ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចំណាយ​ថវិកា​ប្រមាណ​២​លាន​ដុល្លារ​បង្កើត​មណ្ឌល​អប់រំ​វិជ្ជាជីវៈ​ឡាន​ឆាង​-​មេគង្គ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោម​កិច្ចសហការ​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​ផ្នែក​ផ្សេង​ៗ​ចិន​បាន​បង្កើត និង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡាន​ឆាង​-​មេគង្គ (Lancang-Mekong Vocational Education Training…

រាជធានី​ភ្នំពេញ ៖ ក្រោម​កិច្ចសហការ​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​ផ្នែក​ផ្សេង​ៗ​ចិន​បាន​បង្កើត និង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡាន​ឆាង​-​មេគង្គ (Lancang-Mekong Vocational Education Training Center) និង​រោង​ជាង​កម្ពុជា​លូន​បាន ។

មជ្ឈមណ្ឌល​អប់រំ​នេះ​ជា​ផ្លែផ្កា​ដ៏​ថ្មីស្រឡាង​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​កម្ពុជា និង​ចិន​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ត្រូវ​បាន​ដាក់​ដំណើរការ​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨​នេះ ។ ពិធី​នេះ​ក៏​មាន​វត្តមាន​ចូលរួម​ពី​លោក Li Hongzhong សមាជិក​ការិយាល័យ​នយោបាយ​គណៈ​មជ្ឈិមបក្ស​គណបក្ស​កុ​ម្មុ​យ​នី​ស​ចិន រួម​នឹង​លោក​អគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​លោក​អគ្គរាជទូត អគ្គរដ្ឋទូត​នៃ​បណ្តា​ប្រទេស​អនុ​តំបន់​ទន្លេមេគង្គ​ ។

លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​មាន​តម្លៃ​នេះ និង​ជឿជាក់​ថា មជ្ឈមណ្ឌល​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡាន​ឆាង​-​មេគង្គ និង​រោង​ជាង​កម្ពុជា​លូន​បាន​នេះ​នឹង​ដើរតួ​នាទី​ជា​សសរស្តម្ភ​មួយ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​មិត្តភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ក្នុង​តំបន់​ទាំងមូល​ស្រប​តាម​ពាក្យស្លោក​សហគមន៍​ដែល​មានជោគ​វាសនា​រួម ។


លោក​បញ្ជាក់​ថា «​បើ​យើង​សាកល្បង​សម្លឹង​មើល​អំពី​សាវតា​នៃ​ការ​អភិវឌ្ឍ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​នេះ គឺ​មាន​កិច្ច​ប្រឹងប្រែង និង​ចូលរួម​ពី​តួអង្គ​ពាក់ព័ន្ធ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​គម្រោង​អាច​ដាក់​ឱ្យ​ដំណើរការ​បានជា​ផ្លូវការ​នា​ពេល​នេះ​រួម​ទាំង​ការ​កសាង និង​បំពាក់​សម្ភារៈ​បរិក្ខារ ក្នុង​អាគារ​មជ្ឈមណ្ឌល​ដ៏​ស្រស់​ត្រកាល​មួយ​នេះ​ផង​ដែរ »​។ លោក​បន្ត​ថា លើ​កម្រិត​នយោបាយ​គម្រោង​នេះ​បាន​ផុស​ឡើង តាម​រយៈ​ការ​ផ្គួប​គ្នា​រវាង​សេចក្តី​ផ្តើមគំនិត វិ​ថី​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជាមួយនឹង​កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​ចីរភាព ។

កាលពី​ឆ្នាំ​២០១៣​កន្លង​មក​ប្រធានាធិបតី​ចិន​ស៊ី​ជិន​ពីង​បាន​លើក​ឡើង​អំពី​គំនិត​ជោគវាសនា​រួម និង​អនាគត​ថ្មី​សម្រាប់​សហគមន៍​អាស៊ី​នៅ​ក្នុង​ទស្សនកិច្ច​ផ្លូវ​រដ្ឋ និង​សន្និសីទ​ថ្នាក់​កំពូល​ជា​ច្រើន ។ នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​មួយ​ថ្នាក់ដឹកនាំ​ប្រទេស​នៃ​កិច្ច​សហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ នៅ​ខែមីនា ឆ្នាំ​២០១៦ នាយក​រដ្ឋមន្ត្រី​ចិន​លោក​លី កេ​ជាង បាន​លើក​ឡើង​អំពី​គំនិត​នៃ​ការ​កសាង​មជ្ឈមណ្ឌល​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ប្រទេស​ឡាន​ឆាង​-​មេគង្គ ។

តាម​រយៈ​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​បាន​បើកផ្លូវ​ឈាន​ទៅ​កិច្ច​សហប្រតិបត្តិការ​រវាង​ទីក្រុង​ធាន​ជី​ង ដែល​មាន​សាកលវិទ្យាល័យ Tianjin Sino-German University of Applied Sciences (TSGUAS) ជា​តំណាង និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​ដែល​មាន​វិទ្យាស្ថាន​ជាតិ​ពហុ​-​បច្ចេកទេស​កម្ពុជា​ជា​តំណាង​បន្ត​សិក្សា​កិច្ចការ​លម្អិត​លើ​គម្រោង​សាងសង់ មជ្ឈមណ្ឌល​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ ។

បើ​យោង​តាម​របាយការណ៍​របស់​លោកនាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា មជ្ឈមណ្ឌល​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡាន​ឆាង​-​មេគង្គ និង​រោង​ជាង​កម្ពុជា​លូន​បាន​នេះ ត្រូវ​បាន​បំពាក់​ដោយ​សម្ភារៈ​បរិក្ខារ​ទំនើប​ៗ​ដែល​មាន​តម្លៃ​ប្រមាណ​២​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​បណ្តុះបណ្តាល​លើ​មុខ​ជំនាញ​ចំនួន​៣(​បី​)​រួម​មាន​១- Mechanical Processing, ២- Electricity and ៣-Telecommunication, ដែល​ជា​អំណោយ​ផ្ទាល់​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

មជ្ឈមណ្ឌល​នេះ​នឹង​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​-​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការ​ផ្ទេរ​នូវ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​គេ​ដល់​យុវជន​កម្ពុជា​ដែល​នឹង​ចូលរួម​បង្កើន​នូវ​ផលិតភាព​ការងារ និង​សមត្ថភាព​រក​ប្រាក់​ចំណូល​របស់​ពួក​គេ​ព្រមទាំង​ចូលរួម​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​ផង​ដែរ ។ តាម​ផែនការ​ដែល​បាន​គ្រោងទុក​បន្ទាប់​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​គ្រោង​នឹង​ជ្រើសរើស​សិស្ស​-​និស្សិត​ពី​បណ្តា​ប្រទេស​អនុ​តំបន់​ទន្លេមេគង្គ​មក​សិក្សា​នៅ​ទី​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ