ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​ម បូ​រ៉ា និង​សុខ សា​វិ​ន រំពឹង​ឈ្នះ​ថៃ​លើ​សង្វៀន​ស្អែក​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ តុលា ស្អែក​នេះ សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​បើក​ឱ្យ​កីឡាករ​កម្ពុជា និង​ថៃ​ប៉ះ​គ្នា​ជា​លក្ខណៈ​មិត្តភាព​ទៀត ​ហើយដោយ​សមាសភាព​របស់​កីឡាករ​ម្ខាង​ៗ​គឺ​សុទ្ធតែ​ជា​ជើង​ខ្លាំង និង​ល្អ​ៗ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ តុលា ស្អែក​នេះ សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​បើក​ឱ្យ​កីឡាករ​កម្ពុជា និង​ថៃ​ប៉ះ​គ្នា​ជា​លក្ខណៈ​មិត្តភាព​ទៀត ​ហើយដោយ​សមាសភាព​របស់​កីឡាករ​ម្ខាង​ៗ​គឺ​សុទ្ធតែ​ជា​ជើង​ខ្លាំង និង​ល្អ​ៗ អម​ដោយ​ជំនឿ​ចិត្ត​ខ្ពស់​ផង​ក្នុង​ការ​យកឈ្នះ​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង​២​រសៀល​នេះ មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​ប៉ុស្តិ៍​អាស៊ី​អាគ្នេយ៍​មាន​អ្នក​ទស្សនា​ច្រើន​កក​កុញ​ស្រាប់​ព្រោះតែ​ស្ថានភាព​ទីតាំង​ស្របគ្នា​ការ​ប្រកួត​ត្រូវ​ចំ​រសៀល​សៅរ៍​រមែង​មាន​អ្នក​ទស្សនា​កកកុញ​ជា​ប្រចាំ ។

កីឡាករ​កម្ពុជា​២​រូប​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​ក្នុង​ស្រុក គឺ​ឃី​ម បូ​រ៉ា ដែល​ល្បី​ខាង​ប្រើ​កណ្ដាប់ដៃ​អម​ដោយ​បច្ចេ​ក​ទេស​ខ្ពស់​ក្នុង​ការ​ផ្ដួល​គូប្រកួត និង​កីឡាករ​ជំនាញ​ប្រើ​កែង សុខ សា​វិ​ន​នឹង​ក្លាយ​ជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជា​មួយ​កីឡាករ​បរទេស​២​រូប​នៅ​លើ​សង្វៀន​អន្តរជាតិ​នា​រសៀល​នោះ ដោយ​ពួក​គេ​ម្នាក់​ៗ​នឹង​ឡើង​ប្រកួត​ប៉ះ​គ្នា​ជា​លក្ខណៈ​មិត្តភាព ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡា​ករ​ទាំង​៤​រូប​គ្រាន់តែ​ដឹង​ថា​ត្រូវ​ប៉ះ​គ្នា គឺ​ទាំង​កីឡាករ​កម្ពុជា និង​បរទេស​សុទ្ធតែ​បាន​ត្រៀម​ខ្លួន​រួចរាល់ ជា​ពិសេស​កីឡាករ​កម្ពុជា​តែ​ម្ដង​ទើប​ឈាន​ដល់​ការ​ផ្គូផ្គង​ឱ្យ​ឡើង​ប្រកួត​​ជាមួយ​កីឡាករ​បរទេស​ដើម្បី​សាកល្បង​សមត្ថភាព​គ្នា​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​២​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រដាល់​នោះ កីឡាករ ឃី​ម បូ​រ៉ា គឺជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់​នោះ​ផង ដោយសារ​តែ​គេ​ទើប​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ថៃ​មួយ​ចំនួន​រួច​មក​ហើយ​ទើប​ដាក់​ឱ្យ​ប្រកួត ។ បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​សម្រាប់​ការ​ប្រកួត​លើក​នេះ តែ​ម្នាក់​ៗ​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ភាគច្រើន ។

គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phat Thanna ក្នុង​នាម​ជា​គូ​រង​ឯក​សម្រាប់​ប្រដាល់​​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ដោយ​ជំនួប​រវាង​ពួក​គេ​ក៏​ជា​រឿង​សំខាន់​ផង​ដែរ ខណៈ​ដែល​អ្នក​ណា​ឈ្នះ គឺ​ក្រៅពី​បាន​មុខមាត់ និង​ទឹកប្រាក់​តម្លៃ​ខ្លួន​ក្នុង​នាម​ជា​អ្នក​ឈ្នះ ក៏​បាន​ទទួល​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ជាង​មុន​ច្រើន​ដង ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​ការ​ប្រកួត គឺ​មិន​ខុស​ពី​ត្រូវ​បាក់មុខ និង​មានការ​រិះគន់​ពី​អ្នកគាំទ្រ​នោះ​ទេ ។

កីឡាករ ឃី​ម បូ​រ៉ា លោក​នៅ​តែ​យល់​ឃើញ​ថា នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ប្រដាល់​អន្តរ​ជាតិ​​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​មិន​ខាន បើ​ទោះ​ការ​ប្រដាល់​លើ​សង្វៀន​អន្តរជាតិ​នា​ពេល​ចុង​ក្រោយ កីឡាករ​រូប​នេះ​ត្រូវ​គេ​កត់​សម្គាល់ថា ជួន​ក៏​មាន​លទ្ធផល​ល្អ ជួន​ក៏​មិន​ល្អ​ភាគច្រើន ។ លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ​នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ហើយនឹង​មិន​ប្រកាន់​​លាក់​ដៃ ធ្វើ​ឱ្យ​មានកា​រិះគន់​ណាមួយ​កើតឡើង​នោះ​ទេ ទើប​លោក​យល់​ថា ជំនួប​រវាង​ឃី​​ម បូ​រ៉ា ជាមួយ​កីឡាករ​ថៃ​ជា​ដៃគូ​នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។

លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ​មាន​សមត្ថភាព​ខ្ពស់​ទើប​លោក​យល់​ថា គេ​អាច​យក​ឈ្នះ​​ការ​ប្រកួត​នា​ថ្ងៃ​នោះ​បាន ថ្វី​ដ្បិត​មានការ​ប៉ាន់​ស្មានថា លទ្ធផល​ដែល​លោក​ដណ្ដើម​​បាន​អាច​នឹង​តឹង​ខ្លាំង​ក្ដី ។ កីឡាករ​កម្ពុជា លោក​ថា ធ្លាប់​ប្រកួត​១១១​លើក ឈ្នះ​៨០​លើក ចាញ់​២៩​លើក និង​ស្មើ​២​លើក ក្នុង​ពេល​កីឡាករ​ថៃ ធ្លាប់​ប្រកួត​៦០​លើក ឈ្នះ​៥២​លើក​និង​ចាញ់​៨​លើក​។

សម្រាប់​កីឡាករ​ជើង​ខ្លាំង សុខ សា​វិ​ន គេ​ក៏​ត្រូវ​គណៈកម្មការ​ផ្គូផ្គង​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​Phet Nginthong ក្នុង​នាម​ជា​គូ​ឯក​ផង​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ក៏​រាង​ធ្លាក់ដៃ​ជាង​មុន ។ លោក​ថា កីឡាករ​ថៃ​ជា​ដៃគូ​គេ​គឺជា​ជើង​ខ្លាំង​ម្នាក់​តែ​គេ​មិន​ទាន់​ប្រាកដ​ដូច​គ្នា​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ដែរ ដោយសារ​តែ​បទ​ពិសោធន៍​នៅ​ស្ទើរ​មិន​ទាន់​ខ្លាំង ។ កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​ផ្លូវ​ការ​បាន​៩៤​លើក ឈ្នះ​៦៩​លើក ចាញ់​២០​លើក និង​ស្មើ​៥​លើក ខណៈ​ដែល​កីឡាករ​ថៃ ធ្លាប់​ប្រកួត​បាន​៨២​លើក ឈ្នះ​៦៥​លើក និង​ចាញ់​៨​លើក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ