ដីកេរសល់ពីលោកស៊ិន សុង កំពុងបង្កើតបញ្ហាប្រចាំត្រកូល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣០ តុលា លោក ស៊ិន វិសាល កូនប្រុសលោក ស៊ិន សុង…
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣០ តុលា លោក ស៊ិន វិសាល កូនប្រុសលោក ស៊ិន សុង…
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣០ តុលា លោក ស៊ិន វិសាល កូនប្រុសលោក ស៊ិន សុង (អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លាប់) ដែលនៅតែម្តាយ គឺលោកជំទាវ ឡុង សាខន បានធ្វើសន្និសីទសារព័ត៌មានមួយនៅក្នុងភូមិគ្រឹះរបស់លោកលេខ១១ ផ្លូវលេខ៤៦៦ កែងផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធរឿងម្តាយគឺលោកជំទាវ ឡុង សាខន ដាក់បញ្ចាំភូមិគ្រឹះខាងលើនេះទៅធនាគារកាណាឌីយ៉ា ក្នុងទឹកប្រាក់ដើមប្រមាណ៦លានដុល្លារអាមេរិក ។
ជាមួយ និងសន្និសីទសារព័ត៌ដើម្បីលាត ត្រដាងការពិតព្រមជាមួយសំណូមពរនោះ ក៏មានសាច់ញាតិរាប់សិបនាក់បានឈរកាន់បដាជាច្រើនផ្ទាំង និងចាក់មេក្រូបំពងសំឡេងអនុសាសន៍សម្តេចនាយករដ្ឋមន្ត្រីស្តីពីបញ្ហាដីធ្លីកន្លងមក ដែលធ្វើឲ្យអ្នកដំណើរឆ្លងកាត់ទីនោះមានការភ្ញាក់ផ្អើលងឿងឆ្ងល់ ។
សន្និសីទសារព័ត៌មានលោក ស៊ិន វិសាល បានថ្លែងឲ្យដឹងថា លោកទើបនិងទទួលបានថាមានសម្រងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញមួយ តម្រូវរឹបអូសយកភូមិគ្រិះដែលលោកកំពុងស្នាក់នៅរាល់ថ្ងៃ ដែលម្តាយរបស់លោកបានយកទៅដាក់បញ្ចាំនៅធនាគារកាណាឌីយ៉ារួមជាមួយដីកេរសរុប៤កន្លែង ។ ដើមចមក្នុងសម្រងសាលក្រមនោះបានបញ្ជាក់ថា ដើមចោទគឺអគ្គនាយកធនាគារកាណាឌីយ៉ា តំណាងដោយលោក ប៉ែន រដ្ឋា ជាប្រធានផ្នែកនីតិកម្មនៃធនាគារ និងចុងចម្លើយគឺឈ្មោះ ឡុង សាខន ជាម្តាយរបស់លោក ។
អង្គហេតុ និងចំណុចវិវាទ គឺដើមចោទបានប្តឹងសុំឲ្យតុលាការចេញសាលក្រមដែលមានខ្លឹមសារ៖ ទាមទារបំណុលប្រាក់ដើមចំនួន៦លានដុល្លារអាមេរិក (បូកនិងការប្រាក់ ប្រាក់ពិន័យ សរុបជាង១៥លានដុល្លារអាមេរិក) ។ ទាមទារការប្រាក់ និងការប្រាក់ពិន័យ ២៦.៤ភាគរយក្នុង១ឆ្នាំ (ការប្រាក់ធម្មតា ១៣.២ភាគរយ ការប្រាក់ពិន័យ ១៣.២ភាគរយ)លើប្រាក់ដើមចំនួន៦លានដុល្លារអាមេរិកនោះ និង គិតចាប់ពីថ្ងៃទី៩ មីនា ឆ្នាំ២០១៣ រហូតដល់ថ្ងៃសងរួចគ្រប់ចំនួន ។ បើគ្មានប្រាក់សងបំណុល សុំរឹបអូសទ្រព្យសម្បតិ្តដាក់បញ្ចាំ និងទ្រព្យសម្បត្តិផ្សេងទៀតរបស់ឈ្មោះ ឡុង សាខន និង ឈ្មោះ ស៊ិន សុថាវី (កូន)លក់ឡាយឡុងសងបំណុល សុំឲ្យតុលាការចេញសាលក្រមមានអានុភាពអនុវត្តជាបណ្តោះអាសន្ន ។
អំពីរឿងក្តីនេះបានអះអាងថា កាលពីថ្ងៃទី៧ មីនា ២០១២ ចុងចម្លើយជាកូនបំណុលបានចុះកិច្ចសន្យាខ្ចីចងការប្រាក់(រយៈពេល១២ខែ) ពីធនាគារកាណាឌីយ៉ា នូវទឹកប្រាក់ចំនួន៦លានដុល្លារអាមេរិក តាមអត្រាការប្រាក់១៣.២ភាគរយ ប្រចាំឆ្នាំ ដោយបានដាក់បញ្ចាំអចលនទ្រព្យមួយចំនួនដូចមានរៀបរាប់ក្នុងពាក្យបណ្តឹងរួចទៅហើយ ។ រហូតដល់សព្វថ្ងៃនេះ ឈ្មោះ ឡុង សាខន និងឈ្មោះ ឡុង សុថាវី ពុំបានសងទាំងដើម និងការប្រាក់គ្រប់ចំនួនតាមកាលកំណត់មកឲ្យធនាគារឡើយ ។ ចំណុចវិវាទ គឺភាគីចុងចម្លើយអវត្តមានគ្រប់ដំណាក់កាលនៃនីតិវិធី បើនិយាយពីអង្គហេតុ និងអង្គច្បាប់ ពិតជាគ្រប់គ្រាន់ណាស់ទៅហើយ តែអ្វីដែលគួរឲ្យសោកស្តាយនោះត្រង់ថា ផ្ទះដែលកំពុងរស់នៅជាមួយគ្នា និងជាភូមិគ្រឹះកេរដំណែលពីឪពុក (ស៊ិន សុង) បែរជាម្តាយ និងកូនម្នាក់ឃុបឃិតគ្នាយកភូមិគ្រិះនោះទៅដាក់បញ្ចាំនៅធនាគារដែលខ្លួនលោកមិនបានដឹង ។
លោក ស៊ិន វិសាល បន្តថា លោកមិនជំទាស់ផ្លូវច្បាប់ទេ ប៉ុន្តែក្នុងនាមរូបលោកជាកូនប្រុសបង្កើតម្នាក់ យ៉ាងហោចណាស់ក៏មានកេរមរតកពីឪពុកម្តាយមួយចំណែក នៃភូមិគ្រិះនេះដែរ មិនដែលរស់នៅសុខៗស្រាប់តែមានដីកាបណ្តេញចេញបែបនេះសោះ ។
ក្នុងសន្និសីទសារព័ត៌មានលោក ស៊ិន វិសាល បញ្ជាក់ជំហរថា ទោះបីរឿងនេះធ្លាក់ដល់កម្រិតណាក៏ដោយចុះ លោកទទូចសុំទៅអគ្គនាយកធនាគារកាណាឌីយ៉ា មេត្តាជួយគិតគូរនិងពិចារណាថ្លឹងថ្លែងឡើងវិញ ដែលក្នុងដំណាក់កាលដំបូងនេះលោកសុំសងប្រាក់ដើមចំនួន៦លានដុល្លារអាមេរិកទៅធនាគារ ដើម្បីបញ្ចប់ការរឹបអូសផ្ទះសម្បែងដែលលោកកំពុងស្នាក់នៅសព្វថ្ងៃនេះ ។ បន្តបន្ទាប់ទៅទៀតលោកក៏នៅតែព្យាយាមរកដំណោះស្រាយលើប្រាក់ការ និងប្រាក់ពិន័យ ដែលម្តាយលួចដាក់បញ្ចាំភូមិគ្រឹះទៅធនាគារនោះដែរ មិន មែន ដោះស្រាយតែប្រាក់ដើមបំណុលនោះទេ ។
លោក ស៊ិន វិសាល ក៏បានអំពាវនាវដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកច្បាប់ចាស់ទុំទាំងឡាយដែលស្គាល់ក្រុមគ្រួសាររបស់លោក មេត្តាសូមជួយសម្របសម្រួលបញ្ចប់រឿងទំនាស់កេរមរតក និងបំណុលធនាគារដែលលោកម្តាយ ឡុង សាខន លួចយកទៅដាក់បញ្ចាំនោះផង ។តាមប្រភពអ្នកស្និទ្ធស្នាលជាមួយនឹងក្រុមគ្រួសារលោក ស៊ិន សុង ម្នាក់ដែលឈរកាន់បដាប្រាប់កោះសន្តិភាពថា កាលពីដើមឡើយលោកស្រី ឡុង សាខន ជាស្រី្តមេម៉ាយមានកូនប្រុស ស្រីចំនួន៣នាក់រួចមកហើយ ។
លុះដល់ឆ្នាំ ១៩៧៩ ទើបលោកស្រីមករៀបការ ជាមួយនឹងលោក ស៊ិន សុង និងមានកូនចំនួន ២នាក់ទៀតគឺលោក ស៊ិន វិសាល និងលោកស្រី ស៊ិន ពិសី សរុប៥នាក់ ។ កាលពីប៉ុន្មានឆ្នាំមុនកន្លងមកលោកស្រី ឡុង សាខន បានឃុបឃិតគ្នាជាមួយកូនដើមរបស់គាត់បានយកប្លង់ដីរបស់ក្រុមគ្រួសារចំនួន៤កន្លែង ដោយមានទីតាំងទី១-ដីថ្នូរសពរបស់លោក ស៊ិន សុង នៅកៀនស្វាយ ។ ទី២-ដីនៅកំពង់សោម ។ ទី៣-ដីនៅខេត្តកំពត ។ ទី៤-គឺប្លង់ដីផ្ទះ ដែលកូនប្រុសរបស់គាត់ម្នាក់កំពុងតែរស់នៅនេះតែម្តង ។ ដោយបានយកទៅបញ្ចាំនៅធនាគារកាណាឌីយ៉ា ចំនួន៦លានដុល្លារ ។ ដោយមិនចង់ឱ្យបាត់បង់នូវកេរដំណែលឪពុក និងក្រុមគ្រួសារនោះ លោក ស៊ិន វិសាល ដែលជាកូនប្រុសរបស់លោក ស៊ិន សុង ក៏យល់ព្រមចេញមុខសងដើម៦លានដុល្លារសិន និងសុំសងបន្តបន្ទាប់ទៀត ។
តាមប្រភពដដែលបានរៀបរាប់ប្រាប់បន្តទៀតថា បើទោះបីជាលោក ស៊ិន វិសាល យល់ព្រមរកដំណោះ ស្រាយដោយសុខចិត្តសងយ៉ាងណាក៏ខាងធនាគារកាណាឌីយ៉ា មិនយល់ស្របតាមដែរ មានផែនការតែម្យ៉ាងប៉ុណ្ណោះ គឺរឹបអូសយកអចលនទ្រព្យដែលបានដាក់បញ្ចាំទាំងអស់នោះតែម្តង ។ ចំណែកលោក ស៊ិន វិសាល ដោយមិនចង់ឱ្យបាត់បង់នូវកេរដំណែលរបស់ក្រុមគ្រួសារនោះ ទើបលោក ក្នុងនាមជាកូនប្រុសបង្កើតម្នាក់ដែរ សុំអំពាវនាវទៅដល់លោក ពុង ឃាវសែ អគ្គនាយកធនាគារកាណាឌីយ៉ា មេត្តាយល់យោគទទួលយកដំណោះស្រាយមួយនេះផង ៕
ចែករំលែកព័តមាននេះ