ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់! ជីវិត​​មនុស្ស​១៨៨​នាក់​ក្នុង​យន្ត​ហោះ​​​ធ្លាក់​ចូល​សមុទ្រ

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បើតាម​អាជ្ញាធរ​បាន​​រាយការណ៍ឱ្យ​ដឹង​​ថា ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ធុន​ប៊ូ​អ៊ីង​៧៣៧​មួយ​គ្រឿង របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូ​ណេ​ស៊ី LION AIR ដែល​ដឹក​មនុស្ស​១៨៨​នាក់ បាន​ធ្លាក់​នា​ព្រឹក​ថ្ងៃ​ទី​២៩ ​តុលា…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បើតាម​អាជ្ញាធរ​បាន​​រាយការណ៍ឱ្យ​ដឹង​​ថា ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ធុន​ប៊ូ​អ៊ីង​៧៣៧​មួយ​គ្រឿង របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូ​ណេ​ស៊ី LION AIR ដែល​ដឹក​មនុស្ស​១៨៨​នាក់ បាន​ធ្លាក់​នា​ព្រឹក​ថ្ងៃ​ទី​២៩ ​តុលា ២០១៨ ក្នុង​ដែនទឹក​​ឆ្នេរ​​សមុទ្រ​កោះ​ជ្វា ក្រោយ​ហោះ​ចេញពី​ក្រុង​ហ្សា​ការ​តា​។

យន្តហោះ​នោះ​បាន​ស្នើ​វិល​ត្រឡប់​មក​កាន់​ព្រ​លាន​យន្តហោះ​រដ្ឋធានី​វិញ មុន​ពេល​ដាច់​ការ​​ទាក់ទង​បន្តិច​ជាមួយ​ប៉ម​ត្រួតពិនិត្យ​ការ​ហោះហើរ នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​។ ហើយ​​យន្តហោះ​នេះ​ហោះ​ទៅ​កាន់​ក្រុង PANGKAL PINANG ​ជាទី​ក្រុង​​មួយ​នៃ​កោះ​បាង​កា​ក្នុង​ដែនទឹក​កោះ​ស៊ូ​ម៉ា​ត្រា​។

លោក​ YUSUF LATIF ​អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ទទួល​បន្ទុក​ខាង​ការ​រុករក​ថ្លែង​ថា យន្ត​ហោះ​បាន​ធ្លាក់​ក្នុង​ទឹកសមុទ្រ​។​ យើង​កំពុង​តាម​រក​បំណែក​យន្តហោះ ដោយ​វា​ធ្លាក់​ក្នុង​តំបន់​ទឹក​ជ្រៅ​មួយ​មាន​ជម្រៅ​ពី​៣០​ទៅ​៤០​ម៉ែត្រ​។

លោក​ SINDU RAHAYU​ អគ្គនាយក​នៃ​អាកាសចរណ៍​ស៊ីវិល​របស់​ក្រសួង​ដឹក​ជញ្ជូន អះ​អាង​​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា យន្តហោះ​នោះ​ដឹក​អ្នកដំណើរ​១៧៨​នាក់​ជា​មនុស្ស​ពេញ​វ័យ កុមារ​ម្នាក់ ​និង​កូនង៉ែត​២​នាក់ អ្នក​បើក​២​នាក់ ​និង​បុគ្គលិក​កាប៊ី​ន​៥​នាក់​។ ​លោក​បន្ត​ថា ​យន្តហោះ​នេះ​បាន​ស្នើ​ហោះ​វិល​មក​កាន់​មូលដ្ឋាន​វិញ មុន​ពេល​បាត់​ពី​អេ​ក្រង់​រ៉ា​ដា​។​វា​​បាត់ដាន​ភ្លាម​ៗ​នៅ​កន្លែង​មួយ​ពីលើ​សមុទ្រ​នៃ​កោះ​ជ្វា​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ​។

ក្រុមហ៊ុន​អាកាសចរណ៍​ LION AIR ជា​ក្រុមហ៊ុន​លក់​សំបុត្រ​ក្នុង​តម្លៃ​ទាប ធ្លាប់​ជួប​ប្រទះ​នឹង​ឧប្បត្តិហេតុ​នានា​ជា​ច្រើន​។ ​កាលពី​ខែសីហា​ ឆ្នាំ​២០១៧ ​យន្តហោះ​ប៊ូ​អ៊ី​ង​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​នេះ ក្រោយ​ហោះ​ចេញ​បន្តិច​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ KUANAMU​ ក្រុង​មេ​ដាន​ជាទី​ក្រុង​ធំ​ទី​៣ ​របស់​ប្រទេស នា​ភាគ​ខាងជើង​កោះ​ស៊ូ​ម៉ា​ត្រា បាន​ប៉ះ​ស្លាប​យន្តហោះ​ធុន​ ATR-72​ មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ WINGS AIR ក៏​ជា​របស់​​ឥណ្ឌូ​ណេ​ស៊ីដែរ ដែល​រង់ចាំ​ការ​ហោះ​ចេញ​។ ​ការ​ប៉ះ​គ្នា​នោះ​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។

​កាលពី​ខែឧសភា​ ឆ្នាំ​២០១៦​ យន្តហោះ​២​គ្រឿង​របស់​ក្រុមហ៊ុន​ LION AIR បាន​បុក​គ្នា​លើ​ផ្លូវ​នៃ​ព្រ​លាន​យន្តហោះ​ SOEKARNO HATTA​ ជាយក្រុង​ហ្សា​ការ​តា​។ ​កាលពី​ខែ​មេសា​ ឆ្នាំ​២០១៣ យន្តហោះ​ប៊ូ​អ៊ី​ង​មួយ​របស់​ក្រុមហ៊ុន​នេះ បាន​ចុះ​ខុសផ្លូវ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង DENPASAR ​លើ​កោះ​បាលី ហើយ​ធ្លាក់​ក្នុង​សមុទ្រ​ដែល​នៅ​ក្បែរ​។ ​មនុស្ស​១០៨​នាក់​ជិះ​ក្នុង​យន្តហោះ​នេះ​ ក្នុង​នោះ​មាន​អ្នកដំណើរ​១០១​នាក់​ នៅ​រស់រាន​មានជីវិត​ តែ​ប្រមាណ​៤០​នាក់​រង​របួស​។

នៅ​ឥណ្ឌូ​ណេ​ស៊ី​ដែរ​ កាលពី​ខែសីហា​ ក្មេង​ប្រុស​ម្នាក់​អាយុ​១២​ឆ្នាំ​នៅ​រស់រាន​មានជីវិត ពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​មួយ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់ ក្នុង​តំបន់​ភ្នំ​មួយ​នៃ​កោះ​ប៉ា​ពូ​អា​ស៊ី​។ ​កាលពី​ខែសីហា ​ឆ្នាំ​២០១៥ យន្តហោះ​ ATR-42-300 ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​TRIGANA AIR ដឹក​អ្នកដំណើរ​ពេញវ័យ​៤៤​នាក់ កុមារ​៥​នាក់​ និង​សមា​ជិក​ក្រុម​យានិក​៥​នាក់ ធ្លាក់​ដោយសារ​ធាតុអាកាស​អាក្រក់​ក្នុង​ជួរ​ភ្នំ​ BINTANG ហើយ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​នៅ​រស់រាន​មានជីវិត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ