Smash ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1AA-3708 មាន​លេខ​តួ BE4EM 111001 លេខ​មា​ស៊ី​ន E480-111001 មួយ​គ្រឿង​,​ទួ​ណឺ​វី​ស​ចំនួន​៣ ,​ពិល​តូច​មួយ​; និង​មេដែក​ឆក់​មួយ​។ ជនសង្ស័យ​ខាងលើ​បាន​គាស់​ផ្ទះ​លេខ​៣៩៧ ផ្លូវ​បេតុង ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​មាន​ម្ចាស់​ឈ្មោះ កុយ អ៊​ន អាយុ​៧១​ឆ្នាំ​។ គួរ​កត់សម្គាល់​ផង​ដែរ​ថា ជនសង្ស័យ​ទាំង​៦​នាក់​នោះ​សុទ្ធតែ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ហើយ​នគរបាល​បាន​កសាង​សំណុំរឿង រួចរាល់​ហើយ​ព្រមទាំង​បង្ហាញ​មុខជា​សាធារណៈ មុន​នឹង​បញ្ជូន​ទៅ​តុលាការ​នា​ថ្ងៃ​ទី​១ ខែវិច្ឆិកា ចាត់ការ​តាម​ច្បាប់​៕
https://youtu.be/59jzvWpLBhk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ