ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលកម្ពុជាសម្រេចជ្រើស​យកខេត្តកំពង់ឆ្នាំង…

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​បញ្ចប់​ពិធីបុណ្យទន្លេ​លើក​ទី​៤​នៅ​ខេត្តកណ្ដាល ​ប្រកបដោយ​ជោគជ័យ​រួច​មក រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​យក​ខេត្តកំពង់ឆ្នាំង សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​ទន្លេលើក​ទី​៥ ។ ថ្ងៃ​ទី​២៧ ខែតុលា…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​បញ្ចប់​ពិធីបុណ្យទន្លេ​លើក​ទី​៤​នៅ​ខេត្តកណ្ដាល ​ប្រកបដោយ​ជោគជ័យ​រួច​មក រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​យក​ខេត្តកំពង់ឆ្នាំង សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​ទន្លេលើក​ទី​៥ ។ ថ្ងៃ​ទី​២៧ ខែតុលា លោក ថោ​ងខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក ឈួ​រច័ន្ទ​ឌឿ​ន អភិបាលខេត្ត បាន​អញ្ជើញ​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្ដែង​នៅ​បរិវេណ​វិមាន​ឯករាជ្យ​ខេត្ត និង​បន្ត​ដឹកនាំ​កិច្ចប្រជុំ​នៅ​សាលាខេត្ត ដើម្បី​ពិ
ភា​ក្សា​ពី​ការ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​នេះ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន មាន​ប្រសាសន៍​ថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​​នៅ​ខេត្តកំពង់ឆ្នាំង គ្រោង​រៀបចំ​រយៈ​ពេល​៣​ថ្ងៃ​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៩ ដោយ​មាន​ព្រឹត្តិការណ៍​និង​សកម្មភាព​កីឡា ទេសចរណ៍ វប្បធម៌​ជា​ច្រើន​ដូច​ជា ការ​ប្រកួត​កីឡា​លើ​ទឹក លើគោក ពិធី​ដាំ​ដើមឈើ ការ​រៀបចំ​សិក្ខាសាលា ការ​តាំងពិព័រណ៍​ក​សិ​-​ទេសចរណ៍​ និង​ផលិតផល​ខ្មែរ ពិព័រណ៍​សិប្បកម្ម ពាណិជ្ជកម្ម មហោស្រព​ម្ហូបអាហារ និង​ភេសជ្ជៈ ការ​ប្រគំ​តន្ត្រី ការ​សម្តែង​សិល្បៈ​វប្បធម៌ និង​សកម្មភាព​ផ្សេង​ៗ​ទៀត​ជា​ច្រើន ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ការ​រៀបចំ​ពិធីបុណ្យ​ទន្លេ​នេះ ជា​ឱកាស​ដ៏​ប្រសើរ​បំផុត​​ក្នុង​ការ​រួម​គ្នាគិត រួម​គ្នា​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ ក្នុង​ការ​អភិវឌ្ឍ​ទឹកដី ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​ខេត្ត ការ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សា​ធារណៈ​ពី​ការ​ថែរក្សា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ វប្បធម៌ ទេសចរណ៍ ការ​រៀបចំ​សណ្ដាប់ធ្នាប់ អនា​ម័យ​បរិស្ថាន ការ​ចូលរួម​សម្អាត​ទីក្រុង ទីប្រជុំជន និង​ផ្ទះ​ស្នាក់​ប្រកបដោយ​ភាព​ស្អាត ភាព​បៃតង (​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​គ្មាន​សំរាម​ក្រោម​តុ​) ភាព​ញញឹម​រួសរាយ​រាក់ទាក់ និង​ប​ដិស​ណ្ឋា​រ​កិច្ច​ល្អ ការ​ពង្រឹងគុណភាព​ផលិតផល​និង​សេវាកម្ម​ទេសចរណ៍ ។

ពិសេស ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​លើកកម្ពស់​មុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និង​កិត្យានុភាព​របស់​ខេត្ត បង្កើត​មុខរបរប្រាក់​ចំណូល និង​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ ជាង​នេះ​ទៀត ខេត្តកំពង់ឆ្នាំង​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ ភាព​ស្អាត បៃតង និង​បដិសណ្ឋារកិច្ច​ល្អ ។
«​ការ​ចេះ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ទេសចរ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ពេញ​ចិត្ត និង​ចូល​ចិត្ត​មក​តំបន់​ឬ​ខេត្ត​របស់​យើង​» ។ នេះ​ជា​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី ថោ​ង ខុន នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ ផែនការ​រៀបចំ​បុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា អ្នក​លក់ដូរ​ក្នុង​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន ត្រូវ​តែ​មាន​ឯកសណ្ឋាន​ត្រឹមត្រូវ និង​មាន​សេវាកម្ម​ល្អ​ក្នុង​ការ​បម្រើភ្ញៀវ​ដោយ​ត្រូវ​មាន​អាហា​ឆ្ងាញ់ មាន​អនាម័យ​ល្អ បរិស្ថាន​ល្អ ដើម្បី​ទទួលភ្ញៀវ​ដែល​មក​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ​រយៈពេល​៣​ថ្ងៃ ដែល​នឹង​ប្រព្រឹ​ត្តទៅ​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩ ខាង​មុខ ។ ជា​បទ​ពិសោធន៍​ក្នុង​ការ​ធ្វើបុណ្យ​ទន្លេ​កន្លង​មក តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ
ម៉ោង​៩​យប់​ភ្ញៀវ​មក​លេង​បុណ្យ​ទន្លេរ​កបាយ​ម្ហូប​អត់​មាន ។

លោក​បាន​សំណូមពរ​ដល់​អាជ្ញា​ខេត្ត ត្រូវ​បង្រៀន​ដល់​ក្រុម​អាជីវករ អ្នក​លក់ដូរ​ទាំងអស់ ត្រូវ​ចេះ​បដិ​សណ្ឋា​រកិច្ច​ចំពោះ​ភ្ញៀវ​ទេសចរ និង​ណែនាំ​ដល់​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ សូមកុំ​ដំឡើង​ថ្លៃ ។ ចំណែក​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង សូម​រៀបចំ​ឲ្យ​បាន​ស្អាតបាត មាន​របៀបរៀបរយ មាន​ភ្លើងអគ្គិសនី មាន​បន្ទប់​ទឹក​ស្អាត មាន​អនាម័យ​ល្អ ដើម្បី​ទទួលភ្ញៀវ​ដែល​មក​ស្នាក់​នៅ​លេង​កម្សាន្ត​នៅ​ក្នុង​ពិធីបុណ្យ គឺ​មាន​ន័យ​ថា បើ​ផ្ទះសំណាក់​ឬ​សណ្ឋាគារ​ពេញ​ហើយ​នោះ ភ្ញៀវ​នឹង​មក​ជួល​ផ្ទះ​ប្រជាពលរដ្ឋ​យើង​ស្នាក់​នៅ​ជា​មិន​ខាន ។ ចំណែក​ម៉ូតូឌុប រ៉ឺ​ម៉ក​ម៉ូតូ ត្រូវ​មាន​អាវកាក់​និង​មានការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត បាន​លើក​ឡើង​ថា គម្រោង​នៃ​ការ​ធ្វើបុណ្យ​ទន្លេ​ក្រោម​ប្រធានបទ​«​ទន្លេ​នៃ​ជីវិត សុភមង្គល និង​កំណើន​ទេសចរ​» ដោយ​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​បង្កើត​គណៈកម្មការ លេខាធិការដ្ឋាន និង​អនុ​គណៈកម្មការ​សរុប​ចំនួន​១៧ ដើម្បី​បែងចែក​ភារកិច្ច​ទទួលខុស​រៀង​ៗ​ខ្លួន​ទៅ​តាម​មុខ​ជំនាញ ដើម្បី​ឲ្យ​ដំណើរការ​បុណ្យ​ទន្លេ​ទទួល​បាន​ជោគជ័យ ។ នៅ​ក្នុង​កម្មវិធី​ធ្វើបុណ្យ​ទន្លេ ដែល​នឹង​មាន​វត្តមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ក្នុង​ពេល​ខាង​មុខ​នេះ អាជ្ញាធរ​ខេត្ត​បាន​គ្រោង​រៀបចំ​តុបតែង​ខ្លោងទ្វារ​រូបភាព​ធំ​ៗ​ចំនួន​១៧ ខ្លោងទ្វារ​តូច​ៗ​ចំនួន​២២ នៅ​ក្នុង​ទីក្រុង​និង​នៅ​តាម​ផ្លូវជាតិ ។

ក្នុង​កម្មវិធី​៣​ថ្ងៃ​នៃ​បុណ្យ​ទន្លេ​នេះ​ដែរ ក៏​មានកម្ម​វិធី​នានា​ជា​ច្រើន​ដូច​ជារត់ប្រណាំង ការ​ដាំ​ដើមឈើ​អនុ​ស្សាវរីយ៍ ការ​ប្រណាំងទូក​២២​គូ ការ​តាំងពិព័រណ៍​ក​សិ​-​ទេសចរណ៍ ផលិតផល​ខ្មែរ ការ​ប្រកួត​កីឡា​អុក​ចត្រង្គ ប្រដាល់​គុន​ខ្មែរ ថៃ ចំបាប់​បុរាណ​និង​ក្បាច់គុន​ល្បុក្កតោ កីឡាហែលទឹក​ឆ្លងទន្លេ ការ​ប្រកួត​កីឡា​បាល់​ទាត់ បាល់ទះ​មិត្តភាព ការ​ប្រកួត​កីឡា​ប្រណាំង ជិះ​កង់​កម្សាន្ត​១២​គីឡូម៉ែត្រ កម្មវិធី​សិល្បៈ ប្រគំ​តន្ត្រី មហោស្រព​ម្ហូបអាហារ​និង​ភេសជ្ជៈ មានការ​តាំង​លក់ដូរ​នូវ​ផលិតផល​ផ្សេង​ៗ២៤០​ស្តង់ និង​ការ​បាញ់​កាំជ្រួច​អបអរសាទរ​កម្មវិធី​បើក​ជា​ផ្លូវការ​បុណ្យ​ទន្លេ​លើក​ទី​៥​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន មាន​ប្រសាសន៍​ថា ទន្លេមេគង្គ​មាន​ប្រភព​ពី​ខ្ពង់រាប​ទី​បេ​ត៍ ប្រទេស​ចិន ប្រវែង​ប្រមាណ​៤.២០០​គីឡូម៉ែត្រ ហូរ​កាត់​ខេត្ត​យូ​ណា​នភា​គ​ខាងត្បូង​ប្រទេស​ចិន និង​ឆ្លងកាត់​ប្រទេស​មី​យ៉ា​ន់​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀ​ណា​ម និង​ហូរ​កាត់​ទៅ​តំបន់​ដីសណ្ដ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម ។ ទន្លេមេគង្គ​ហូរកាត់​ប្រទេស​កម្ពុជា​ប្រមាណ​៥០០​គីឡូម៉ែត្រ​ពី​ខាងជើង​ទៅ​ខាងត្បូង និង​បែក​ជា​ទន្លេ​ផ្សេង​ៗដូច​ជា ទន្លេសេសាន​ក្នុង​ខេត្តស្ទឹងត្រែង ទន្លេស្រែ​ពក​ក្នុង​ខេត្តរតនគិរី ទន្លេសាប​និង​បឹង​ទន្លេសាប ទន្លេបាសាក់ ទន្លេ​វ៉ៃ​គោ​ក្នុង​ខេត្ត​ស្វាយរៀង បឹង​ព្រែក​ល្ពៅ​ក្នុង​ខេត្តតាកែវ និង​បំបែក​ជា​ដៃទន្លេ ស្ទឹង​ជា​ច្រើន​ទៀត ។ អាស្រ័យ​ហេតុនេះ​ហើយ បានជា​នៅ​ក្នុង​យុទ្ធសាស្ត្រ​វិស័យ​ធនធានទឹក បាន​ចាត់​ទុក​កម្ពុជា​ជា​ព្រះរាជាណាចក្រ​ទឹក (Kingdom of Water) ។

ប្រជាជន​ដែល​រស់នៅ​តាម​បណ្ដោយ​ទន្លេមេគង្គ​ទាំង​៦​ប្រទេស​នេះ មាន​ប្រមាណ​៩០​លាន​នាក់ ក្នុង​នោះ​កម្ពុជា​មាន​ប្រជាជន​ប្រមាណ​៥លាន​នាក់​(១​ភាគ​៣​នៃ​ប្រជាជន​សរុប​) រស់នៅ​តាម​បណ្ដោយ​ទន្លេមេគង្គ (​បើ​គិត​រួម​បញ្ចូល​ប្រជា​ជន​ដែល​រស់នៅ​តាម​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប និង​ទន្លេ​ផ្សេង​ៗ​ទៀត​អាច​មាន​ដល់​ទៅ​១៣​លាន​នាក់​) ។សូម​ជម្រាប​ថា សម្រាប់​បុណ្យ​ទន្លេ​ល​លើក​ទី​១ ឆ្នាំ​២០១៥ នៅ​ខេត្តក្រចេះ មាន​ភ្ញៀវ​សរុប
ប្រមាណ​១០​ម៉ឺន​នាក់ ឆ្នាំ​២០១៦ នៅ​ខេត្ត​កំពង់ចាម មាន​ភ្ញៀវ​សរុប​ប្រមាណ​៥០​ម៉ឺន​នាក់ ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង មាន​ភ្ញៀវ​សរុប​ប្រមា​ណ​១៤​ម៉ឺន​នាក់ និង​ឆ្នាំ​២០១៨ នៅ​ខេត្តកណ្ដាល​មាន​ភ្ញៀវ​សរុប​ប្រមាណ​​១,៥​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ