ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជាប់ចោទស្រែកថា​«នេះ​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់»…ក្រោយប្តីកូរ៉េប្តឹង

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សើ​ុ​ប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥  តុលា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់ ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ ។…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សើ​ុ​ប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥  តុលា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់ ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ ។

ស្ត្រី​ជាប់​សង្ស័យ​ ឈ្មោះ ជួង បុប្ផា អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៣៩F ផ្លូវ​លេខ៩០៨ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ស្ត្រី​រូប​នេះ បាន​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រសួងមហាផ្ទៃចាប់ ខ្លួន តាម​ដីកា​បញ្ជា​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​សំណុំរឿងលេខ​៧២២១ ចុះ​ថ្ងៃ​ទី​១៤  វិច្ឆិកា ឆ្នាំ ២០១៧ ដែល​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង បាន​សម្រេច​ចោទប្រកាន់​ស្ត្រី​ឈ្មោះ ជួង បុប្ផា តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ សុ​ី​ន ជុង​បឹ​ក ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​កូរ៉េ និង​ជា​ប្តី​ជនជាប់ចោទ ។

ខណៈ​ចៅក្រម​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ ស្ត្រី​ជាប់ចោទ​និយាយ​ថា នេះ​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់ ដែល​ប្ដី​ជនជាតិ​កូរ៉េ​ បាន​វាយ​ធ្វើបាប​នាង​ជា​ច្រើន​លើក​ច្រើន​សា រហូត​បាក់ដៃ បែកក្បាល បង្ខំ​ឲ្យ​នាង​ដេក​រួម​ភេទ​ជាមួយ​មិត្តភក្តិ​ប្ដី តែ​ដោយ​ការ​ស្រឡាញ់​ប្ដី​នាង​មិន​បាន​ប្តឹង​ទេ បែរជា​ប្តី​ប្តឹង​រហូត​ចាប់​នាង​ដាក់គុក​ទៅ​វិញ ។ ស្ត្រី​ជាប់ចោទ​និយាយ​ទៀត​ថា ចំណែក​ព្រះរាជអាជ្ញា​កាន់​សំណុំរឿង​នេះ ក៏​មិន​បាន​ហៅ​នាងទៅ​សាកសួរ​ដែរ​សូ​ម្បី​មួយ​ម៉ាត់ ស្រាប់តែ​ចោទប្រកាន់​នាង​បញ្ជូន​ទៅ​ចៅក្រម ឲ្យ​ចេញ​ដីកាចាប់ខ្លួន​នាង​ដាក់​ពន្ធនាគារ ។

ស្ត្រី​រូប​នេះ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​រហាមថា នាង​និង​ប្ដី​កូរ៉េ​រូប​នោះ​បាន​រៀប​ការ​និង​ចុះ​សំបុត្រ​អាពាហ៍ ពិពាហ៍​ត្រឹមត្រូវ​តាម​ច្បាប់ កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០០៧ និង​ចេញ​ទៅ​ធ្វើការ​សន្សំ​ប្រាក់​នៅ​ប្រទេស​កូរ៉េ​បាន​មួយ​ចំនួន​។ បន្ទាប់​មក នាង​ក៏​ត្រឡប់​មក​រស់នៅ​កម្ពុជា​វិញនិង​បាន​ទិញ​ផ្ទះ​២​ល្វែង​ជា​ទ្រព្យ​រួម និង​មានកូនស្រី​ម្នាក់​បច្ចុប្បន្ន​អាយុ​៥​ឆ្នាំ ឈ្មោះ សុ​ី​ន សុ​ី​អា​ឡេ​អុ​ី ។

ពេល​មក​រស់នៅ​រាជធានី​ភ្នំពេញ​វិញ គ្រួសារ​នាង​មិនសូវ​មាន​សេចក្ដីសុខ​ទេ ដោយ​ប្ដី​ជនជាតិ​កូរ៉េ​មាន​មិត្តភក្តិ​ដើរ​លេង​រាល់​យប់ ផឹក​សុ​ី​ស្រវឹង​លុះ​មក​ដល់​ផ្ទះ​រករឿង​វាយតប់​នាង​ជា​ប្រ​ពន​ស្ទើរ​រាល់ថ្ងៃ ។ ពេល​ខ្លះ​វាយ​នាង​បែកក្បាល ពេល​ខ្លះ​វាយ​បាក់ដៃ និង​ពេល​ខ្លះ​ទៀត​បង្ខំ​នាង​ឲ្យ​ដេក​ជាមួយ​ប្រុស​ដែល​ជា​មិត្តភក្តិ​គេ ហើយដោយ​សារ​នាង​មិន​ធ្វើ​តាម​ក៏​ត្រូវ​ប្ដី​ប្រើ​ហិង្សា ។

ដោយសារ​មាន​អំពើ​ហឹ​ង្សា​ញឹកញាប់​ពេក នាង​ទ្រាំ​មិន​បាន​ក៏​សម្រេចចិត្ត​ថា​នឹង​ប្ដឹង​លែងលះ​ប្តី​កូរ៉េ​រូប​នោះ ។ បន្ទាប់​ពី​ដឹង​ថា​នាង​ចង់​ប្ដឹង​លែងលះ ប្ដី​នាង​បាន​លួច​យក​កូនស្រី​ទៅ​ប្រទេស​កូរ៉េ​បាត់​រហូត​ដល់​សព្វថ្ងៃ ។លុះ​​មក​ដល់​ឆ្នាំ​២០១៧ បងប្អូន​បាន​សម្របសម្រួល​ឲ្យ​គ្រួសារ​នាង​ជួបជុំ​គ្នា​វិញ ទើប​ថ្ងៃ​នោះ​ក៏​កើត​មាន​ជម្លោះ​មួយ​ថ្មី​ទៀត ដោយ​បាន​ប្រវាយប្រតប់​គ្នា នៅ​ក្នុង​អាហារ​ដ្ឋា​ន​មួយ ទល់មុខ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ក្នុង​ជម្លោះ​​វាយតប់​គ្នា​នោះ ប្ដី​នាង​រអិល ដួលបោក​នឹង​ជើង​តុ​មាន​របួស​តិចតួច ដែល​ចំណុច​នោះ​ហើយ​ធ្វើ​
ឱ្យ​ប្តី​កូរ៉េ​ចាប់ទោស​អូស​ដំណើរ​យក​រឿង​នេះ​មក​ប្តឹង​នាង ។

ស្ត្រី​ជាប់ចោទ​រៀបរាប់​ទៀត​ថា រឿង​ប្តឹង​ជាសិទ្ធិ​បុគ្គល​ទេ តែ​អ្វី​ដែល​អយុត្តិធម៌​សម្រាប់​នាង គឺ​នាង​មិន បានដឹង​និង​មិន​បាន​ទទួល​ដីកា​កោះហៅ​ទៅ​សួរ​ម្ដងណា​សោះ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៤ ខែតុលា សមត្ថកិច្ច​បាន​ទៅ​ចាប់ខ្លួន​នាង ដោយយោង​តាម​ពាក្យបណ្ដឹង​របស់​ប្ដី​កូរ៉េ​នោះ​ទៅ​វិញ ហើយ​ចៅក្រម​ក៏​សម្រេច​ឃុំខ្លួន​នាង​ដាក់​ពន្ធនាគារ​តែ​ម្តង ។

ទោះបីជា​បែប​ណា នេះ​គ្រាន់តែ​ជាស​ម្តី​របស់​ជនជាប់សង្ស័យ​ប៉ុណ្ណោះ ហើយ​អ្នក​ច្បាប់​ក៏​បាន​លើក​ឡើង​ថា ព្រះរាជអាជ្ញា​មិន​ដែល​ចេះ​តែ​ចោទប្រកាន់​អ្នក​គ្មាន​កំហុស​នោះ​ទេ ឯ​ចៅក្រម​សើ​ុ​ប​សួរ​ក៏​រឹតតែ​មិន​អាច​ឃុំខ្លួន​ជន​ណា​ម្នាក់​ដោយ​មិន​បាន​ពិនិត្យ​អង្គហេតុ និង​អង្គច្បាប់​ដែរ ។

អត្ថបទសរសេរ ដោយ