ព្រះពុទ្ធលោកសរសើរកូនប្រុសស្រីទាំងឡាយណាដែលបានបំពេញកិច្ច៤យ៉ាងដល់មាតាបិតាដោយបរិបូណ៌ បុត្រធីតាទាំងឡាយនោះឈ្មោះថាជាកូនល្អ កូនកតញ្ញូកតវេទី។ កិច្ចទាំង៤ប្រការនោះគឺៈ
១-បើឪពុកម្តាយជាអ្នកគ្មានសទ្ធា ជឿលើកម្មផលទេ កូនប្រុសស្រី គប្បីដឹកនាំគាត់ទាំងពីរឲ្យមានសទ្ធាជ្រះថ្លាឡើង។
២-បើមាតាបិតាជាអ្នកទ្រុស្ដសីល មានការសម្លាប់សត្វជាដើម កូនគប្បីពន្យល់ណែនាំលោកទាំងទ្វេឲ្យរក្សាសីលឡើង។
៣-បើម៉ែឪជាមនុស្សកំណាញ់ស្វិត មិនចេះចំណាយធនធានធ្វើទានទេ បុត្រធីតាគប្បីពន្យល់ណែនាំ កុំឲ្យគាត់លុះក្រោមអំណាចមច្ឆរិយៈការកំណាញ់ស្វិត ធ្វើជាទាសករនៃទ្រព្យសម្បត្តិ ឲ្យគាត់ចេះបរិច្ចាគធនធានធ្វើទានជាកំណប់ទ្រព្យកប់ទុកល្អហើយ ។
៤-បើមាតាបិតា ជាអ្នកមិនចូលចិត្តស្ដាប់ធម៌ទេសនា ឬសិក្សារៀនសូត្រធម៌អាថ៌ទេ បុត្រធីតា គប្បីពន្យល់ណែនាំគាត់ឲ្យចេះស្ដាប់ធម៌ សិក្សាអត្ថន័យរបស់ព្រះធម៌ ហើយតាំងចិត្តចម្រើននូវសមាធិកម្មដ្ឋាន ដើម្បីឲ្យកើតបញ្ញា ។
បុត្រធីតាទាំងឡាយណាបានប្រតិបត្តិនូវកិច្ចទាំង៤យ៉ាងដូចរៀបរាប់មកនេះ នឹងបាននាមថា បានបំពេញតួនាទីជាកូនល្អ ព្រមទាំងមានឈ្មោះថា កតញ្ញូកតវេទីបុគ្គលដោយពិតប្រាកដ ។
ចែករំលែកព័តមាននេះ