រាជធានីភ្នំពេញ ៖ ជនខិលខូច៣នាក់មានប្រពន្ធ និងកូនតែអត់មានមុខរបររកស៊ីដោយសុចរិតបានក្លែងខ្លួនជាសង្ឃ ពេលថ្ងៃស្លៀកស្បង់ចីវរដើរបិណ្ឌបាត្រតាមទីប្រជុំជន និងផ្ទះប្រជាពលរដ្ឋ លុះដល់ពេលយប់ជួបជុំគ្នាទិញស្រាសម្ងំផឹកស៊ីនៅក្នុងបន្ទប់ជួលមួយ ហើយត្រូវប្រជាពលរដ្ឋស្គាល់មុខរាយការណ៍ប្រាប់អាជ្ញាធរសង្កាត់ចោមចៅ និងប៉ូលិសឱ្យទៅចាប់ខ្លួន។ ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ មីនា ឆ្នាំ២០១១ នៅបន្ទប់ជួលក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនខិលខូចទាំង៣នាក់នោះ ១-ឈ្មោះអ៊ិត ចំរើន អាយុ៣៩ឆ្នាំ ធ្លាប់ជាប់គុកនៅប្រទេសថៃ ទើបតែចេញមកក្នុងពេលថ្មីៗនេះ ២-ឈ្មោះស៊ុន ម៉ាប់ អាយុ៣៩ឆ្នាំ ៣-ឈ្មោះឡេង សុខឃាង អាយុ២៨ឆ្នាំ ពួកគេមានស្រុកកំណើតនៅភូមិស្រម៉ ឃុំព្រះស្រែ ស្រុកមេសាង ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិកើតហេតុ ។ នៅក្នុងហេតុការណ៍នោះ ប៉ូលិសដកហូតស្បង់ បាត្រ និងរថយន្តម៉ាកទីកូ ពណ៌ទឹកប៊ិច មួយគ្រឿង ប៉ុន្តែពួកគេបដិសេធថា មិនមែនសជារបស់ពួកគេទេ គឺជារថយន្តរបស់ម្ចាស់ផ្ទះជួលទេ ។
តាមប្រភពព័ត៌មានឱ្យដឹងថា ជនទាំង៣នាក់នោះ មានប្រពន្ធ និងកូន ហើយអត់រកស៊ីអ្វីទេ បែរជាកោរសក់ស្លៀកស្បង់ចីវរធ្វើជាសង្ឃប្រដាប់ដោយបាត្រចេញដើរបិណ្ឌបាត្រចំណីអាហារតាមទីប្រជុំជន និងផ្ទះប្រជាពលរដ្ឋនៅពេលថ្ងៃ ។ ការដើរបិណ្ឌបាត្រពុំមែនបានតែបាយ ឬម្ហូបប៉ុណ្ណោះទេ គឺបានទាំងរបស់ក្រៀម នំចំណីផ្សេងៗទៀត ជាពិសេសលុយ ព្រោះអ្នកធ្វើចង្ហាន់មិនទាន់ គឺដាក់លុយ ជាពិសេសអ្នកលក់ដូរមិនសូវដាក់ម្ហូបអាហារឡើយ ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីបិណ្ឌបាត្របានចំណីអាហារល្មមហូបគ្រប់គ្រាន់ និងលុយកាក់មួយចំនួនហើយ ពួកគេបានទៅរកកន្លែងស្ងាត់ផ្លាស់ស្បង់ចីវរចេញ ស្លៀកខោអាវវិញ លុះដល់ពេលយប់ឡើងតែងតែជួបជុំទិញស្រាទៅសម្ងំផឹកស៊ីនៅក្នុងផ្ទះជួល និងដេកនៅជាមួយប្រពន្ធកូនជាធម្មតា ។
ប្រភពដដែលបន្តទៀតថា នៅវេលាយប់កើតហេតុ ជនទាំងនោះនាំគ្នាទិញស្រាផឹកស៊ី ស្រវឹងជោកជាំ ហើយប្រជាពលរដ្ឋស្គាល់មុខថា ជាជនក្លែងខ្លួនជាសង្ឃក៏រាយការណ៍ប្រាប់អាជ្ញាធរឱ្យទៅចាប់ខ្លួនតែម្តង ។ ជនទាំងនោះសារភាពប្រាប់សមត្ថកិច្ចថា ពួកគេធ្វើបែបនោះ ព្រោះតែគ្មានមុខរបរអ្វីផ្សេងដើម្បីយកលុយចាយវាយ។ ដោយឡែកឈ្មោះអ៊ិត ចំរើន និយាយថា គេទើបចេញពីពន្ធនាការនៅប្រទេសថៃ ហើយបានក្លែងខ្លួនជាសង្ឃដើរបិណ្ឌបាត្រនាពេលថ្មីៗនេះ ។
ជនទាំង៣នាក់នោះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងគុកព្រហ្មទណ្ឌប៉ូលិសខណ្ឌ ដង្កោ ហើយពុំទាន់ដឹងថា ប៉ូលិសមានគោលការណ៍បែបណាទេ ។ ប្រជាពលរដ្ឋនិយាយថា ពួកគាត់អត់ដឹងថា សង្ឃអង្គណាក្លែងក្លាយ សង្ឈណាពិតប្រាកដនោះទេ ឱ្យតែឃើញសង្ឃនិមន្តបិណ្ឌបាត្រគឺពួកគាត់យកចង្ហាន់ទៅដាក់បាត្រ និងថ្វាយបង្គំអត់មានការសង្ស័យនោះឡើយ ព្រោះពួកគាត់ជាអ្នកកាន់ព្រះពុទ្ធ សាសនា៕
ចែករំលែកព័តមាននេះ