រឿងកំណើតទៅអបាយភូមិនេះមិនរើសបុគ្គលអ្នកប្រព្រឹត្តទេ បើទោះជាគ្រហស្ថក្តី ឬបព្វជិតក្តីឱ្យតែប្រព្រឹត្តខុសនឹងទៅកាន់អបាយភូមិដូចគ្នា។ ព្រោះហេតុនោះហើយទើបព្រះបរមសាស្តាបានអប់រំពន្យល់មនុស្សមិនឱ្យមានចិត្តលោភលន់ហួសប្រមាណពេកទេ ព្រោះលោភៈនេះមានទោសធ្ងន់ទៅចាប់កំណើតនៅក្នុងភពណាដែលអត់ ភពដែលគ្មានអាហារបានដល់កំណើតប្រេត ហើយព្រះអង្គទ្រង់ណែនាំឱ្យមនុស្សប្រកបរបរចិញ្ចឹមជីវិតទៅតាមផ្លូវធម៌ ផ្លូវសុចរិតដើម្បីឱ្យជីវិតបានសុខទាំងក្នុងលោកនេះផង និងលោកខាងមុខផង ។
ទាក់ទងនឹងដំណើរជីវិតនេះព្រះអង្គបានបង្ហាញផ្លូវឱ្យដើរតាមសម្មាអាជីវៈជាគោលធម៌មួយយ៉ាងសំខាន់ចង្អុលផ្លូវសុខដល់អ្នកប្រកបរបរចិញ្ចឹមជីវិត។ សម្មាអាជីវៈប្រែថា ការចិញ្ចឹមជីវិតត្រូវ, ការរករបរទទួលទានប្រកបដោយធម៌។
សម្រាប់គ្រហស្ថ បានដល់ការវៀរចាកជំនួញខុសគឺរបរណាដែលច្បាប់ហាមឃាត់មានការជួញដូរមនុស្ស ជួញដូរសត្វ ជួញដូរគ្រឿងញៀន ជួញដូរអាវុធខុសច្បាប់ជាដើម លះបង់ចោលការកេងបន្លំមានការបំបាត់ភ្នែកជញ្ជីង ក្លែងរបស់កាឡៃជាដើម, លះបង់ការធ្វើជាសាក្សីកោងមួលបង្កាច់គេទាំងបំពាន, លះបង់ការល្មោភសំណូក ហើយបែរមកប្រកបអាជីវកម្មត្រឹមត្រូវដែលនាំឲ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិរីកចម្រើន ។
ចំណែកអ្នកបួសបានដល់ការលះបង់មិច្ឆាអាជីវៈគឺការចិញ្ចឹមជីវិតខុស ដោយអនេសនៈ២១ និងបាបធម៌៥ មានការធ្វើទូតនាំដំណឹងពីគ្រួសារមួយទៅកាន់គ្រួសារមួយ ធ្វើពេទ្យមើលជំងឺ ស្តោះព្រួសមន្តអាគមជាដើម និងមិនគប្បីត្រាច់ទៅកាន់ទីឋានដែលហាមឃាត់ដោយវិន័យ ហើយងាកមកចិញ្ចឹមជីវិតដោយភិក្ខាចរិយធម៌ដ៏ស្មើ ឬបច្ច័យដែលកើតឡើងតាមធម៌ ទើបឈ្មោះថាសមណៈបរិសុទ្ធ ជាស្រែបុណ្យរបស់ពុទ្ធបរិស័ទពិតៗ ។
ចែករំលែកព័តមាននេះ