ខេត្តបន្ទាយមានជ័យ ៖ ឡានដឹកដីរាប់រយគ្រឿងដែលកំពុងធ្វើអាជីវកម្មដឹកអាចម៌ដីលក់ពីចំណុចភូមិកូនដំរីសង្កាត់និមិត្តចូលទីប្រជុំជន ក្រុងប៉ោយប៉ែតបាន និងកំពុងធ្វើឲ្យពលរដ្ឋក្តៅក្រហាយ ព្រោះតែការបើកបរគ្មានសណ្តាប់ធ្នាប់ និងប៉ះពាល់បរិស្ថានការរស់នៅរបស់អ្នកស្រុក មួយថ្ងៃៗរថយន្តដឹកដីរាប់រយគ្រឿងបានដឹកដីបន្តកន្ទុយគ្នា តាំងពីព្រលឹមដល់ព្រលប់ ពេលខ្លះរហូតម៉ោង៧យប់ ទើបសម្រាកក៏មានដែរ ។
ក្រុមឡានដឹកដីទាំងនេះបើកបរហាក់មិនគោរពច្បាប់ប៉ុន្មានទេ បើកលឿនផ្ទុកអាចម៌ដីច្រើនពេលខ្លះជ្រុះរាយតាមដងផ្លូវជាតិ និងបេតុង ហើយក៏មិនគ្របផងដែរ ។ ការលើកឡើងរិៈគន់នេះកើតមានជុំទិសតែម្តង ទាំងអ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ទាំងពលរដ្ឋរស់នៅសងខាងផ្លូវ ចំណុចឡានដឹកដីចេញចូល ។ អ្នកដំណើរលើដងផ្លូវជាតិលេខ៥រិៈគន់ថា ពេលរថយន្តដឹកដីចេញពីផ្លូវលំឡើងលើផ្លូវជាតិម្តងៗធ្វើឲ្យកកស្ទះចរាចរណ៍ ព្រោះតែរថយន្តដឹកដីច្រើនឆ្លងកាត់មានចេញមានចូលហើយថា រថយន្តដឹកដីទាំងនេះ បើកបរហាក់មិនមានសណ្តាប់ធ្នាប់ពេលមានដីលើរថយន្តហាក់បើកល្បឿនសមរម្យ ប៉ុន្តែពេលត្រឡប់ទៅវិញរថយន្តទាំងនេះបើកលឿនដូចបើកប្រណាំងគ្នាអីចឹង ។ ពលរដ្ឋដែលរស់នៅសងខាងផ្លូវជិតរណ្តៅដីដែលគេកំពុងដឹកជញ្ជូននិយាយថា ពួកគាត់ពិបាករស់នៅទាំងការហូបចុកទាំងការដេកពួន ព្រោះតែរំខានដោយសម្លេងរថយន្តដឹកដីទាំងនេះឆ្លងកាត់មួយថ្ងៃៗទល់យប់ ។
បុរសចំណាស់វ័យ៦០ឆ្នាំ ឈ្មោះសូរ វ៉ាន់ រស់នៅភូមិកូនដំរីសង្កាត់និមិត្ត និងជាប់ដងផ្លូវលំជិតទីតាំងគេជីកយកអាចម៌ដីនិយាយថា គ្រួសារគាត់ក៏ដូចជា គ្រួសារដទៃរស់ទាំងវេទនាពោល គឺមួយថ្ងៃឮតែស្នូររថយន្ត ហើយពេលហូបចុកក៏លំបាក បើហូបបាយក៏ត្រូវតែទាញទ្វារ ឬបង្អួចផ្ទះបិទបើពុំដូច្នេះទេត្រូវហិតដីហ៊ុយបន្ថែមជាមិនខាន ។ បុរសដដែលបន្តថា ចៅរបស់គាត់ដេកមិនដែលបានពេញភ្នែកទេ គឺតែងតែភ្ញាក់ពេលអ្នកបើកបររថយន្តស៊ីផ្លេសុំផ្លូវគ្នាម្តយៗ ។
សមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិយាយថា កន្លងមកតែងតែបានប្រាប់ដល់ក្រុមអ្នកបើកបរឡានដឹកដីឲ្យរកស្បៃ ឬកៅស៊ូតង់គ្របលើឡានផង ប៉ុន្តែពួកគេមិនស្តាប់សោះ ។
អ្នកស្រុកនិយាយថា ពិតជាគួរឲ្យអាណិតចៅហ្វាយក្រុងប៉ោយប៉ែតណាស់ ព្រោះខំចំណាយប្រាក់ទិញរថយន្តបូមធូលីពីក្រៅប្រទេសមកបម្រើសង្គម ទីបំផុតដងផ្លូវជាតិលេខ៥នៅក្រុងប៉ោយប៉ែត នៅតែហ៊ុយទ្រលោមដដែលដោយសារអាចម៌ដីជ្រុះពីរថយន្ត ។ អ្វីដែលប៉ះពាល់ធ្ងន់ធ្ងរមួយទៀត គឺផ្លូវរថភ្លើងចំណុចឆ្លងកាត់ក្នុងភូមិកូនដំរីពេលនេះបានស្រុត ហើយបេតុងដែលគេចាក់ជាប់ និងផ្លូវដែកផ្លូវរថភ្លើងទាំងសងខាង និងចំណុចកណ្តាលសម្រាប់សម្រួលដល់អ្នកស្រុកធ្វើដំណើរក៏ស្រុតខូចជាបណ្តើៗដែរ ។
ជុំវិញករណីនេះលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតមិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទរបស់លោកចុចចូលគ្មានអ្នកទទួល ។ លោកយិព្ធ រដ្ឋា តំណាងក្រុមហ៊ុន Royal Railway ជាប្រធានសាខាឆ្មាំរថភ្លើង និងមើលការខុសត្រូវផ្លូវដែកពីប៉ោយប៉ែតទៅភ្នំពេញប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៩ តុលាថា បញ្ហាខាងលើលោកបានដឹងហើយៗក៏បានចុះត្រួតពិនិត្យចំណុចកើតហេតុនៅព្រឹកមិញនេះដែរ ។ តំណាងក្រុមហ៊ុនរូបនេះបន្តថា នៅចំណុចកើតហេតុបានរកឃើញដែកកន្លះកំណល់រថភ្លើង (ដែកគ្រីប) បានបាក់ផងដែរ ហើយលោកចាត់ទុកថា ករណីនេះជាការបំផ្លិចបំផ្លាញសម្បត្តិរដ្ឋផងដែរ ។ កោះសន្តិភាពមិនអាចទាក់ទងប្រធានក្រុមហ៊ុនឡានដឹកដីដែលរងការចោទប្រកាន់ ដើម្បីធ្វើការបំភ្លឺបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ ៕
ចែករំលែកព័តមាននេះ