ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ណា​មានធម៌​៤​គ្រួសារ​នោះ​នឹង​បាន​សុខ​អស់​មួយ​ជីវិត

5 ឆ្នាំ មុន

អ្នកគ្រប់គ្រង​ផ្ទះ​ពោល​គឺ​គ្រហស្ថ​ហ្នឹងឯង​ត្រូវ​មានធម៌​៤​ប្រការ​ជា​ប្រចាំ​ដើម្បី​ញុំា​ង​គ្រួសារ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ទាំង​ផ្លូវលោក​និង​ផ្លូវធម៌ ហើយ​គ្រួសារ​ណា​មានធម៌​៤​យ៉ាងនេះ​រក្សា​ល្អ​ហើយ គ្រួសារ​នោះ​នឹង​រស់នៅ​ជា​សុខ​អស់​មួយ​ជីវិត​។ ធម៌​ទាំង​៤​ប្រការ​នោះ​គឺៈ ១-​សច្ចៈ សេចក្ដី​ស្មោះត្រង់​ដល់​គ្នា​និង​គ្នា ២-​ទមៈ ទូន្មាន​ចិត្ត​ឲ្យ​ទន់ភ្លន់ ឱ្យ​សុភាព​រាបសា ៣-​ខន្តី…

អ្នកគ្រប់គ្រង​ផ្ទះ​ពោល​គឺ​គ្រហស្ថ​ហ្នឹងឯង​ត្រូវ​មានធម៌​៤​ប្រការ​ជា​ប្រចាំ​ដើម្បី​ញុំា​ង​គ្រួសារ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ទាំង​ផ្លូវលោក​និង​ផ្លូវធម៌ ហើយ​គ្រួសារ​ណា​មានធម៌​៤​យ៉ាងនេះ​រក្សា​ល្អ​ហើយ គ្រួសារ​នោះ​នឹង​រស់នៅ​ជា​សុខ​អស់​មួយ​ជីវិត​។ ធម៌​ទាំង​៤​ប្រការ​នោះ​គឺៈ

១-​សច្ចៈ សេចក្ដី​ស្មោះត្រង់​ដល់​គ្នា​និង​គ្នា

២-​ទមៈ ទូន្មាន​ចិត្ត​ឲ្យ​ទន់ភ្លន់ ឱ្យ​សុភាព​រាបសា

៣-​ខន្តី សេចក្តី​អត់ធន់​គ្រប់យ៉ាង​ក្នុង​ភារកិច្ច​ប្រចាំ​ថ្ងៃ

៤-​ចាគៈ លះបង់​ទ្រព្យសម្បត្តិ​ដល់​អ្នក​ដទៃ​ដែល​គួរ​ឲ្យ ឬ​ធ្វើបុណ្យ​ទាន​តាម​ការ​គួរ ។

ព្រោះតែ​ហេតុ​មនុស្ស​ដែល​កើត​ក្នុង​គ្រួសារ​តែ​មួយ ហើយ​មាន​អធ្យាស្រ័យ និង​ចរិតលក្ខណៈ​ផ្សេង​ៗ​ពី​គ្នា តាម​ការ​ប្រព្រឹត្ត ការ​យល់​ឃើញ​ផ្ទាល់ខ្លួន​ម្នាក់​ៗ ដូច្នោះ​ហើយ​បានជា​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​អំពី​សច្ចធម៌​នេះ​ថា​ជា​ធម៌​សម្រាប់​ទំនាក់ទំនង​គ្នា​យ៉ាង​ល្អ​វិសេស​អាច​បង្កើត​សាមគ្គីភាព​ក្នុង​គ្រួសារ​នីមួយ​ៗ​បាន​ ។

បើ​គ្រួសារ​ណា​បាន​តាំងនៅ​ស្លុប​មាំ​ក្នុង​សច្ចធម៌ គឺ​សេចក្ដី​ទៀងត្រង់​រវាង​គ្នា​និង​គ្នា​ហើយ ក៏​តោង​មាន​ទម​ធម៌ គឺ​ការ​ទូន្មាន​ចិត្ត​ឲ្យ​បាន​ល្អ ដែល​គេ​ហៅ​ថា​ហាត់ពត់លត់ដំ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ស្ងាត់ ទន់ភ្លន់​កុំ​ឲ្យ​មានការ​ក្រេវក្រោធ រំលោភ​លើ​គ្នា​។

អ្នកប្រាជ្ញ​បាន​ពោល​ថា បុគ្គល​ណា​បាន​ទូន្មាន​ចិត្ត​ឲ្យ​ល្អ​ប្រពៃ​ហើយ បុគ្គល​នោះ​ឈ្មោះ​ថា​បាន​សេចក្ដីសុខ ដែល​ជា​ចំណង់​ធំ​បំផុត​របស់​មនុស្សលោក​។ ពិតមែនតែ​ចិត្តជា​អរូបី​យើង​មិន​អាច​មើលឃើញ​ដោយ​ចក្ខុ​ទេ តែ​វា​អាច​បង្គាប់បញ្ជា​លើ​រូប​កាយ​ទាំងមូល​បាន​។ យ៉ាងនេះ​ហើយ​បានជា​ព្រះ​សាស្ដា​ប្រដៅ​សត្វលោក​ឲ្យ​អប់រំ​ចិត្ត ឲ្យ​មាន​សភាព​ទន់ភ្លន់​ល្អ ឲ្យ​វៀរចាក​អកុសល​ទាំងពួង​មានការ​ប្រព្រឹត្ត​អាក្រក់ ដោយ​កាយ វាចា​ជាដើម ទៅ​លើ​មនុស្ស​សត្វ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​។ ចិត្ត​នេះ​ទោះបី​រឹងប៉ឹង​រឹងរូស​ដូច​ម្ដេចក្ដី​ក៏​គេ​អាច​ទូន្មាន ឬ​អប់រំ​ឲ្យ​បាន​ល្អ​ដែរ​ ។

បើ​យើង​អប់រំ​លម្អិត​ចិត្តបាន​ហើយ ទើប​បំពេញ​កិច្ចការ​បាន​សម្រេច ក៏​អាស្រ័យ​ទៅ​លើ​ការ​ធ្វើ ដោយ​សេចក្ដី​ព្យាយាម និង​សេចក្ដី​អត់ធន់ ដែល​លោក​ហៅ​ថា​ខន្តី​គឺ​ការ​អំណត់​តស៊ូ ធ្វើ​មិន​ខ្លាច​នឿយ​លំបាក​គ្រប់យ៉ាង​ក្នុង​ការ​បំពេញ​កិច្ចការ​នោះ​ៗ​។ ការងារ​ទាំងឡាយ​មិន​អាច​សម្រេច​ដោយ​ឯង​ៗ ដោយ​គ្រាន់តែ​គិត ឬ​នឹក​ចង់​នោះ​ទេ លុះត្រាតែ​ធ្វើ​ហើយ​អំណត់​ទៀត​ទើប​សម្រេច ។