រាជធានីភ្នំពេញ ៖ ក្រោយបោះបង់អាជីពប្រដាល់ គេកត់សម្គាល់ថា មានតែកីឡាករ២រូបប៉ុណ្ណោះដែលបានក្លាយខ្លួនជាអ្នករត់តាក់ស៊ី ដោយអាជីពរបស់លោកទទួលបានជោគជ័យយ៉ាងខ្លាំង ដែលគេអាចនិយាយបានថា អ្នកទាំងពីរកាក់កបនឹងអាជីពនេះ ទើបបំភ្លេចទាំងស្រុងនូវអាជីពដែលធ្លាប់ឈឺសាច់លើសង្វៀន ។ អតីតកីឡាករទាំង២រូបនោះ រួមមាន កីឡាករ វ៉ន វីវ៉ា និងកីឡាករ ឡោ សំណាង ដែលអ្នកស្នេហាវិស័យប្រដាល់ស្ទើរមិនមានអ្នកណាម្នាក់មិនស្គាល់កេរ្តិ៍ឈ្មោះ និងស្នាដៃរបស់ពួកគេនោះទេ។
យ៉ាងណាមិញ គេនៅតែសង្វេគចំពោះអ្នកទាំងពីរ ដែលក្រោយប្រឡូកការប្រដាល់រហូតល្បីឈ្មោះខ្ទរខ្ទារលំដាប់ប្រទេស បែរជាបានត្រឹមជាអ្នករត់តាក់ស៊ី ខុសស្រឡះពីកីឡាករល្បីឈ្មោះក្រៅប្រទេស ដែលគេបានក្លាយជាសេដ្ឋីទាំងមិនទាន់ឈប់ប្រដាល់។ អតីតកីឡាករប្រដាល់ទម្ងន់ធ្ងន់ដ៏ល្បីល្បាញរបស់កម្ពុជា វ៉ន វីវ៉ា បានសម្រេចចិត្តផ្លាស់ប្តូរអាជីពជាអ្នកកីឡា ទៅប្រកបរបរជាអ្នករត់តាក់ស៊ី ដឹកអ្នកដំណើរវិញ ដើម្បីចិញ្ចឹមជីវិត ខណៈប្រពន្ធរបស់លោកគឺអតីត កីឡាការិនី ស៊ន ដាវីន ក៏បានបោះបង់អាជីពកីឡាតេក្វាន់ដូចោលដូចគ្នា ក្រោយពេលបានក្លាយជាម្ដាយរបស់ក្មេង ។
អ្នកធ្លាប់ជិះរថយន្តតាក់ស៊ីរបស់លោកច្រើននាក់ បានបង្ហាញពីទឹកចិត្តរំភើប ដែលអតីតកីឡាករល្បីឈ្មោះមួយរូប បានត្រឹមតែជាអ្នករត់តាក់ស៊ី ដែលអាជីពមួយនេះ បើទោះជាមើលទៅកាលីបមែន ប៉ុន្តែក៏ជារឿងមិនគួរផងដែរសម្រាប់កីឡាករល្បីឈ្មោះលំដាប់ប្រទេសម្នាក់ ដោយសារតែវ៉ន វីវ៉ា សុទ្ធតែត្រូវគេដឹងថា គឺជាកីឡាករល្បីឈ្មោះម្នាក់ ។
កាលពីពេលលោកចេញរត់តាក់ស៊ីដំបូងៗ គេឃើញម្ចាស់ហ្វេសប៊ុកម្នាក់បានសរសេរថា«ភ្ញៀវអ្នកជិះតាក់ស៊ីក្រហម ស្ទើរស្រក់ទឹកភ្នែក នៅពេលគាត់ហុចលុយឲ្យថ្លៃតាក់ស៊ីក្រហម ហើយអ្នកបើកតាក់ស៊ីនោះ ដោះម៉ាស់ពីមុខចេញមក ទើបដឹងថា ជាកំពូលកីឡាករល្បីនៅកម្ពុជា គឺលោក វ៉ន វីវ៉ា ដែលគេដឹងថា ក៏ជាបងថ្លៃកញ្ញា ស៊ន សៀវម៉ី ផងដែរ ។ គួរឲ្យអាណិតកីឡាករកម្ពុជាដែលមានវាសនាខុសពីកីឡាករបរទេសដូចជាប៉ាក់គីអៅដែលធ្វើសេដ្ឋីហើយគេឲ្យកាន់តំណែងក្នុងព្រឹទ្ធសភាទៀត។ កីឡាករស្រុកខ្មែរក្រៅពីថ្ងៃសៅរ៍និងអាទិត្យរត់តាក់ស៊ី មានពេលឯណាបំប៉នការហ្វឹកហាត់ឲ្យឡើងលំដាប់អន្តរជាតិនោះកើត»។
លោក វ៉ន វីវ៉ា បានប្រកាសលាឈប់ប្រដាល់ទាំងស្រុង ក្រោយពីលោកបានក្លាយជាអ្នករត់តាក់ស៊ីក្រហម និងត្រូវគេអះអាងថា រកចំណូលបានច្រើនគួរសម។ អ្នកជួបលោកដោយផ្ទាល់នៅពេលលោកស្ថិតក្នុងរថយន្តតាក់ស៊ី នៅតែមានអារម្មណ៍សង្វេគជាពិសេសនៅពេលប្រៀបធៀបលោកទៅនឹងកីឡាករក្រៅប្រទេស ដែលត្រូវគេដឹងថាមិនមានកីឡាករណាម្នាក់ខ្វះខាត ។
យ៉ាងណាមិញ ស្ថានភាពរបស់លោកអាចនឹងល្អជាងកីឡាករល្បីឈ្មោះបាត់មុខផ្សេងទៀត ដោយសារតែកីឡាករខ្លះត្រូវគេដឹងថា ធ្លាក់ខ្លួនដល់កម្រិតសូន្យក៏មាន ក្រោយពេលអតីតកីឡាករទាំងនោះ លែងមានទីផ្សារ។ អតីតកីឡាករវ៉ន វីវ៉ា ត្រូវគេឃើញបិទម៉ាស់ជាប្រចាំនៅពេលលោកបើករថយន្តតាក់ស៊ី ពោលគឺលុះត្រាតែលោកទទួលប្រាក់ឈ្នួលពីភ្ញៀវទើបលោកទម្លាប់ដោះម៉ាស់ ដែលហាក់ដូចជាលោកនៅទទួលអារម្មណ៍មិនបាន ក្រោយពេលធ្លាប់តំណាងប្រទេសចេញប្រកួតក្នុង និងក្រៅស្រុកជាប្រចាំ តែចុងក្រោយបែរជារស់ក្នុងស្ថានភាពជាអ្នករត់តាក់ស៊ី។
គួរបញ្ជាក់ផងដែរថា វ៉ន វីវ៉ា គឺជាកីឡាករប្រដាល់ទម្ងន់ធ្ងន់ ដែលគ្រងខ្សែក្រវាត់អន្តរជាតិម្តង គឺខ្សែក្រវាត់ ISKA កាលពីឆ្នាំ២០០៨ បន្ទាប់ពីវាយឈ្នះកីឡាករអាមេរិកនៅស្ថានីយទូរទស្សន៍ CTN ។ ក្រៅពីនេះ វ៉នវីវ៉ា ក៏ធ្លាប់គ្រងជើងឯកថ្នាក់ជាតិ៥ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០០៥ ដល់២០១០ ដោយលោកគឺជាកីឡាករមួយរូបដែលមានភរិយាក៏ជាកីឡាការិនីល្បីឈ្មោះខាងផ្នែកតេក្វាន់ដូ គឺអ្នកនាង ស៊ន ដាវីន រៀបការថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៥។
មិនខុសគ្នាដែរ អតីតអ្នកប្រដាល់ជើងខ្លាំងទម្ងន់ស្រាលប្រចាំក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឡោ សំណាង ឯណោះវិញ ក៏ស្ថិតក្នុងសភាពជាអ្នកកាក់កបនឹងអាជីពរត់តាក់ស៊ីផងដែរ បន្ទាប់ពីលោកលាឈប់ការប្រដាល់ធ្វើជាអ្នករកស៊ីហើយមិនសូវកាក់កប។ ឡោ សំណាង បានរៀបរាប់ថា បន្ទាប់ពីបញ្ចប់អាជីពជាអ្នកប្រដាល់លោករត់ទៅធ្វើជាអ្នកដេញថ្លៃកិបសំបុត្រកង់-ម៉ូតូនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ ប៉ុន្តែដោយសារតែមុខរបរនេះ មិនសូវទទួលបានជោគជ័យ ដោយសារតែការដេញថ្លៃមានកម្រិតខ្ពស់ពិបាកចំណេញ ហើយមុខរបរនាពេលនោះ ក៏ប្រឈមនឹងការខាតបង់ ទើបលោកងាកទៅទិញផ្លែឈើពីកំពង់ចាមយកមកលក់វិញ។
យ៉ាងណាមិញ លោកនៅតែងាកមកធ្វើជាអ្នករត់តាក់ស៊ីដូចគ្នានឹងកីឡាករ វ៉ន វីវ៉ា នាពេលនេះចៀសមិនផុត បន្ទាប់ពីចុះទិញផ្លែឈើក៏ខាត ហើយងាកមករត់តាក់ស៊ី គឺដឹងតែបានផលទោះតិច ឬច្រើន ។ លោកយល់ថា មុខរបរសព្វថ្ងៃធ្វើឱ្យលោកសង្វេគមិនខុសគ្នានោះទេ នៅពេលដែលលោកស្រមៃឃើញរូបភាពពេលឡើងប្រដាល់តំណាងជាតិទាំងលើឆាកក្នុងស្រុក និងអន្តរជាតិនាពេលកន្លងមក ។ យ៉ាងណាមិញ លោកថា ស្ថានភាពដែលលោកខំប្រឹងឈរគឺទោះជាមើលទៅសង្វេគបន្តិចមែន ប៉ុន្តែក៏ល្អជាងអតីតអ្នកប្រដាល់មួយចំនួនផងដែរ ដែលលទ្ធផលចុងក្រោយក្រោយឈប់ប្រដាល់ គឺស្ទើរតែរកបាយហូបមិនបាន ជាក់ស្ដែងដូចជាអតីតអ្នកប្រដាល់លោក ជៀស ស្រួចជាដើម។
គួរបញ្ជាក់ថា លោក ឡោ សំណាង គឺជាអតីតម្ចាស់ខ្សែក្រវាត់២ប្រភេទទម្ងន់របស់ក្រុមហ៊ុនស្រាសាច់ដុំពិសេស(៥១គីឡូក្រាម) និងក្រុមហ៊ុនស្រាផែនដី(៥៧គីឡូក្រាម)ឆ្នាំ២០០៦។ លោកមានស្រុកកំណើតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន១០នាក់ ក្នុងនោះមាន៣នាក់ជាកីឡាករប្រដាល់ប៉ុន្តែពេលនេះបានលាឈប់ទាំងអស់ ។ លោករៀបការក្នុងឆ្នាំ២០០៧ និងមានកូនប្រុស២នាក់ ដោយលោកគឺជាអ្នករកចំណូលយ៉ាងសំខាន់ពីមុខរបរជាអ្នករត់តាក់ស៊ី៕
ចែករំលែកព័តមាននេះ