រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៨ តុលា សង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍បានបើកការប្រកួតអន្តរជាតិរហូតដល់៣គូតែម្ដង ដោយក្នុងចំណោមការប្រកួតទាំង៣គូ កីឡាករ សេង ស្រឿន និងជើងខ្លាំងថៃ Chhouk Chhai គឺជាគូឯកអន្តរជាតិ។ អ៊ីចឹងហើយ ទើបការប្រកួតមួយនេះ ទទួលបានការចាប់អារម្មណ៍ជាងគេ រាប់ទាំងការចង់ដឹងពីលទ្ធផលរបស់គូនេះផង។
សម្រាប់ការប្រកួត២គូអន្តរជាតិនៅក្នុងព្រឹត្តិការណ៍នោះ កីឡាករកម្ពុជា ធី តុងហ៊ី មកពីក្លិបវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ បានផ្ដួលកីឡាករអ៊ីរ៉ង់ Mohsen Kordalivand ឱ្យបោះបង់ការប្រកួតក្នុងទឹកទី៤ ខណៈដែលគូរអន្តរជាតិមួយគូទៀត គឺកីឡាករកម្ពុជា អេ រដ្ឋា កូនសិស្សរបស់គ្រូបង្វឹក អេ ភូថង បានវាយផ្ដួលកីឡាករថៃ Pek Am ឱ្យសន្លប់ក្នុងទឹកទី២។
ដោយឡែកសម្រាប់គូឯករវាង កីឡាករ សេង ស្រឿន និងជើងខ្លាំងថៃវិញ មានលទ្ធផលមិនដូចគ្នានោះទេ ដោយសារតែគូនេះ ភាគីខាងកីឡាករកម្ពុជា គឺជាអ្នកបរាជ័យយ៉ាងអាម៉ាស់ទៅវិញ ដោយបានបោះបង់ការប្រកួតក្នុងទឹកទី១ ទាំងការប្រកួតមិនទាន់ឡើងកំដៅ។ មួយគូរនេះ កីឡាករកម្ពុជាធ្វើឱ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង ដោយសារតែគ្រាន់តែបើកឆាកភ្លាម គឺបណ្ដោយឱ្យកីឡាករថៃវាត្រូវធុងទឹក និងឆ្អឹងជំនី ហើយបោះបង់ការប្រកួរតែម្ដង។
មួយគូនេះ នឹងតម្រូវឱ្យសងសឹកគ្នាឆាប់ៗ ដោយសារតែអ្នកឈ្នះក៏ត្រូវគេអះអាងថា ឈ្នះដោយសំណាង ធ្វើឱ្យគេមិនសុខចិត្តនឹងការលើកឡើងនេះ ហើយអ្នកចាញ់ក៏អំនួតខ្លួនឯងថា បើប៉ះគ្នាលើកក្រោយ នឹងសងសឹកឱ្យបាន ដោយមិនអោយប៉ះជួបលទ្ធផលបែបនេះ។
ចែករំលែកព័តមាននេះ