ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ផលិតកម្ម​មិន​សុខចិត្ត រោងកុន​ដក​រឿង​ខ្មែរ​បញ្ចាំង​រឿង​ថៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចាងហ្វាង​ផលិតកម្ម RED Picture បាន​ចេញ​សារ​ប្រតិកម្ម​ខ្លាំង​ចំពោះ​រោង​ភាពយន្ត​ដែល​ចង់​ឲ្យ​លើក​ពេល​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង​«​បិសាច​គំនូរ​»​របស់​ខ្លួន ដោយ​រោង​ភាពយន្ត​ចង់​ចាក់​បញ្ចាំងភាពយន្ត​ថៃ​វិញ ។ ផលិតកម្ម តារា​សម្តែង និង​អ្នកគាំទ្រ​ភាពយន្ត​ខ្មែរ​ស្នើ​ឲ្យ​រោង​ភាពយន្ត​គោរព​លើ​ការ​ព្រមព្រៀង​គ្នា…

រាជធានី​ភ្នំពេញ​៖ ចាងហ្វាង​ផលិតកម្ម RED Picture បាន​ចេញ​សារ​ប្រតិកម្ម​ខ្លាំង​ចំពោះ​រោង​ភាពយន្ត​ដែល​ចង់​ឲ្យ​លើក​ពេល​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង​«​បិសាច​គំនូរ​»​របស់​ខ្លួន ដោយ​រោង​ភាពយន្ត​ចង់​ចាក់​បញ្ចាំងភាពយន្ត​ថៃ​វិញ ។

ផលិតកម្ម តារា​សម្តែង និង​អ្នកគាំទ្រ​ភាពយន្ត​ខ្មែរ​ស្នើ​ឲ្យ​រោង​ភាពយន្ត​គោរព​លើ​ការ​ព្រមព្រៀង​គ្នា ឲ្យ​តម្លៃ​ភាពយន្ត​ខ្មែរ និង​បង្ហាញ​ហេតុផល​សមរម្យ​មួយ​ដែល​អាច​ទទួល​យក​បាន​។ តាម​ការ​គ្រោងទុក​រឿង​«​បិសាច​គំនូរ​» របស់​ផលិតកម្ម​RED Picture គ្រោង​នឹង​ចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃ​ទី​១​ខែវិច្ឆិកា តទៅ ដោយ​មាន​ទាំង​ការ​ផ្សព្វផ្សាយ ចែក​លិខិត​អញ្ជើញ​សិល្បករ និង​ភ្ញៀវ​ចូលរួម​សម្ពោធ​រួច​ហើយ ប៉ុន្តែ​ស្រាប់តែ​លេច​ចេញ​បាតុភាព​មួយ​ដែល​ធ្វើ​ឲ្យ​ផលិតករ និង​សិល្បករ​ស្រងាកចិត្ត ។

លោក​ឌៀប សុវណ្ណ​តារា ចាងហ្វាង​ផលិតកម្ម និង​អ្នកដឹកនាំ​សម្តែង​បញ្ជាក់​ថា ប្រសិនបើ​ខ្សែភាពយន្ត​រឿង​«​បិសាច​គំនូរ​»​មិន​អាច​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ណាមួយ​នៅ​ថ្ងៃ​ទី​១​ខែវិច្ឆិកា ទេ លោក តារា​សម្តែង ព្រមទាំង​ទស្ស និក​ជន​ជា​អ្នកគាំទ្រ​ស្នើ​សុំ​ហេតុផល​មួយ​សមរម្យ​ច្បាស់លាស់​ដែល​អាច​ទទួលយក​បាន ទើប​លោក​ព្រម ប៉ុន្តែ​ប្រសិនបើ​គ្រាន់​តែ​ជា​ហេតុផល​រឿង​ខ្មែរ​ប៉ះ​ជាមួយ​រឿង​ថៃ ហើយ​ឲ្យ​រឿង​ខ្មែរ​ដូរ​ថ្ងៃ​ចាក់​បញ្ចាំង លោក​មិន​ទទួល​ជា​ដាច់ខាត ។

លោក​និយាយ​ថា​«​បងប្អូន​ដែល​គាំទ្រ​ភាពយន្ត​ខ្មែរ​ដែល​តែងតែ​ជួយ​លើកទឹកចិត្ត​ផលិត​ករ និង​តារា​សម្តែង​ទាំងអស់​មិន​គួរ​ត្រូវ​មក​ស្លាប់​ទឹកចិត្ត​ដោយសារ​មូលហេតុ​នេះនោះ​ទេ ។ តើ​ខ្ញុំ​ត្រូវ​មាន​ទឹកចិត្ត​ផលិត និង​ពង្រឹងគុណភាព​បន្ត​ទៀត​ទេ ហើយ​តើ​តារា​សម្តែង​មាន​ទឹកចិត្ត​ថត​ភាពយន្ត​ទៀត​ទេ បើ​គ្រាន់តែ​សុំ​បញ្ចាំង​ក្បែរ​គេ​ផង​ពុំ​បាន ។ ខ្ញុំ​សង្ឃឹមថា​រឿង​ខ្មែរ​ដ៏​កម្សត់​មួយ​នេះ​នឹង​អាច​សុំ​បញ្ចាំង​ក្បែរ​គេ​ផង​ចុះ »​។

លោក​និយាយ​ថា​ ភាពយន្ត​ខ្នាត​ធំ​រឿង​«​បិសាច​គំនូរ​»​របស់​ផលិតកម្ម RED Picture បាន​សម្រិតសម្រាំង​ផលិត​អស់​រយៈពេល​ជា​ច្រើន​ខែ ដោយ​ចូលរួម​ដោយ​តារា​សម្តែង​ប្រុស​ស្រី​ល្បីឈ្មោះ​ជា​ច្រើន​ដូច​ជា លោក​លឹ​ម ជា​ឡាយ កញ្ញា​គៀត សុ​វ​ណ្ណា​ឡា​ង លោក​ជា សុវណ្ណ​ន​រា​ហ៍ អ្នក​នាង សុខ សោ​ម៉ា​វ​ត្តី​ជាដើម ។ ភាពយន្ត​នេះ​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ទាំងអស់​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១​ខ​វិច្ឆិកា​ខាង​មុខ​នេះ ។

ទោះជា​យ៉ាងណា​ក្តី​បញ្ហា​ចម្រូងចម្រាស​នេះ​នៅ​មិន​ទាន់​លេច​ចេញ​ដំណោះស្រាយ ឬ​ការ​បញ្ជាក់​តប​ពី​តំណាង​រោង​ភាពយន្ត​នៅឡើយ ប៉ុន្តែ​កន្លង​មក​ភាពយន្ត​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​បដិសេធ​មិន​ទទួល​ចាក់​បញ្ចាំង ឬ​ត្រូវ​បាន​គេ​លើក​ពេល​ព្រោះតែ​ត្រូវ​ទុក​ម៉ោង​សម្រាប់​ចាក់​បញ្ចាំងភាពយន្ត​បរទេស​ជំនួស​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ