សេចក្តីទុក្ខរបស់សត្វលោកកើតចេញពីអវិជ្ជាតណ្ហា ដរាបណាមនុស្សនៅមានអវិជ្ជាបិទបាំង សេចក្តីទុក្ខរមែងគ្របសង្កត់ក៏នៅមានដរាបនោះ។ បណ្តាទុក្ខធំៗទាំងនោះមាន ទុក្ខព្រោះសេចក្តីស្រែកឃ្លាន ទុក្ខព្រោះបំណុល ទុក្ខព្រោះជំងឺបៀតបៀន និងទុក្ខធំជាងគេគឺទុក្ខព្រោះសេចក្តីស្លាប់និរាសព្រាត់ប្រាសនេះឯង ជាទុក្ខយ៉ាងខ្លាំងក្លាបំផុត ។
ចុះហេតុអ្វីបានជាលោកពោលថា សេចក្តីស្លាប់ជាទុក្ខធំជាងគេនោះ?
ព្រោះថា នៅពេលមនុស្សយើងជិតស្លាប់ អវយវៈទាំងអស់នៅក្នុងរូបកាយឈប់ធ្វើការទៅតាមមុខងាររបស់ខ្លួន ឈប់ទទួលប្រតិបត្តិការទៅតាមការបង្គាប់បញ្ជារបស់ចិត្តទៀតហើយ។ នៅពេលនោះ ភ្នែកស្រវាំង ឈប់ទទួលអារម្មណ៍ពីភ្នែក, ត្រចៀកហ៊ឹងណែនឈប់ទទួលសំឡេង, ច្រមុះបាត់ធុំក្លិន, អណ្តាតឈប់ទទួលរសជាតិ, រាងកាយក៏ឈប់ទទួលធាតុក្តៅត្រជាក់ទៀតហើយ។ ខណៈនេះនៅសល់តែខ្យល់ដកចេញទៅក្រៅច្រើន ចូលមកក្នុងខ្លួនវិញតិច ម្ល៉ោះហើយ ចិត្តដែលនៅអាស្រ័យជាមួយនឹងខ្យល់នោះយ៉ាងតិចតួចបំផុតនេះ ក៏តែងធ្វើឱ្យកាយរងទុក្ខវេទនាយ៉ាងខ្លាំងក្លារកអ្វីប្រៀបពុំបានឡើយ ។
ជីវិតទាំងអស់ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងក្មេង ទាំងចាស់គឺមានសភាពបែបនេះឯង មិនមានសត្វលោកណាគេចរួចបានឡើយ ។
ចែករំលែកព័តមាននេះ