ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ​មិន​ជឿ​បុណ្យ​បាប​នាំ​កំណើត​ទៅ​កាន់​ភព​ណា?

5 ឆ្នាំ មុន

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​ថា អ្នក​ណា​ដែល​មិន​ជឿ​បុណ្យ​បាប អ្នក​នោះ​នឹង​មានទោស​ធ្ងន់​យោនយកកំណើត​ទៅ​កាន់​អបាយភូមិ​មាន​ប្រេត​នរក​ជាដើម​។ សូម​លើកយក​បុគ្គលាធិដ្ឋាន​មក​បញ្ជាក់​ដូច​តទៅ ។ បានឮ​មក​ថា ថ្ងៃមួយ​ជា​ថ្ងៃឧបោសថសីល​ពួក​ភិក្ខុសង្ឃ​បាន​ប្រជុំ​គ្នា​ធ្វើ​ឧបោសថកម្ម ចំណែក​ឧបាសក ឧបាសិកា​ទាំងឡាយ​មាន​សេចក្តី​ជ្រះថ្លា ក៏​នាំ​គ្នា​យក​ភេសជ្ជៈ​មាន…

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​ថា អ្នក​ណា​ដែល​មិន​ជឿ​បុណ្យ​បាប អ្នក​នោះ​នឹង​មានទោស​ធ្ងន់​យោនយកកំណើត​ទៅ​កាន់​អបាយភូមិ​មាន​ប្រេត​នរក​ជាដើម​។ សូម​លើកយក​បុគ្គលាធិដ្ឋាន​មក​បញ្ជាក់​ដូច​តទៅ ។

បានឮ​មក​ថា ថ្ងៃមួយ​ជា​ថ្ងៃឧបោសថសីល​ពួក​ភិក្ខុសង្ឃ​បាន​ប្រជុំ​គ្នា​ធ្វើ​ឧបោសថកម្ម ចំណែក​ឧបាសក ឧបាសិកា​ទាំងឡាយ​មាន​សេចក្តី​ជ្រះថ្លា ក៏​នាំ​គ្នា​យក​ភេសជ្ជៈ​មាន ស្ករស ទឹកដោះគោ ទឹកឃ្មុំ ទឹកអំពៅ​ដើម្បី​រៀប​ចាត់ចែង​ក្នុង​សាលា​ភត្ត​ចាំ​ប្រគេន​ព្រះសង្ឃ ដែល​ចេញពី​រោង​ឧបោសថ ។

ជួន​ជា​ពេល​នោះ​ពួក​បរិស័ទ​ទាំងឡាយ​បានឃើញ​នាង​សិរិ​នី​ជា​ស្រីផ្កាមាស​ដើរទៅ​ក្បែរ​ទីនោះ​ក៏​ហៅ​ឱ្យ​ចូល​ទៅ​ដើម្បី​អនុមោទនា​យក​ចំណែក​បុណ្យ តែ​បែរជា​ស្ត្រី​ផ្កាមាស​នោះ​មានចិត្ត​ក្រោធ​ខឹង ឆ្លើយ​តប​ទៅ​វិញ​ថា យើង​មិន​ចង់បាន​បុណ្យ​ស្អី​ទេ គ្មាន​បុណ្យ​គ្មាន​បាប​អ្វី​កើត​ពី​ពួក​សមណៈ​ត្រងោល​នោះ​ទេ ពួក​អ្នក​រាល់គ្នា​សុទ្ធតែ​ចាញ់បោក​សមណៈ​ត្រងោល​ទាំងនេះ​គ្រប់​តែ​គ្នា​នឹង និយាយ​រួច​ក៏​ដើរ​ហួស​ទៅ ។

ពេល​ក្រោយមក​នាង​បាន​ធ្វើ​មរណកាល​ទៅ​ក៏​កើតជា​ប្រេត​ញី​នៅ​ក្បែរ​កំពែង​នគរ មាន​កាយ​អាក្រក់ ធុំក្លិន​ស្អុយ​អសោចិ៍ចេញពី​មាត់ ដូច​សាកសព​ស្អុយរលួយ មិន​ដែល​មាន​អាហារ​បរិភោគ​ទេ ។

ថ្ងៃមួយ​មាន​ឈ្មួញ​ម្នាក់​បររទេះ​ទៅ​លក់​អីវ៉ាន់​ដល់​ពេល​យប់ ក៏​ដាក់រទេះ​សម្រាក​នៅ​ក្បែរ​កំពែង​នគរ​នោះ ។ ប្រេត​ញី​ឃើញ​បុរស​នោះ​ស្គាល់​ថា​ជា​អ្នក​មក​ពី​ស្រុក​កំណើត​ខ្លួន ក៏​ទៅ​បង្ហាញ​កាយ​អាក្រាត​ឱ្យ​ឃើញច្បាស់​នឹង​ភ្នែក ។ ឈ្មួញ​បានឃើញ​ហើយ​ភិតភ័យ​ស្រឡាំងកាំង ព្រោះ​រូប​នោះ​អាក្រក់​គួរ​ខ្លាច​ខ្លាំង​ណាស់ ក៏​សួរ​ទាំង​ញ័រ​មាត់​ថា នាង​ជា​អ្វី ? យើង​មិន​ដែល​ឃើញ​មនុស្ស​បែប​នេះ​សោះ ។

ពេលនោះនាង​ប្រេតបាន​ប្រាប់​តាម​ដំណើររឿង​របស់​នាង ហើយ​ផ្តាំ​នឹង​បុរស​នោះ​ទៅ​ឪពុក​ម្តាយ​របស់​នាង​ថា នាង​សិរិ​នី​ជា​កូន ដែល​បាន​ស្លាប់​ទៅ​បាន​ទៅ​កើតជា​ប្រេត​មាន​សេចក្តី​លំបាក ស្រេកឃ្លាន​ខ្លាំង​ណាស់ ព្រោះតែ​កម្ម​ពៀរ​មិន​ជឿ​បុណ្យ​បាប សុំ​ឱ្យ​ឪពុក​ម្តាយ​ធ្វើ​បុណ្យឧទ្ទិសកុសល​ឱ្យ​នាង​ផង ហើយ​បុរស​នោះ​ក៏​ទទួលបញ្ញើ​ប្រេត​ដោយ​ក្តី​អនុគ្រោះ ។