ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោរព​វិញ្ញាណក្ខន្ធ​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជា ម៉​ន

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ តំណាង​គ្រប់​ស្ថាប័ន​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ជា ម៉​ន…

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ តំណាង​គ្រប់​ស្ថាប័ន​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ជា ម៉​ន មេញ្ជា​ការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ ដែល​បាន​ទទួលមរណៈភាព​នៅ​វេលា​ម៉ោង​២១​និង​១០​នាទី នា​រាត្រី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​៦៦​ឆ្នាំ ដោយ​រោគាពាធ ហើយ​ត្រូវ​បាន​តម្កល់​ធ្វើបុណ្យ​សព​នៅ​គេហដ្ឋាន​នៃ​សព ស្ថិត​នៅ​ភូមិ ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​ខេត្តសៀមរាប ។

ដោយ​មាន​វត្តមាន​របស់​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​នា​ឱកាស​នោះ​រួម​មាន​គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម ប៊ុ​ន យឿ​ន សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​អនុប្រធាន​គណៈ​ចាត់តាំង​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា , គណៈប្រតិភូ​រដ្ឋសភា​ជាតិ​ដឹកនាំ​ដោយ​ឯកឧត្តម​ឧកញ៉ា​បណ្ឌិត​សៀង ណាំង សមាជិក​រដ្ឋសភា​មណ្ឌល​សៀមរាប , ប្រតិភូ​ក្រសួង​បរមរាជវាំង​ដឹកនាំ​ដោយ ឯកឧត្តម អ៊ឹ​ន រ​ដ្ឋា​សេរី , ប្រតិភូ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​ឯកឧត្តម​សន្តិ​បណ្ឌិត អ៊ុ​ក គឹ​ម​លេខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ,​ប្រតិភូ​កាកបាទក្រហមកម្ពុជា​ដឹកនាំ​ដោយ​លោក​ជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទក្រហម កម្ពុជា ,​ប្រតិភូ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ណៅ ធួ​ក រដ្ឋលេខាធិការ តំណាង​ប្រតិភូ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដឹកនាំ​ដោយ​លោក គឹ​ម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប ព្រមទាំង​តំណាង​ក្រសួង​ស្ថាប័ន និង​តំណាង​ស្ថានីយ៍ទូរទស្សន៍​កង​យោធពលខេមរភូមិន្ទ និង​ក្រុមហ៊ុន​សណ្ឋាគារ​សូ​ហ្វី​តែ​ល​សៀមរាប និង​ភ្នំពេញ​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជា ម៉​ន បាន​ឆ្លងកាត់​តាម​ដំណាក់កាល​ក្នុង​ការ​បំពេញភារកិច្ច​ការពារ​ជាតិ​មាតុភូមិ​កម្ពុជា ហើយ​ឯក​ឧត្តមសេនីយ៍ឯក ដែល​ជា​ថ្នាក់ដឹកនាំ​មួយ​ដ៏​ឆ្នើម​ក្នុង​ការ​បញ្ជា​ដឹកនាំ​បំពេញ​កាតព្វកិច្ច​ការពារ​ជាតិ​មាតុភូមិ ក្នុង​រយៈពេល​៣៩​ឆ្នាំ កន្លង​មកនេះ ។ ក្នុង​មួយ​ជីវិត​របស់​ឯកឧត្តម​ដោយ​មាន​មនសិកា​ស្នេហា​ជាតិ​មាតុភូមិ និង​ប្រជាជន​បាន​ធ្វើកា​បូជា​នូវ​កម្លាំងកាយ គំនិត​បញ្ញា ស្មារតី ក្នុង​ការ​ចូលរួម​ចលនា​រំដោះជាតិ​មាតុភូមិ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត នា​ថ្ងៃជ័យ​ជម្នះ​៧​មក​រា​១៩៧៩ និង​កសាង​ការពារ​មាតុភូមិ​ឲ្យ​កិច្ច​អភិវឌ្ឍន៍​ទៀត​ផង ។

ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ជា ម៉​ន តំណាង​មក​គ្រប់​ស្ថាប័ន​ជាតិ​ក៏​បាន​ធ្វើការ​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​នៃ​ការ​បាត់បង់​មន្ត្រី​ថ្នាក់ដឹកនាំ​មួយ​រូប​ដ៏​ឆ្នើម​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​ដែល​ពោ​ពេញ​ទៅ​ដោយ​បទ​ពិសោធន៍ បច្ចេកទេស ក្នុង​ការ​ដឹកនាំ និង បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ​កន្លង​មក​ព្រមទាំង​បាន​ចូលរួម​ក្នុង​កិច្ចការ​កសាង និង​អភិវឌ្ឍន៍​នូវ​សម​ទ្ធិ​ផល​នានា នៅ​តាម​មូលដ្ឋាន​នៃ​យោធភូមិ​ភាគ​ទី​៤ ។

ម្យ៉ាងទៀត​ការ​បាត់បង់​ស្វាមី លោកឪពុក ជីតា ជាទី​ស្រឡាញ់​របស់​បងស្រី និង​កូន​ៗ​ចៅ​ៗ ក៏​ដូច​គ្រប់​ស្ថាប័ន​ជាតិ​មេបញ្ជាការ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ​ដែល​បាត់បង់​នូវ​កម្មាភិបាល​ឆ្នើម​មួយ​រូប​ក៏​ដូច​ជា ការ​បាត់បង់​នូវ​វត្ថុ​អ្វីមួយ​ដែល​រក​តម្លៃ​អ្វី​មក​ប្រៀបធៀប​ផ្ទឹម​ពុំ​បាន​នៅ​ក្នុង​ក្រុម​គ្រួសារ និង សង្គម​ជាតិ ។

ក្នុង​នោះ​ដែរ​គណៈប្រតិភូ​គ្រប់​ស្ថាប័ន​ក្រសួង​ក៏​បាន​ធ្វើការ​បូជា​ទៀន​ធូប ដើម្បី​ឧទ្ទិស​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​ឯក​ឧត្តមសេនីយ៍ឯក​ជា ម៉​ន សូម​ឲ្យ​ឯកឧត្តម​បាន​ទៅ​កាន់​សុខ​តិ​ភព​ថ្មី ព្រមទាំង​បែរ​ងាក​ក្រោយ​ឲ្យ​ពរ​ជ័យ​ដល់​ក្រុម​គ្រួសារ​បងប្អូន​កូនចៅ និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ឲ្យ​ទទួល​នូវ​សេចក្តីសុខ និង​ឲ្យ​ស្គាល់​នូវ​តែ​សុខ​សន្តិភាព សុភមង្គល និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​ផង​ដែរ ។ ក្នុង​ឱកាស​ជួប​សំណេះសំណាល​សម្តែង​ការ​រំលែក​ទុក្ខ​នៃ​ក្រុម​គ្រួសារ​សព​គ្រប់​តំណាង​ស្ថាប័ន​ទាំងអស់​ក៏​បាន​ធ្វើការ​ប្រគល់​នូវ​លិខិត​រំលែក​ទុក្ខ​របស់​ស្ថាប័ន​នីមួយ​ៗ រួម​ទាំង​បច្ច័យ ដើម្បី​ចូលរួម​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជា ម៉​ន យក​ទៅ​ប្រើប្រាស់​ក្នុង​ពិធី​ធ្វើ​បុណ្យសព​ទៅ​តាម​គន្លង​ប្រពៃណី​ព្រះ​សាសនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ